ដឹងអត់ ​ស្ថាន​ទូត និង​ស្ថាន​កុងស៊ុល ខុសគ្នា​ដូចម្ដេច?


ដឹងអត់ ​ស្ថាន​ទូត និង​ស្ថាន​កុងស៊ុល ខុសគ្នា​ដូចម្ដេច?

​ដើម្បី​​រឹតចំណង​មិត្ត​ភាព​រវាង​ប្រទេស​ពីរ ឬ​ច្រើន​ជុំវិញ​ពិភពលោក​បច្ចុប្បន្ន​​ ​​ការិយាល័យ​ការទូត ​​ជា​អ្វី​​​ដែល​មិន​អាច​ខ្វះ​បាន ក្នុង​ការ​ប្រាស្រ័យ​ទាក់​ទង ឬ​ជូន​ដំណឹង​​បែប​ផ្លូវ​ការ​ឲ្យ​គ្នា​ទៅវិញ​ទៅមក។ ​ទំនាក់​ទំនង​ការទូត​ទាំង​នោះ គឺ​តាម​រយៈ​​ស្ថានទូត និង​ស្ថានកុងស៊ុល។

 

ដឹងអត់ ​ស្ថាន​ទូត និង​ស្ថាន​កុងស៊ុល ខុសគ្នា​ដូចម្ដេច?

ស្ថានទូតអាមេរិក​ប្រចាំកម្ពុជា​នៅ​រាជធានីភ្នំពេញ

 

​​ពាក្យ​សំដៅ​​​ទីតាំង​ទាំង​ពីរ​ខាង​លើ ​​​​ធ្វើ​ឲ្យ​ប្រិយមិត្ត​មួយ​ចំនួន​​​នៅ​មិន​ទាន់​យល់​ច្បាស់ ឬ​ញែក​ឲ្យ​ដាច់​ពីគ្នា​នៅ​ឡើយ ដើម្បី​​ចៀស​វាង​ការ​ភាន់ច្រឡំ សូម​ស្វែង​យល់​​ការ​បកស្រាយ​ខាង​ក្រោម៖​

 

ស្ថានទូត (Embassy)៖ ​​គឺ​ជា​ទីកន្លែង​​ធំ និង​សំខាន់​ជាង​ស្ថានកុងស៊ុល ​ ​ដែល​​បម្រើ​ឲ្យ​បេសកកម្ម​ការទូត​ជាអចិន្ត្រៃយ៍ ​ដែល​ជាទូទៅ​​មាន​ទីតាំង​នៅ​កណ្ដាល​រាជធានី​ របស់​ប្រទេស​ដៃ​គូ។ ឧទាហរណ៍ ​ស្ថានទូត​​អាមេរិក​​​ក្នុង​ប្រទេស​​កម្ពុជា ​​នៅ​រាជធានី​​ភ្នំពេញ។ ​ស្ថានទូត ​​គឺ​តំណាង​ឲ្យ​​ម្ចាស់​ប្រទេស​មួយ​នៅ​បរទេស ​និង​បំពេញ​មុខងារ​កិច្ចការ​ទូត​ សំខាន់ៗ​ ​ដូច​ជា​ការពារ​សិទ្ធិ ​ដោះ​ស្រាយ​​បញ្ហា​ពលរដ្ឋ​ខ្លួន​នៅ​​ប្រទេស​ប្រចាំ​ការ​នោះ​។

 

ឯកអគ្គរដ្ឋទូត ​​ជា​មន្ត្រី​ថ្នាក់​ខ្ពស់​​បំផុត​​​មើល​ការ​ខុសត្រូវ​ប្រចាំ​ស្ថានទូត ដោយ​​ដើរ​តួនាទី​ជា​ប្រមុខ​ការទូត និង​អ្នក​នាំ​ពាក្យ​ឲ្យ​​​រដ្ឋាភិបាល​របស់​ខ្លួន។ ឯកអគ្គរដ្ឋទូត ​ត្រូវ​បាន​ជ្រើស​រើស​ និង​តែង​តាំង​ដោយ​រដ្ឋាភិបាល​ខ្លួន និង​​សម្រេច​ចុងក្រោយ​ដោយ​ព្រះមហាក្សត្រ (ប្រទេស​មានស្ដេច)។ ​ចំណែក​ សហរដ្ឋអាមេរិក ​ឯកអគ្គរដ្ឋទូត តែងតាំង​ដោយ​ប្រធានាធិបតី និង​​មាន​ការ​សម្រេច​យល់​ព្រម​ចុង​ក្រោយ​ដោយ​​ព្រឹទ្ធសភា។​​​​​

 

ស្ថាន​កុងស៊ុល (Consulate)​៖ ​ជា​ភ្នាក់ងារ​រដ្ឋ ដែល​រស់​នៅ​ប្រទេស​ក្រៅ​ហើយ​ទទួល​ខុស​ត្រូវ​ខាង ការ​ពង្រឹង​ពង្រីក ​ការពារ​ផលប្រយោជន៍​សេដ្ឋកិច្ច​របស់​រដ្ឋ ​និង​​ជួយ​មើល​ការ​ខុស​ប្រជាពលរដ្ឋ​របស់​ខ្លួន​ដែល​រស់នៅ ឬ​ធ្វើដំណើរ​ទៅ​ប្រទេស​នោះ​។ ប៉ុន្តែ​​​​​​មាន​ទំហំ​តូច​ជាង​ស្ថានទូត ​និង​ជាទូទៅ​​មាន​ទៅ​តាំង​​នៅ​តំបន់​ទេសចរណ៍​ធំៗ ​​មិន​មែន​នៅ​​ក្នុង​រាជធានី​ឡើយ។ ឧទាហរណ៍ ​​ស្ថាន​កុងស៊ុល​​អាមេរិក​នៅ​អាល្លឺម៉ង់ ​ស្ថិត​ក្នុង​ទីក្រុង Frankfurt, Hamburg និង Munich ​ដែល​មិន​មែន​ជា​រដ្ឋធានី​ប៊ែរឡាំង​ទេ។

 

អគ្គ​កុងស៊ុល ​បំពេញ​មុខងារ​​ខាង​កិច្ចការ​ ការទូត​ថ្នាក់ទាប​​ ​ដូច​ជា​ចេញ​​​ទិដ្ឋាការ (Visa) ​​​ស្វែង​រក​ទំនាក់​ទំនង​ពាណិជ្ជកម្ម ​មើល​ការ​ខុសត្រូវ​ជនអន្តោប្រវេសន៍ ​អ្នក​ទេសចរ និងអ្នក​​និរទេស​​ជាដើម៕

 

 

ចុចអាន៖ ពាក្យ «បែក​ស្លុយ» មាន​ន័យ​យ៉ាងម៉េច?

ចុចអាន៖ ហត្ថលេខា​ Abraham Lincoln ដាក់​លក់​បាន​ ២,២លានដុល្លារ

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Geography

​​