ក្រសួងយុត្តិធម៌ នឹងមិន​មានការ​បន្ធូរបន្ថយ លើកលែងទោស លើ​អ្នកទោស​ជាប់​ពាក់ព័ន្ធ​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ​

ភ្នំពេញ: លោក អង្គ​វង្ស វ​ឌ្ឍា​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បានសម្រេច​ថា នឹងមិន​មានការ​បន្ធូរបន្ថយ​ទោស និង​លើកលែងទោស​ចំពោះ​អ្នកទោស​ណា​ដែល​ជាប់​ពាក់ព័ន្ធ​បទឧក្រិដ្ឋ​ធំៗ ពិសេស​ក្រុម​អ្នកទោស​ជាប់​ពាក់ព័ន្ធ​ករណី​ចោរប្លន់ សម្លាប់ ប្រដាប់អាវុធ និង​បទល្មើស​ទារុណកម្ម​សម្លាប់​នានា ។​

​នៅក្រោយ​កិច្ចប្រជុំ ពង្រឹង​គោលការណ៍​ក្នុងការ​ស្នើសុំ​បន្ធូ​បន្ថយទោស និង​លើកលែងទោស ដែលមាន​ព្រះរាជអាជ្ញា អយ្យការ ប្រធាន​តុលាការ​សាលាដំបូង មន្ត្រីនគរបាល និង​ប្រធាន​ពន្ធនាគារ​នៅ​ទូទាំងប្រទេស​អញ្ជើញ​ចួ​ល​រួម​កាលពី​ព្រឹក​ថ្ងៃទី​៦ ខែមករា​ឆ្នាំ​២០១៦​នៅ​ទី​ស្តី​ក្រសួងយុត្តិធម៌ លោក ជិន ម៉ា​លីន អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​ថ្លែងថា សម្រាប់​អ្នកទោស​ដែល​ជាប់​ពាក់ព័ន្ធ​បទល្មើស​ឧក្រិដ្ឋ ពីថ្ងៃ​នេះ​នឹងមិន​មានការ​ដោះលែង​ទៀត​ទេ និង​ស្ថិតក្នុង​ការពិចារណា ក្នុងនោះដែរ​អ្នកទោស​ដែល​បាន​ជាប់ឃុំ​ក្នុង​រង្វង់​១​ខែ ក៏​មិន​ត្រូវបាន​បន្ធូ​បន្ថយ និង​លើកលែងទោស​ផងដែរ ។​

​លោក ជិន ម៉ា​លិ​ន បន្តថា នៅក្នុង​កិច្ចប្រជុំ​មានការ​ពិភាក្សា​ច្រើន និង​មាន​ភាព​ពិបាក​ជាងគេ​គឺ ការពិចារណា​ទៅលើ​កម្រិត​នៃ​ការអប់រំ​កែប្រែ និង​ធ្វើ​សមាហរណកម្ម​ក្លាយជា​ពលរដ្ឋ​ល្អ របស់​អ្នកទោស​នៅក្នុង​ពន្ធនាគារ ហើយ​ថា នៅ​ថ្ងៃ​ខាងមុខនេះ នឹង​ការប្រលង​ទាក់ទង​នឹង​ការកែប្រែ​ខ្លួន​របស់​អ្នកទោស ។​

​តាម​ការបញ្ជាក់​ពី ឧ​ត្ត​ម​សេនីយ៍​ឯក បេ ទា​ឡេង ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិ អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​ក្រសួងមហាផ្ទៃ បាន​ថ្លែងថា ពន្ធនាគារ​នៅ​ទូទាំងប្រទេស​អាច​ផ្ទុក​អ្នកទោស​បានត្រឹមតែ​១២.០០០​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​មកដល់ពេលនេះ ចំនួន​អ្នកទោស​កំពុង​ជាប់ពន្ធនាគារ​មាន​ប្រមាណ​ជិត​១៨.០០០​នាក់ កើនឡើង​លើស​ជាង​២៣% ដែល​បណ្តាល​ឲ្យ​មាន​ភាព​ចង្អៀត​ណែន​នៅក្នុង​ពន្ធនាគារ ពិសេស​ពន្ធនាគារ នៅ​មណ្ឌល​អប់រំ​កែប្រែ​នៅ​ព្រៃ​សរ រាជធានី​ភ្នំពេញ នៅ​ខេត្តក្រចេះ កំពង់សោម កំពង់ស្ពឺ​ជាដើម ។​

​លោក បេ ទា​ឡេង បន្តថា នៅក្នុង​ឆ្នាំ​២០១៥ មាន​អ្នកទោស​ត្រូវ​លើកលែងទោស អ្នកទោស​ផុត​ទោស​ដល់​ឆ្នាំ​ត្រូវ​ដោះលែង មាន​ប្រមាណ ៩៤៨​នាក់ ក្នុងនោះដែរ​មាន​អ្នកទោស​ត្រូវ​ដោះលែង និង​បន្ធូរ​បន្ថយទោស​នៅក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី បុណ្យពិសាខបូជា និង​ព្រះរាជ​ពិធីបុណ្យ​អ៊ុំ​ទូក មាន​ចំនួន​៤៧៩​នាក់ ។ ដោយឡែក​អ្នកទោស​ដែល​ចាប់​យកមក​ដាក់ពន្ធនាគា​រ​មាន​ប្រមាណ​ជាង ១.០០០​នាក់ ។​

​សម្រាប់​គោលការណ៍​កន្លងមក អ្នកទោស​ជាប់ពន្ធនាគារ​បានធ្វើ​កែប្រែ​ប្តូរ​អត្ត​ច​រឹត​ខ្លួន​បាន ១​ភាគ​៣ នឹងត្រូវ​បានទទួល​ការបន្ធូរបន្ថយ​ទោស ដោយឡែក​សម្រាប់​អ្នកទោស​បាន​កែប្រែ​ខ្លួន​បាន​២​ភាគ​៣​នៃ​ចំនួន​ឆ្នាំ​ជាប់ពន្ធនាគារ នឹងត្រូវ​ទទួល​បានកា​រ​លើកលែងទោស ៕

ក្រសួងយុត្តិធម៌ នឹងមិន​មានការ​បន្ធូរបន្ថយ លើកលែងទោស លើ​អ្នកទោស​ជាប់​ពាក់ព័ន្ធ​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ​