បក្សប្រឆាំង ២ទៀត គាំទ្រសម្តេចតេជោ សម្រេចឲ្យមេបក្ស មានសញ្ជាតិច្រើន

ភ្នំពេញ៖ គណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ និងគណបក្សហ៊្វុនស៊ិនប៉ិច បានធ្វើការគាំទ្រចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែលអនុញ្ញាតឲ្យប្រធានគណបក្សយោបាយ មានសញ្ជាតិច្រើន។

ការសាទរនេះ បានធ្វើឡើងក្រោយពីសម្តេច បានកំណត់ឲ្យប្រធានគណបក្ស នយោបាយ និងប្រធានស្ថាប័នកំពូលៗត្រូវ តែមានសញ្ជាតិតែមួយ ដោយក្នុងនោះក៏គ្រោងបង្កើតច្បាប់កំណត់សញ្ជាតិផងដែរ កាលពីពេលថ្មីៗនេះ។

លោក ញឹក ប៊ុនជិន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បានមានប្រសាសន៍ប្រាប់មជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦ថា ការប្រកាសរបស់សម្តេចនេះ បានធ្វើឲ្យចំណេញ នយោបាយរបស់ប្រទេសជាតិ និងនយោបាយគណបក្ស។ គណបក្សរបស់លោកសូមគាំទ្រ និងអបអរសាទរចំពោះប្រសាសន៍របស់សម្តេច។

លោកបញ្ជាក់ថា “ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច សម្តេចក្រុមព្រះមានបន្ទូលហើយថា អ្វីដែលយើងគោរពនីតិរដ្ឋ។ បើសភាអនុម័តមានសញ្ជាតិមួយ យើងទទួល ហើយឥឡូវសភាអនុញ្ញាឲ្យ មានសញ្ជាតិប៉ុន្មាន អាហ្នឹងយើងអបអរសាទរ”។

ចំណែក លោក ម៉ម សូណង់ដូ បានថ្លែងថា លោកក៏គាំទ្រឲ្យប្រធាន គណបក្សមានសញ្ជាតិតែមួយ ហើយសម្តេចប្រកាសនៅព្រឹកថ្ងៃទី៧ មករា ឲ្យមានសញ្ជាតិច្រើន ក៏លោកគាំទ្រ ព្រោះអ្វីៗទាំងអស់គឺធ្វើឡើងដើម្បី ប្រទេសជាតិឲ្យមានភាពរុងរឿង ។

លោកបន្តថា “បើសភាអនុម័តឲ្យមានច្បាប់តែមួយ ខ្ញុំក៏យល់ព្រមលាលែងសញ្ជាតិមួយទៀតដែរ ខ្ញុំមិនទៅខ្វល់នោះទេ ព្រោះពូគិតរឿងជាតិជាធំ ខ្ញុំមិនគិតរឿងបុណ្យស័ក្តិ ហើយសម្តេចក៏បានដកឃ្លាទាន់ពេលវេលាផងដែរ។ បើសម្តេចជំរុញឲ្យមានសញ្ជាតិតែមួយវានាំឲ្យមានគ្រោះថ្នាក់ដល់គណបក្សប្រជាជនកម្ពុជាទៅវិញនោះទេ មិនមែនដល់បក្សផ្សេងៗនោះទេ៕

បក្សប្រឆាំង ២ទៀត គាំទ្រសម្តេចតេជោ សម្រេចឲ្យមេបក្ស មានសញ្ជាតិច្រើន