អ៊ុំ ចំរើន និង ចាន់ គឹមលាភ ត្រូវប្រជែងជាមួយជើងខ្លាំងរបស់ឡាវ

កីឡាករ​ជើង​ខ្លាំង​វ័យ​ក្មេង​របស់​កម្ពុជា អ៊ុំ ចំរើន និង ចាន់ គឹមលាភ នឹង​ត្រូវ​ធ្វើ​ការ​​ប្រកួត​ជម្រុះ​លើក​ទី​៤​​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍​កំពូល​អ្នក​ប្រដាល់​​ជើង​ឯក​គោជល់​ វគ្គ​៣ ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូ​ក្រាម នៅ​សង្វៀន CNC នា​យប់​ថ្ងៃ​សៅរ៍ ស្អែក​នេះ។ ចំណែក​ជើង​ខ្លាំង សៀវ ង៉ុយ និង លាស់ យីន ត្រូវ​ដាក់​ឲ្យ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​ជាមួយ​កីឡាករ​ថៃ នៅពេល​រសៀល។

សម្រាប់​ការ​ប្រកួត​​នេះ អ៊ុំ ចំរើន របស់​ក្លិប​តាឡី​ដំរី​មាន​រិទ្ធ នឹង​ត្រូវ​ប្រឈម​ជាមួយ​ជើង​ខ្លាំង​ Yodkhunphon Ek Bangsai ដែលកីឡាករ​ឡាវ​​​ម្នាក់​នេះ មិន​ធ្លាប់​ចាញ់​ទាល់​តែ​សោះ ក្នុង​ការ​ប្រកួត​ជម្រុះ​៣​លើក​កន្លង​មក​នេះ គឺ​គេ​បានផ្តួលកីឡាករ​កម្ពុជា មិន សិលា និង ចាន់ គឹមលាភ ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​២​ដូច​គ្នា និង​វាយ ជា សំនៀង ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៤។
mm1
​        ចំណែក​ការ​ប្រកួត​៣​លើក​របស់ អ៊ុំ ចំរើន ក៏​ល្អ​ផង​ដែរ គឺ​គេ​​បាន​ចាញ់ពិន្ទុតែ​ជើង​ខ្លាំង​របស់​​​ថៃ Nataphon Keitavorn ម្នាក់​គេ ឯ​ការ​ប្រកួត​២​លើក​ទៀត ចំរើន បាន​ឈ្នះ Orono Champasak និង​ផ្តួល​ថៃ​ Mamai Sit Yotchean ឲ្យ​សន្លប់​ត្រឹម​ទឹក​ទី​១។ ហេតុ​នេះ​ការ​ជួប​គ្នា​របស់​អ្នក​ទាំង​២នេះ ពិត​ជា​កក្រើក​មិន​ខាន​ឡើយ ខណៈ​អ្នក​ទាំង​២​នេះ មាន​សិទ្ធិ​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ដោយ​ស្វ័យ​ប្រវត្តិ​ដូច​គ្នា បើ​ទោះ​បីជា​អ្នក​ណា​ឈ្នះ និង​អ្នក​ចាញ់​ក៏​ដោយ។

