អង់គ្លេស៖ នាង​ទៅ​កំដរ​កូន​ក្រមុំ តែ​ត្រូវ​កូន​កម្លោះ​វាយ​ប៉ោង​ភ្នែក

ភាពអំណត់ ក្នុងនាមជាសាមីខ្លួន មិនដឹងទៅណាបាត់អស់ ទើបកូនកម្លោះម្នាក់នេះ បាន​«ដាល់»​ដោយ​កណ្ដាប់​ដៃ​ខ្លាំងៗ ទៅលើអ្នកកំដរកូនក្រមុំពីរនាក់ បណ្ដាលឲ្យម្នាក់ពីក្នុង​ចំណោម​នោះ មាន​ភ្នែក​មួយ​ចំហៀង ជាំ​ហើម។ កូន​កម្លោះ​រូប​នោះ ទើបប្រកាសទទួលស្គាល់​កំហុសខ្លួន នៅមុខ​រាជអាជ្ញា​នៃ​ចក្រភព​អង់គ្លេស កាលពី​ប៉ុន្មាន​ថ្ងៃ​មុន។
អង់គ្លេស៖ នាង​ទៅ​កំដរ​កូន​ក្រមុំ តែ​ត្រូវ​កូន​កម្លោះ​វាយ​ប៉ោង​ភ្នែក
ពីឆ្វេងមកស្ដាំ៖ នាង សាមនថា ឌីវ៉ារ អ្នកកំដរកូនក្រមុំ និងលោក ចនផូល កំប៊ែល ជនដៃដល់។ (រូបថតទ្វីសធើរ)

អាពាហ៍ពិពាហ៍ ជាព្រឹត្តិការណ៍មួយ ដែលមានសុភមង្គលជាងគេ នៅក្នុងជីវិតឬ? មិនពិតជាអញ្ចឹងទេ ជា​ពិសេស​សម្រាប់នាង នីកូឡា កំប៊ែល (Nicola Campbell) ដែលរស់នៅក្នុងក្រុង «Macclesfield» ភាគ​កណ្ដាល​នៃចក្រភពអង់គ្លេស។ ហេតុការណ៍ ត្រូវបានសារព័ត៌មាន «The Daily Mirror» យក​មក​ធ្វើ​ជា​សេចក្ដី​រាយការណ៍ ពីករណីដែលស្វាមីរបស់នាង នីកូឡា បានប្រើកម្លាំងបាយ វាយតប់ទៅលើ​មនុស្សស្រី​ពីរ​នាក់ ដែល​មាន​វត្តមាន​ក្នុងពិធីមង្គលការ ដើម្បីតែសុភមង្គលរបស់នាង និងស្វាមី។

រឿងហេតុ បានកើតឡើងកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំទៅម៉ិញ នៅក្នុងពិធីរៀបមង្គលការ របស់យុវជន ចន​ផូល កំប៊ែល (John Paul Campbell) ជាមួយនឹងនាង នីកូឡា ដៃគូម្ចាស់ស្នេហ៍ ដ៏យូរខែឆ្នាំរបស់លោក។ ក្នុង​ពេល​នោះ នៅកណ្ដាលទីលានចតរថយន្ដ លោក កំប៊ែល បានវាយដោយកណ្ដាប់ដៃធ្ងន់ៗ ទៅលើ​ស្ត្រី​អ្នក​កំដរ​​កូនក្រមុំរបស់ខ្លួន ចំនួនពីរនាក់ ក្នុងនោះមានម្នាក់ នាង សាមនថា ឌីវ៉ារ (Samantha Dewar) ដែល​ជា​មិត្ត​ស្រី​ចិត្ត​មួយ​ថ្លើមមួយ របស់ភរិយាលោកនោះផង បានរងគ្រោះ រហូតបាក់ឆ្អឹងថ្ពាល់។

