ជីវិត​ទុគ៌ត ម្តាយ និង កូន​ស្គាល់​តែ​ទឹកភ្នែក​

​អង្គុយ​លើ​គ្រែ​ជាមួយ​កូនៗ​បន្ទាប់ពី​រុះផ្ទះ​ចោល ដោយ​អ្នកភូមិ​ក៏ដូចជា​ស្ត្រី​រូបនេះ​បាន​អះអាងថា បើ​ទុក​ផ្ទះ​នេះ​នៅ​តទៅទៀត​វា​នាំ​តែ​ចង្រៃ ព្រោះ​ប្តី​បាន​ចង​-​ក​នៅលើផ្ទះ​នេះ ។ ស្ត្រី​ជា​ភរិយា និង កូនៗ​ដ៏​កម្សត់​ដែល​កំពុង​រស់ក្នុង ស្ថានភាព​ក្រីក្រ​រក​អង្ករ​ច្រក​ឆ្នាំង​ស្ទើរ​មិន​គ្រប់​ផង​នោះ ហើយ​ឥឡូវ​ត្រូវមាន​ទុក្ខ​ធំ​គឺ​ប្តី​សម្លាប់ខ្លួន ដោយ​ចង​-​ក​នៅលើផ្ទះ ហើយ​រកតែ​ប្រាក់​ធ្វើបុណ្យ​មិនបាន​ទៀត ។ ដោយ​ឃើញ​គ្រួសារ​មួយ​នេះ​មាន​ជីវភាព​ក្រលំបាក​វេទនា អ្នកភូមិ​បាន​ជួយ​រៀបចំ​ធ្វើ​ពិធីបុណ្យ​ឱ្យ​សព​ប្តី ។

បងស្រី ហាស់ សូត្រ អាយុ ៣១ ឆ្នាំ ដែលជា​ភរិយា​របស់​បុរស ធ្វើអត្តឃាត​ដោយ​ចង​-​ក​សម្លាប់​ខ្លួនឯង​នេះ​បាន រៀបរាប់ថា បច្ចុប្បន្ន​គាត់ និង កូនៗ​រស់នៅក្នុង​ភូមិ​លាប ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយទាប ខេត្ត ស្វាយរៀង ។ កាលពី​គាត់​នៅ​ក្រមុំ​មាន​បុរស​ក្នុង ភូមិ​ចូល​ស្តីដណ្តឹង​ជាច្រើន តែ​គាត់​មិន​ព្រមយក ទេ ដូចជា​អត់​មាន​និស្ស័យ​ជាមួយ​កំលោះៗ​ក្នុង ភូមិ​សោះ ។ ក្រោយមក​គាត់​ក៏បាន​ស្គាល់​បុរស ឈ្មោះ អ៊ុន នុ​ច អាយុ ៤៨ ឆ្នាំ ជា​បុរស​ពោះម៉ាយ ហើយ​ក៏បាន​ចាប់ដៃគ្នា​ជា​ប្តី​ប្រពន្ធ តែ​មិនបាន រៀបការ​នោះទេ គ្រាន់តែ​សែនព្រេន​បង្គ្រប់កិច្ច ប៉ុណ្ណោះ ។

ជីវិត​ទុគ៌ត ម្តាយ និង កូន​ស្គាល់​តែ​ទឹកភ្នែក​

នៅពេល​ចាប់ដៃគ្នា​ជា​ប្តី​ប្រពន្ធ គាត់ និង ប្តី បង្កើត​បានកូន​ចំនួន ៣ នាក់ ប្រុស ២ នាក់ និង ស្រី​ម្នាក់ តែ​ចាប់តាំងពី​បាន​គ្នា​ជា​ប្តី​ប្រពន្ធ​មក​មិនដែល​ខិតខំ​ប្រឹងប្រែង​រកស៊ី​ជួយ​គ្រួសារ​នោះទេ ក្រៅពី​មានមុខ​របរ​ដើរ​ស៊ីឈ្នួល​ធ្វើការ​ឱ្យគេ ដូច ជា​ដើរកាត់​ស្មៅ និង ធ្វើជា​កម្មករ​ដើម្បី​យកប្រាក់ មក​ចិញ្ចឹម​គ្រួសារ​បន្តិចបន្តួច​នោះ គឺ​ប្តី​របស់គាត់​កាន់​ដប​ស្រា​រហូត ដូច្នេះហើយ​ធ្វើឱ្យ​គ្រួសារ​ជួប ភាពអត់ឃ្លាន​បែបនេះ ហើយ​កូនៗ​ក៏​ទៅ​រៀន​មិនបាន​ដិតដល់​ដែរ មួយថ្ងៃ​កាត់​មួយថ្ងៃ​កោរ ពេល​មាន​ប្រាក់​ក៏បាន​ទៅ​សាលា ពេល​អត់​ប្រាក់​ក៏​ចេញទៅ​ស៊ីឈ្នួល​ច្រូតស្មៅ​ជាមួយ​គាត់​ជា​ម្តាយ​រហូត ។