យ៉ាង​ណា​មិញ​កីឡាករ ចាន់ គឹមលាភ ក្លិប​និរោធ​មាន​ជ័យ ដែល​ត្រូវ​​ប្រកួត​ជាមួយ​កីឡាករ​ឡាវ Orono Champasak នោះ គឺ​ត្រូវ​ការ​ឈ្នះ​ជា​​ដាច់​ខាន ដើម្បី​មាន​សង្ឃឹម​ក្នុង​ការ​​ទទួល​បាន​សិទ្ធិ​ឡើង​ទៅ​វគ្គ​បន្ត ព្រោះ​ការ​ប្រកួត​៣​លើក​កន្លង​មក​នេះ គឹមលាភ បាន​ឈ្នះ​តែ​ម្តង​គត់ និង​ចាញ់​២​ដង ហេតុ​នេះ​បើ​សិន​ជា​ឈ្នះ​លើក​នេះ គេ​នឹង​មាន​សង្ឃឹម​ក្នុង​ការ​អ៊ុត​មើល​លទ្ធផល​នៃ​ការ​ប្រកួត​របស់ មិន សិលា ជាមួយ​ជើង​ខ្លាំង​របស់​ថៃ Nataphon Keitavorn ព្រោះ សិលា ​នៅ​ពេល​នេះ​ក៏​មាន៥​ពិន្ទុ​ជាមួយ​ការ​ឈ្នះ​១ និង​ចាញ់​២​ប្រកួត​ដូច គឹមលាភ ដែរ។
mm2
ផ្ទុយ​ទៅ​វិញ បើ​សិន​ជា ចាន់ គឹមលាភ Orono វិញ​នោះ គឺ​​ឡាវ​ម្នាក់​នេះ នឹង​ឈ្នះ​កៅ​អី​ទី​៤​ចុង​ក្រោយ សម្រាប់​វគ្គ​បន្ត ខណៈ ចាន់ គឹមលាភ និង មិន សិលា ត្រូវ​ធ្លាក់​ដូច​គ្នា ព្រោះ​នៅ​ពេល​នេះ Orono មាន​៧​ពិន្ទុ​ជាមួយ​ការ​ឈ្នះ​២ និង​ចាញ់​ត្រឹម​១​ប្រកួត ខណៈ​កៅ​អី​ចំនួន​៣​ទៀត នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​មាន​អ្នក​កក់​រួច​ទៅ​ហើយ​គឺ អ៊ុំ ចំរើន កីឡាករ​ឡាវ Yodkhunphon Ek Bangsai និង​កីឡាករ Nataphon Keitavorn ដែល​បរទេស​ទាំង​២​នេះ កំពុង​មាន​៩​ពិន្ទុ​ជាមួយ​ការ​ឈ្នះ​ទាំង​៣​ប្រកួត​ដូច​គ្នា។

ក្រៅ​ពី​ការ​ប្រកួត​ជម្រុះ​ដណ្តើម​ខ្សែ​ក្រវាត់​នេះ ក៏​មាន​ការ​ប្រកួត​គូ​អម​​រវាង​កីឡាករ​កម្ពុជា​២​គូ​ទៀត​ដែរ ដោយ​ក្នុង​នោះ ឡៅ សុវណ្ណពៅ ត្រូវ​ជួប​ជាមួយ ហ៊ា ចាន់ថន ក្នុង​ទម្ងន់​៦៩​គីឡូ​ក្រាម ហើយអ្នក​ប្រដាល់​ជើង​ចាស់ វង្ស ស៊ីថៃ ត្រូវ​ជួប ឡេះ តើក ក្នុងទម្ងន់​៦៥​គីឡូ​ក្រាម។
mm3
ដោយ​ឡែក​រសៀលថ្ងៃ​សៅរ៍ លើ​សង្វៀន​នេះ​ដែរ ​កីឡាករ​កម្ពុជា សៀវ ង៉ុយ និង លាស់ យីន ត្រូវ​ប្រកួត​មិត្ត​ភាពអន្តរជាតិ​ជាមួយ​កីឡាករ​ថៃ ដោយ​ក្នុង​នោះ សៀវ ង៉ុយ ត្រូវ​​ជួប Vigo Sor. Dacchhai ក្នុង​ទម្ងន់​៥៧​គីឡូ​ក្រាម ហើយ លាស់ យីន ត្រូវ​ប្រកួត​ជាមួយ Wathchharadeth Sor.Danchhai ក្នុង​ទម្ងន់​​៦០​គីឡូ​ក្រាម។

ក្រៅ​ពី​ការ​ប្រកួតមិត្ត​ភាព​អន្តរជាតិ​នេះ ក៏​មាន​ការ​ប្រកួត​មិត្ត​ភាព​រវាង​កីឡាករ​ក្នុង​ស្រុក​ចំនួន​៣​គូ​ទៀត​ផង​ដែរ ដោយ​ក្នុង​នោះកីឡាករ ភួង ពិសិដ្ឋ ត្រូវ​ជួប សេក មេសា ក្នុង​ទម្ងន់​៥៤​គីឡូ​ក្រាម ឯ ឡុង ជិន ត្រូវ​ប៉ះ បឺត សង្ឃឹម ក្នុង​ទម្ងន់​៥៧​គីឡូ​ក្រាម ខណៈ សាង សី ត្រូវ​ប្រកួត​ក្នុង​ទម្ងន់​៥៤​គីឡូ​ក្រាម​ជាមួយ ប៊ុន សុធា៕
mm4