ពលរដ្ឋ ស្រុកមង្គលបូរី បន្ទាយមានជ័យ អាចប្រឈមខ្វះទឹក ប្រើប្រាស់ ក្នុងជីវភាព ប្រចាំថ្ងៃ

ភ្នំពេញ៖ មន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦ថា នៅតាមតំបន់មួយចំនួន ក្នុងខេត្តបន្ទាយមានជ័យ ពិសេសស្រុកមង្គលបុរី អាចប្រឈមនឹងការខ្វះខាតទឹក សម្រាប់បង្កបង្កើនផលស្រូវ ដំណាំ និងការប្រើប្រាស់ក្នុងជីវិភាពប្រចាំថ្ងៃផងដែរ។

លោក ចាន់ យុត្ថា នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃ ៧ មករា ឆ្នាំ២០១៦នេះថា ឆ្នាំ២០១៦ ខេត្តមួយចំនួន ដែលគ្មានហេដ្ឋារចនាសម្ព័ន្ធ ផ្លូវទឹកគ្រប់គ្រាន់ អាចប្រឈមការខ្វះខាតទឹកសម្រាប់បង្កបង្កើនផល និងទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។ ពិសេសខេត្តបន្ទាយមានជ័យ ដូចជានៅស្រុកមង្គលបុរីជាដើម។

លោកថា បច្ចុប្បន្ន ស្រុកមង្គលបូរី ប្រសិនបើមិនមានការបូមទឹកទម្លាក់ចេញពីខេត្តបាត់ដំបងទៅជួយផ្គត់ផ្គងទេនោះ ប្រជាពលរដ្ឋ នឹងជួបការលំបាក ខណៈបច្ចុប្បន្នស្ទឹងមង្គលបូរី និងស្ទឹងសេរីសោភណ្ឌ ស្ទើរតែរីងស្ងួត ដោយសារតម្រូវការប្រើប្រាស់ទឹកនៅទីនោះច្រើន។

លោក ចាន់ យុត្ថា បញ្ជាក់ថា "បើទោះបីជាយ៉ាងនេះក្តី ក្រៅពីស្ទឹងទាំងពីរនេះ យើងក៏នៅមានប្រភពទឹកពីតំបន់ផ្សេងទៀតផងដែរ ទោះជាវានៅឆ្ងាយពីទីតាំងផលិតទឹកស្អាតក៏ដោយ តែយើងអាចទាញយកមកប្រើប្រាស់បានសម្រាប់ផ្តត់ផ្គងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ"។

សូមរំលឹកថា ស្រុកមង្គលបូរី កាលពីអំឡុងខែមិថុនា ឆ្នាំ២០១៥ ដងស្ទឹងនេះ ផ្នែកខាងក្រោម ក្នុងភូមិសាស្ត្រឃុំឫស្សីក្រោក ឃុំគយម៉ែង និងឃុំសំបួរ ធ្លាប់បានជួបប្រទះការខ្វះខាតទឹកប្រើប្រាស់ និងបរិភោគម្តងរួចទៅហើយ ប៉ុន្តែពេលនោះ ទាំងអាជ្ញាធរ និងមន្រ្តីខេត្ត ពិសេសក្រសួងធនធានទឹក បានចុះជួយដោះស្រាយជូនប្រជាពលរដ្ឋបានទាន់ពេលវេលាផងដែរ។

តាមការប្រកាសរបស់ក្រសួងធនធានទឹក ចាប់ពី ខែកុម្ភៈដល់ខែមិថុនា ឆ្នាំ២០១៦ កម្ពុជាប្រឈមនឹងកង្វះខាតទឹកសម្រាប់ប្រើប្រាស់ ប្រចាំថ្ងៃនៅតាមតំបន់មួយចំនួន ដោយសារទទួលរងបាតុភូត Ei Nino (ក្តៅ) ហើយរហូតដល់ ពាក់កណ្តាល ខែកក្កដា ទើបបាតុភូតថ្មី La Nina (ត្រជាក់) មានឥទ្ធិលមកលើប្រទេសកម្ពុជាវិញ ហើយភ្លៀងក៏នឹងចាប់ផ្តើមធ្លាក់នាពេលនោះផងដែរ៕

ពលរដ្ឋ ស្រុកមង្គលបូរី បន្ទាយមានជ័យ អាចប្រឈមខ្វះទឹក ប្រើប្រាស់ ក្នុងជីវភាព ប្រចាំថ្ងៃ