សាក្សី​ច្រាន​ចោល​​​ការ​អះអាង​របស់​​អ៊ីរ៉ង់​​ដែល​ថា​អារ៉ាប៊ី​សាអូឌីត​បាន​វាយប្រហារ​តាម​អាកាស​ទៅ​លើ​​ស្ថានទូត​របស់​ខ្លួន​ប្រចាំ​​ប្រទេស​យេម៉ែន

សាក្សី​ច្រាន​ចោល​​​ការ​អះអាង​របស់​​អ៊ីរ៉ង់​​ដែល​ថា​អារ៉ាប៊ី​សាអូឌីត​បាន​វាយប្រហារ​តាម​អាកាស​ទៅ​លើ​​ស្ថានទូត​របស់​ខ្លួន​ប្រចាំ​​ប្រទេស​យេម៉ែន

បុរសៗ​អង្គុយ​លើ​កម្ទេច​ផ្ទះ​សម្បែង​ដែល​ត្រូវ​បាន​ខូចខាត​ដោយ​ការ​វាយប្រហារ​តាម​អាកាស​របស់​ប្រទេស​អារ៉ាប៊ី​សាអូឌីត នៅ​ក្នុង​ក្រុង​សាណា ប្រទេស​យេម៉ែន កាលពី​ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦។

សាក្សី​នានា​ក្នុង​រដ្ឋធានី​សាណា (Sana'a) របស់​ប្រទេស​យេម៉ែន​ច្រាន​ចោល​ចំពោះ​ការ​អះអាង​របស់​ប្រទេស​អ៊ីរ៉ង់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ដែល​ថា​ប្រទេស​អារ៉ាប៊ី​សាអូឌីត​បាន​វាយប្រហារ​តាម​អាកាស​ទៅ​លើស្ថានទូត​របស់​ខ្លួន​នា​ពេល​យប់។

ប្រទេស​អ៊ីរ៉ង់​បាន​ចោទ​ប្រកាន់​ប្រទេស​អារ៉ាប៊ី​សាអូឌីត​ថា​ មាន​ចេតនា​ផ្តាច់​ចំណង​ការ​ទូត​ជា​មួយ​នឹង​ប្រទេស​របស់​ខ្លួន។ ​

ប៉ុន្តែ​សាក្សី​ក្នុង​រដ្ឋធានី​សាណា បាន​និយាយ​ថា​ អាគារ​ស្ថានទូត​នោះ​មិន​មាន​ការ​ខូចខាត​នោះ​ទេ គ្រាន់​តែ​មាន​ដុំ​ថ្ម ​និង​អំបែង​គ្រាប់​មួយ​ចំនួននៅ​ក្នុង​ទីធ្លា​ស្ថានទូតនោះ​ បន្ទាប់​ពី​ការ​វាយប្រហារ​តាម​អាកាស​របស់​អារ៉ាប៊ី​សាអូឌីត​បាន​វាយ​ចំ​ទីតាំង​សាធារណៈ​មួយ​ដែល​មាន​ចម្ងាយ​ប្រមាណ​៧០០​ម៉ែត្រ​ពី​ស្ថានទូត​នោះ។​

អ្នក​នាំ​ពាក្យ​របស់​ក្រសួង​ការបរទេស​អ៊ីរ៉ង់​លោក Hossein Jaber Ansari បាន​មាន​ប្រសាសន៍​ថា ការ​វាយប្រហារ​តាម​អាកាស​ក្នុង​រដ្ឋធានី​សាណា​នោះ​ «គឺ​ជា​ការ​បំពាន​អនុសញ្ញា​អន្តរជាតិ​ដែល​ការពារ​បេសកកម្ម​ការ​ទូត។ នេះ​បើ​យោង​តាម​ទូរទស្សន៍​រដ្ឋ​មួយ។ ​

លោក​បាន​បន្ត​ថា «ប្រទេស​អារ៉ាប៊ី​សាអូឌីត ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ខូច​ខាត​អាគារ​ស្ថានទូត​ និង​ការ​រងរបួស​របស់​បុគ្គលិក​មួយ​ចំនួន។ ប៉ុន្តែ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​នោះ​លោក​មិន​បាន​បញ្ជាក់​ថា​នរណា​បាន​រងរបួស​ ឬ​របួស​ធ្ងន់​ប៉ុណ្ណា​នោះ​ទេ៕