នៅចំពោះលោករាជអាជ្ញារ «Debbie Bryne» នៃតុលាការក្រុង «Macclesfield» កាលពីប៉ុន្មានថ្ងៃមុន លោក កំប៊ែល បានសារភាពថា លោកពិតជាមានកំហុស ក្នុងការប្រើប្រាស់កម្លាំងបាយ និងបង្ករបួសស្នាម​ដោយ​ចេតនា ទៅជនរងគ្រោះទាំងពីរ។ ប៉ុន្តែសាលក្រម ដែលនឹងសម្រេចផ្ដន្ទាទោស ទៅលើស្វាមីថ្​មីថ្មោង​រូប​នេះ នឹងត្រូវប្រកាសឲ្យដឹង នៅក្នុងថ្ងៃខាងមុខ។

លោករាជអាជ្ញា បានប្រកាសឡើងថា៖ «ដំបូងឡើយ ស្ត្រីម្នាក់ (អ្នកកំដរទីមួយ របស់កូនក្រមុំ) បានបំពាន​ទៅ​លើ​លោក កំប៊ែល ធ្វើឲ្យលោក កំប៊ែល បានវាយនាងនោះតបទៅវិញ។ បន្ទាប់មក នាង សាមនថា បាន​ទៅ​ស្រែក​ឲ្យ​លោក ទើបលោក កំប៊ែល បានងាកត្រឡប់ មកវាយជាច្រើនដៃ ចំកណ្ដាលមុខនាង សាមនថា ទាំង​នាង​មិន​ដឹង​ខ្លួនជាមុន។»

ស្ត្រីអ្នកកំដរកូនក្រមុំ នាង សាមនថា ឌីវ៉ារ វិញ បានថ្លែងប្រាប់សារព័ត៌មានអង់គ្លេសដដែលថា នាងបាន​ស្គាល់​ភរិយាលោក កំប៊ែល តាំងពីរៀននៅសាលាបថមសិក្សា និងអះអាងថា គឺរូបនាងនេះហើយ ដែល​បាន​ជួយ​រៀបចំ​មង្គលការ ឲ្យអ្នកទាំងពីរ។ នាងនិយាយថា៖ «តាំងពីកើតរឿងហេតុនោះមក យើង​លែង​ទាក់​ទង​គ្នា​សោះ​តែម្ដង។ ជារឿង មិនគួរឲ្យជឿបាន​សោះតែម្ដង។ ខ្ញុំបានបាត់បង់ មិត្តចិត្តមួយថ្លើមមួយរបស់ខ្ញុំ។»

នាង សាមនថា បានរៀបរាប់ទៀតថា៖ «មនុស្សទាំងអស់គ្នា បានមកចូលរួមដើម្បីសប្បាយ ក្នុង​ពិធី​ដ៏​មាន​សុភមង្គល​នោះទាំងអស់គ្នា ហើយរឿងហេតុនេះ បានកើតឡើង នៅកណ្ដាលចំណតរថយន្ដ នៅវេលាយប់។ ពេល​​នោះ ខ្ញុំអត់ទាំងបានដឹងខ្លួន ថាមានកណ្ដាប់ដៃ បានវាយសំដៅមកខ្ញុំនោះផង។ រឿងមួយដែល​ខ្ញុំ​នៅ​ចាំ​បាន គឺខ្ញុំដឹងខ្លួនឡើង ខណៈខ្លួនកំពុងដេកនៅលើដី។ ខ្ញុំឈឺខ្លួនខ្លាំងណាស់។ ខ្ញុំបើកភ្នែកអត់រួច ហើយខ្ញុំ​លែង​​ដឹង​​ថា មុខខ្ញុំឡើងប៉ោងហើេមនោះទេ។»

អតីតមិត្តចិត្តមួយថ្លើមមួយ របស់ភរិយាជនដៃដល់ បានបញ្ចប់សេចក្ដីថា៖ «ពីថ្ងៃនេះទៅ ខ្ញុំលែងទុកចិត្ត​នរណា​ទាំង​អស់។ ខ្ញុំភ័យខ្លាចណាស់ នៅពេលចេញដើរនៅខាងក្រៅ ឬនៅផ្ទះតែម្នាក់ឯង។»៕