មិន​ចាប់​អារម្មណ៍​រឿង​លើ​គ្រែ​គួរ​ធ្វើ​ម៉េច​ទើប​ល្អ​ទៅ​?

មិន​ចាប់​អារម្មណ៍​រឿង​លើ​គ្រែ​គួរ​ធ្វើ​ម៉េច​ទើប​ល្អ​ទៅ​?

​វា​គឺជា​រឿង​ធម្មតា​ទេ​ដែល​ដៃគូ​ទាំងសងខាង​មិន​អាច​មាន​អារម្មណ៍​ដូច​គ្នា​នៅ​ពេល​ឈាន​ដល់​ចំណុច​រឿង​លើ​គ្រែ​។ នៅពេល​ដៃគូ​ម្ខាង​ចង់​រួមភេទ បែរ​ម្ខាង​ទៀត​មិន​ចង់​ទៅ​វិញ​នៅ​ពេល​មាន​បញ្ហា​ជាច្រើន​កើតឡើង​។

​អ្នកជំនាញ​ខាង​រោគ​ចិត្តសាស្ត្រ និង​ផ្លូវ​ភេទ​បាន​និយាយថា “​ចូរ​ចាំ​ថា មនុស្ស​ពីរ​នាក់​មិន​អាច​មាន​កម្រិត​នៃ​ចំណង់​ផ្លូវភេទ​ដូច​គ្នា​ឡើយ​។ តែ​វា​អាចជា​រឿង​ទទួលយក​បាន​បើសិនជា​អ្នក​មិន​មាន​អារម្មណ៍​ថា​ចង់​ខ្លាំង​នៅពេល​ដៃគូ​ប្រាប់​អ្នកនោះ​។ អ្វីដែល​ធ្វើឱ្យ​កាន់តែ​អាក្រក់​បំផុត​នោះ​គឺថា ដៃគូ​ទាំង​ពីរ​នាក់​ឈប់​និយាយ​រក​គ្នា​អំពី​មូលហេតុ និង​ផ្តោត​សំខាន់​ទៅលើ​សកម្មភាព​វិញ​”​។

ដូច្នេះ​បើ​សិន​ជា ដៃគូ​មាន​ចំណង់​ផ្លូវភេទ​ខ្ពស់ ហើយ​អ្នក​ពិបាក​រក​ចំណង់​វិញ ខាងក្រោម​នេះ​គឺជា​រឿង​មួយចំនួន​តូច​ដែល​អ្នក​គួរតែ​ធ្វើ​តាម​ហើយ​។

និយាយ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​គ្នា​អំពី​បញ្ហា​នោះ​
ស្ត្រី​ភាគច្រើន​គិតថា វា​គឺជា​តួនាទី​របស់​ពួកគេ​ក្នុង​ការបម្រើ​ក្តីសប្បាយ​ដល់​ប្តី​របស់​ខ្លួន ដូច្នេះ​ពួកគេ​គួរតែ​មាន​ការឈឺចាប់​ខ្លះ និង​មិន​អាច​រីករាយ​នឹង​សកម្មភាព​ដែល​ខ្លួន​កំពុងតែ​ធ្វើ​ផង​។ ផ្ទុយទៅវិញ យក​ល្អ ដៃគូ​ទាំងសងខាង​គួរតែ​និយាយ​អំពី​បញ្ហា​ផ្លូវភេទ អ្វី​ដែល​ចូលចិត្ត អ្វី​ដែល​មិន​ចូលចិត្ត និង​អ្វី​ដែល​អស្ចារ្យ​។ យក​ល្អ​អ្នក​ទាំង​ពីរ​ក៏​ត្រូវតែ​និយាយ​អំពី​ហេតុអ្វី​បានជា​មាន​ម្នាក់​មិន​អាច​មាន​ចំណង់​ផ្លូវភេទ​។ សម្រាប់​ស្ត្រី មូលហេតុ​ភាគច្រើន​គឺ​អតុល្យភាព​អ័រម៉ូន មាន​ជំងឺ​បាក់​ទឹកចិត្ត ឬ​កង្វះ​អ័រម៉ូន​ទី​រ៉ូ​អ៊ីត​។ ចំណែក​បុរស​វិញ វា​អាច​ដោយសារ​លិង្គ​មិន​ព្រម​ងើប ថប់​អារម្មណ៍ ចំណង់​ផ្លូវភេទ​ចុះខ្សោយ​។ បើសិន​ជា​អ្នក​មិន​និយាយ​អំពី​បញ្ហា​នេះ​ទេ អ្នក​ក៏​នឹង​មិន​អាច​ស្វែងរក​ដំណោះស្រាយ និង​ផ្តល់​ភាពសប្បាយ​ដល់​ដៃគូ​បានដែរ​។