ជីវិត​ទុគ៌ត ម្តាយ និង កូន​ស្គាល់​តែ​ទឹកភ្នែក​

ស្ត្រី​ជា​ម្តាយ​រូបនេះ​បាន​បន្ត​ទាំង​អួល​ដើម​-​ក ថា នៅ​មុនពេល​កើតហេតុ​ប្តី​ស្លាប់​គាត់​មិនបាន​នៅផ្ទះ​នោះទេ ដោយសារតែ​ជាប់រវល់​ទៅ​ស៊ីឈ្នួល​កាត់​ស្មៅ​ឱ្យគេ រីឯ​ប្តី​របស់គាត់​នៅផ្ទះ​តែ ម្នាក់ឯង ។ លុះ​ពេល​ត្រឡប់មកផ្ទះ​វិញ​ស្រាប់តែ ឃើញ​ប្តី​ចង​-​ក​នឹង​ធ្នឹម​ផ្ទះ​ដាច់ខ្យល់​ស្លាប់​បាត់ទៅ ហើយ ក៏​ស្រែក​ឆោឡោ​ផ្អើល​ដល់​អ្នកស្រុក ហើយ​អ្នកជិតខាង​បាន​ប្តឹងទៅ​សមត្ថកិច្ច​ចុះមក​ត្រួតពិនិត្យ ភ្លាមៗ​ផងដែរ ។ រាល់ថ្ងៃនេះ​ឱ្យតែ​នឹក​គិតពី​ជីវភាព​រស់នៅ​គាត់​តែងតែ​លួច​យំ​បង្ហូរទឹកភ្នែក​មិនឱ្យ​កូនៗ​ដឹង​ឡើយ ព្រោះ​អាណិតកូន​មិនដែល​បាន​ហូប​ឆ្អែត និង ឆ្ងាញ់​ដូច​គេ ហើយ​មិនដឹងថា ពេលណា​ថ្ងៃ​ណា​ទើប​មាន​ជីវភាព​ធូរធារ មាន​ហូបចុក​គ្រប់គ្រាន់​ដូច​គេ ។

ជីវិត​ទុគ៌ត ម្តាយ និង កូន​ស្គាល់​តែ​ទឹកភ្នែក​

សម្លឹង​មើលមុខ​កូន​ដកដង្ហើម​ធំ បើតាម​សម្តី​របស់​អ្នករស់នៅ​ក្នុងភូមិ ជាមួយ​បាន​បញ្ជាក់ថា មុនពេល​បុរសរងគ្រោះ ចង​-​ក​ធ្វើអត្តឃាត គាត់​បាន​ដើរ​លា​គេឯង​ទាំងអស់គ្នា​ដែល​នៅ​ជិតៗ​គ្នា ហើយ​និយាយថា «​ពិបាកចិត្ត​ខ្លាំងណាស់​ប្រពន្ធ​លែង​អើពើ ហើយ​ទ្រព្យ ក៏​អត់​ទៀត មានតែ​ក្តី​ស្លាប់​ទេ​» ដូច្នេះ​មានន័យថា បុរស​រូបនេះ​ទ័លច្រក​ក្នុង​ឆាកជីវិត​ក៏បាន​ចង​-​ក សម្លាប់ខ្លួន​តែម្តង ។ អ្នកភូមិ​ដដែល​បាន​និយាយ​បន្តទៀតថា ដោយ សារ​តែ​ជីវភាព​ក្រីក្រ​ពេក ទើប​បុរស​រូបនេះ​តូច ចិត្ត​អស់​ផ្លូវ​ដើរ ក៏​សម្រេចចិត្ត​បញ្ចប់ជីវិត​ខ្លួនឯង ពី​លោកិយ​នេះ​ដោយ​គ្មាន​ស្តាយស្រណោះ​ប្រពន្ធ និង កូនៗ​ឡើយ ហើយ​ទុកឱ្យ​កូនៗ​ក្លាយជា​ក្មេង កំព្រា​ឪពុក រស់​ខ្វះ​ភាពកក់ក្តៅ រៀន​ក៏​មិន​ជាប់ លាប់ តើ​ទៅ​ថ្ងៃក្រោយ​វាសនា​របស់​ពួកគេ​នឹង​ទៅជា​យ៉ាងណា បើ​ជីវភាព​ក្រីក្រ​រកតែ​ផ្ទះ​ជ្រក​គ្មាន ផង​នោះ ។

