ក្រសួង ធនធានទឹក ព្រួយបារម្ភ ពីតំបន់គ្មាន ប្រព័ន្ធធារាសាស្រ្ត គ្រប់គ្រាន់

ភ្នំពេញ៖ មន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានសម្តែងការព្រួយបារម្ភ ក្នុងការផ្គត់ផ្គង់ទឹក សម្រាប់តំបន់ដាច់ស្រយាលមួយចំនួន ដែលពុំមានហេដ្ឋារចនាសម្ព័ន្ធ ធារាសាស្រ្តធំៗ ដូចជា ទន្លេ អូរ បឹង ជាដើម ខណៈឆ្នាំ២០១៦ កម្ពុជា នឹងទទួលរងនូវបាតុភូត Ei Nino ដែលក្តៅខ្លាំង រហូតចុងខែមិថុនា ធ្វើឲ្យកម្ពុជាខ្វះខាតទឹកប្រើប្រាស់។

បើតាមការបញ្ជាក់ពីលោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក បានឲ្យដឹង នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦ ថា  ឆ្លើយតបទៅនឹងក្តីបារម្ភនេះ ក្រសួងបាន ដាក់ចេញនូវគោលការណ៍ជាច្រើន ក្នុងការថែរក្សាស្តុកទឹកទុក សម្រាប់ចែកចាយផ្គត់ផ្គង់ ដល់ប្រជាពលរដ្ឋ។ ដោយបច្ចុប្បន្ននេះ ក្រសួងបានប្រមូលទឹកស្តុកទុក តាមបណ្តាអាងធំៗបានគ្រប់គ្រាន់ សម្រាប់ការផលិតស្រូវ ក្នុងរដូវប្រាំងលើកទី១ និងត្រៀមសម្រាប់ផ្គត់ផ្គង់ នៅពេលមានការកង្វះខាតទឹកប្រើប្រាស់ពេលខាងមុខ។ ជាមួយគ្នានេះ នៅតំបន់ដែលគ្មានប្រភពទឹកគ្រប់គ្រាន់  ក្រសួងក៏បានចាត់វិធានការតឹងរឹងបំផុត ក្នុងការឲ្យប្រជាពលរដ្ឋប្រើប្រាស់ទឹក ឲ្យចំគោលដៅ និងសន្សំសំចៃបំផុត ពោលគឺ យកទឹកសម្រាប់តែការប្រើប្រាស់តែ ក្នុងជីវភាពប្រចាំថ្ងៃតែប៉ុណ្ណោះ ។ ក្នុងករណីចាំបាច់ ក្រសួងនឹងសិក្សារកប្រភពទឹកក្រោមដី ហើយនិងឈានដល់ការជីកអណ្តូងទឹកឲ្យប្រជាពលរដ្ឋប្រើប្រាស់។

លោក ចាន់ យុត្ថា បានបន្ថែមថា “កន្លែងដែលមានប្រព័ន្ធធារាសាស្រ្តតូចៗ ដែលជាគោលដៅ នៃការព្រួយបារម្ភរបស់យើងនេះ ទី១យើងនឹងចាត់វិធានការតឹងរឹងបំផុត ក្នុងការប្រើប្រាស់ទឹក។ យើងប្រើឲ្យបានគត់មុត និងប្រើប្រាស់ឲ្យចំគោលដៅ គឺទឹកទុកតែប្រើប្រាស់ ក្នុងជីវភាពប្រចាំថ្ងៃ។ យើងទប់ស្កាត់ ការបូមបាចពង្រីងនូវប្រភពទឹក ដែលមានហើយ ដើម្បីចាប់ត្រីជាដើម ដែលជាការប្រើខុសគោលដៅ ទី២គឺយើងសិក្សាស្រាវជ្រាវករណីខ្វះខាតខ្លាំង ចឹងយើងអាចធ្វើការជីកអណ្តូងបាន សំរាប់យកទឹកប្រើប្រាស់ប្រចាំថ្ងៃ គឺក្រសួងមានលទ្ធភាពគ្រប់គ្រាន់ ដោះស្រាយបានភ្លាមៗចំពោះបញ្ហានេះ”៕