មាន​ទម្លាប់​រួមភេទ​
សម្រាប់​ស្ត្រី​គួរតែ​មាន​ពេលវេលា​ច្រើន​ដែល​ត្រូវ​បង្កើត​ទម្លាប់​ចាប់អារម្មណ៍​រឿង​រួមភេទ នេះ​ដោយសារ​តែ​បម្រែបម្រួល​អ័រម៉ូន​របស់​នាង​តែម្តង​។ ចំពោះ​បុរស​វិញ​គឺ​គួរតែ​ឧស្សាហ៍​បបួល​ខាង​ស្រី​រួមភេទ​នៅពេល​ថ្ងៃ​ឱ្យបាន​ច្រើន​ផង​។ ជាមួយគ្នានេះដែរ សម្រាប់​បុរស ការប្រើ​ថ្នាំ​ព្យាបាល​ជំងឺ​ច្រើន​អាច​នាំ​ឱ្យ​ចំណង់​ផ្លូវភេទ​ថយចុះ ដូច្នេះ​គួរតែ​ស្វែងយល់​អំពី​បញ្ហា​នេះ​ផង​។ ដៃគូ​ទាំង​ពីរ​នាក់​អាច​សរសេរ​កំណត់ត្រា​មួយ​ចូលគ្នា​ដើម្បី​ដឹង​ថា​ថ្ងៃ​ណា​ដែល​ពួកគេ​អាច​គេង​ជាមួយគ្នា​បាន​ដោយ​សប្បាយចិត្ត​។

កុំ​ភ្លេច​ការ​បរ​បោស​អង្អែល​ឱ្យសោះ​
ការ​រួមភេទ​ចែកចេញជា​បី​ផ្នែក​ដូចជា ការ​បរ​បោស​អង្អែល សកម្មភាព​ចំបង និង​ក្រោយ​ពី​រួមភេទ​រួច​។ ទោះបីជា​យ៉ាងណា​ក៏ដោយ គូ​ស្វាមីភរិយា​ភាគច្រើន​តែងតែ​ផ្តោត​សំខាន់​ទៅលើ​សកម្មភាព​ចំបង ជាពិសេស​បុរស​តែម្តង ព្រោះ​ពួកគេ​យល់ថា វា​គឺជា​តួនាទី​របស់​ពួកគេ​ក្នុង​ការផ្តល់​ភាពសប្បាយ​ដល់​ខាង​ស្រី ប៉ុន្តែ​រឿង​នេះ​អាច​កើតឡើង​បាន​តាមរយៈ​តែ​ការ​បរ​បោស​អង្អែល​ទេ​។ ការ​ចំណាយពេល​យ៉ាង​ហោច​ណាស់ ១៥ ទៅ​២០​នាទី ជាមួយ​ដៃគូ​ក្នុងកា​របរ​បោស​អង្អែល​មុនពេល​រួមភេទ អាច​ជួយ​ឱ្យ​ស្ត្រី​មាន​អារម្មណ៍ និង​ចាប់អារម្មណ៍​លើ​ការ​រួមភេទ​កាន់តែ​ខ្លាំង​បាន​។

ទទួលយក​ការព្យាបាល​
បើសិន​ជា​គូ​ស្វាមីភរិយា​ទាំង​ពីរ​នាក់​អាច​រួមភេទ​ជាមួយ​គ្នា​ពី ៣ ទៅ​៤​ដង​ក្នុង​មួយ​សប្តាហ៍ នោះ​គឺជា​រឿង​មួយ​ល្អ ប៉ុន្តែ​បើសិនជា​បាន​តែ​ពីរ​ដង​ក្នុង​មួយ​ខែ ឬ តែ​ម្តង​ក្នុង​រយៈពេល​បី​ខែ​នោះ វា​អាច​បញ្ជាក់បាន​ថា អ្នក​ទាំង​ពីរ​មាន​ចំណង់​ផ្លូវភេទ​ខ្សោយ​ណាស់​។ នៅពេល​មាន​រឿង​នេះ​កើតឡើង យក​ល្អ​គួរតែ​ស្វែងរក​ការព្យាបាល​បញ្ហា​នេះ​ដើម្បី​ឱ្យ​ជីវិត​ប្រកប​ដោយ​ភាព​រ៉ូ​ម៉ែន​ទិច​ត្រឡប់មកវិញ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី08  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។