ដោយឡែក​កូនៗ​របស់​បុរស​ដែល​ធ្វើឃាត ចង់ក​សម្លាប់​ខ្លួនឯង​នោះបាន​និយាយ​ទាំងអស់ សង្ឃឹម​ក្នុង​ជីវិត​ថា «​ពូ​អើយ ! ពួក​ខ្ញុំ​ចង់ទៅ​រៀន​ណាស់ តែ​ធ្វើ​ម៉េច​បើ​ជីវភាព​គ្រួសារ​របស់ខ្ញុំ​លំបាក​យ៉ាងនេះ ។ ការ​ទៅ​រៀន​រាល់ថ្ងៃនេះ​មិនបាន ទៀងទាត់​នោះទេ ពេលខ្លះ​ក៏បាន​ទៅ​សាលា ពេលខ្លះ​ក៏​មិនបាន​ទៅ ដោយនៅ​ជួយ​ដើរ​ស៊ីឈ្នួល​គេ​ជាមួយ​ម្តាយ ។ ម្យ៉ាង​ខ្ញុំ​គ្មាន​សម្លៀកបំពាក់​សិស្ស និង សៀវភៅ ប៊ិក ទៅ​រៀន​ដូច​គេ​នោះទេ ដូច្នេះ មិនដឹងថា​ជីវិត​របស់​ពួក​ខ្ញុំ​ទៅជា​យ៉ាងណា​នោះទេ មានតែ​រស់​ទៅតាម​យថាកម្ម​ទៅ​ចុះ​» ។​

ជីវិត​ទុគ៌ត ម្តាយ និង កូន​ស្គាល់​តែ​ទឹកភ្នែក​

​លោក ហាស់ សាម៉ុន ជា​ក្រុមប្រឹក្សាឃុំ​បាន ឱ្យដឹងថា បុរស​ដែល​ចង​-​ក​សម្លាប់ខ្លួន​នេះ​ពិតជា មានការ​តូចចិត្ត​ខ្លួនឯង ព្រោះ​នៅពេល​មុន​កើតហេតុ​គាត់​បាន​ដើរ​ប្រាប់​គេឯង​ថា​មិន​ចង់​រស់នៅ ទេ គ្មាន​អ្នកណា​អើពើ​ជាមួយ​គាត់​ទេ ម្យ៉ាង​ជីវភាព​ក៏​ក្រីក្រ​ទៀត ។ កន្លងមក​បុរស​រូបនេះ​ធ្លាប់ មាន​ប្រពន្ធ​ម្តង​រួចមកហើយ​កាល​នៅ​ធ្វើជា​ទាហាន ហើយ​បាន​លែងលះគ្នា ហើយ​បុរស​រូបនេះ​មិន ចេះ​ជួយ​រកស៊ី​ធ្វើ​ការងារ​ប្រពន្ធ​កូន​ទេ បណ្តោយឱ្យ​គ្នារ​ស់ទាំង​ត្រដាបត្រដួស​ស៊ី​អត់​ស៊ី​ឃ្លាន ហើយ​ស្ត្រី ហាស់ សូត្រ នេះ​ហាក់ដូចជា​មានកម្ម​ពៀរ​ណាស់ កាលពី​នៅ​ក្រមុំ​មាន​កំលោះៗ​ជាច្រើន បាន​ចូល​ស្តីដណ្តឹង តែ​នាង​បានប្រកែក​មិន​យក​ទេ តែ​បែរជា​មក​ស្ម័គ្រស្មោះ​ជាមួយ​បុរស​ពោះម៉ាយ​មិនចេះ​រកស៊ី​នេះ​ទៅវិញ ។

ជីវិត​ទុគ៌ត ម្តាយ និង កូន​ស្គាល់​តែ​ទឹកភ្នែក​

បន្ទាប់ពី​ប្តី​ចង​-​ក​សម្លាប់ខ្លួន​លើផ្ទះ​មក ផ្ទះ​របស់​នាង​ត្រូវ​រុះ​ចោល ព្រោះ​គេ​មានជំនឿថា បើ​ទុក​នៅ​វា​នាំ​តែ​ចង្រៃ និង មានការ​ភ័យខ្លាច ។ ពេលនេះ​បន្ទាប់ពី​ធ្វើបុណ្យ​ឱ្យ​ប្តី​ហើយ​នាង​បាន​នាំ​កូនៗ​ទាំងបី​នាក់មក​ជ្រកកោន​នៅក្រោម​ដំបូលផ្ទះ​បងៗ ។ ដោយឡែក​ជីវភាព​របស់​នាង​រក​ព្រឹក ខ្វះ​ល្ងាច ព្រោះថា​នាង​ជា​មេ​គ្រួសារ ហើយ​គ្មាន មុខរបរ​អ្វី​ក្រៅតែពី​ដើរ​ស៊ីឈ្នួល​អ្នកភូមិ​នោះទេ សូម្បីតែ​សៀវភៅ ប៊ិក សម្លៀកបំពាក់ សម្រាប់ ឱ្យ​កូន​រៀន​ក៏​គ្មាន​ផង ។ ដូច្នេះ​សុំ​អំពាវនាវ​ឱ្យ​សប្បុរសជន​ជួយ​ដល់​គ្រួសារ​មួយ​នេះ​ផង បើ​មិនបាន​អ្វី​សុំ​ឱ្យតែ​ជួយ​សម្ភារ​សិក្សា​ដល់​ក្មេងៗ​ទាំង នេះ​បាន​ទៅ​រៀន​ផង​ចុះ ៕​លី​លី​

ជីវិត​ទុគ៌ត ម្តាយ និង កូន​ស្គាល់​តែ​ទឹកភ្នែក​