សុខភាព &raquo សុខភាព

តាម​ការ​រក​ឃើញ​របស់​អ្នក​វិទ្យាសាស្ត្រ​បាន​ព្រមាន​ថា ការ​អង្គុយ​ច្រើន​ពេក​បង្កើន​ហានិភ័យ​កើត​ជំងឺ​ទឹកនោមផ្អែម បើ​ទោះជា​បុគ្គល​នោះ​ហាត់ប្រាណ​ទៀងទាត់​រាល់ថ្ងៃ​ក៏​ដោយ ។ ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា បុគ្គល​ដែល​អង្គុយ​តិច តែ​ហាត់ប្រាណ​ច្រើន​ជួយ​កាត់​បន្ថយ​ហានិភ័យ​ពី​ការ​ធាត់​លើស​ទម្ងន់​(​កត្តា​នាំ​ឱ្យ​កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម)​ក្នុង​កម្រិត​ខ្ពស់ ។

ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ University College London ចក្រភព​អង់គ្លេស​បាន​និយាយ​ថា រយៈពេល​វែង​នៃ​ពេល​សម្រាក​លំហែកាយ​ដោយ​មិន​មាន​សកម្មភាព​រៀង​កាយ​ឈ្មោះ​ថា​អ្នក​បាន​កាត់​បន្ថយ​អត្ថប្រយោជន៍​ពី​ការ​ហាត់ប្រាណ ។ នេះ​មាន​ន័យ​ថា វិធី​ល្អ​បំផុត​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ធាត់​លើស​ទម្ងន់ គឺ​អង្គុយ​ឱ្យ​បាន​តិច​បំផុត​និង​បន្ថែម​ការ​ហាត់ប្រាណ​ឱ្យ​បាន​ច្រើន ។

ការ​ពិសោធ​លើ​មន្ត្រីរាជការ​ស៊ី​វី​ល​៤​ពាន់​នាក់​រយៈពេល​ពី​៥​ទៅ​១០​ឆ្នាំ​បាន​បង្ហាញ​ថា អ្នក​ដែល​ចំណាយពេល​អង្គុយ​មើល​ទូរទស្សន៍ អង្គុយ​ធ្វើការ​មិន​ងើប​ចេញពី​កន្លែង អង្គុយ​ដេ​ប៉ាក់​...​ច្រើន​មោ​៉​ង​ក្នុង​មួយ​ថ្ងៃ​ៗ​ប្រឈម​នឹង​ការ​ធាត់​លើស​ទម្ងន់ ១/៤​ធៀប​ទៅ​នឹង​អ្នក​ដែល​អង្គុយ​តិច ។

ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិបត្រ Diabetologia វេជ្ជបណ្ឌិត Joshua Bell អ្នកនិពន្ធ​លទ្ធផល​ការ​សិក្សា​បាន​បញ្ជាក់​ថា ប្រសិទ្ធភាព​នៃ​ការ​ធ្វើ សកម្មភាព​រាង​កាយ​ដើម្បី​ទប់ស្កាត់​ភាពធាត់​លើស​ទម្ងន់​គឺ​អាស្រ័យ​លើ​ចំនួន​ពេលវេលា​ដែល​បុគ្គល​ម្នាក់​ៗ​អង្គុយ​ក្រោយ​ទំនេរ​ពី​ការងារ ។ ដូច្នេះ ការ​បូក​បញ្ចូល​គ្នា​រវាង​ការ​ធ្វើ​សកម្មភាព​រាង​កាយ​កម្រិត​ខ្ពស់ និង​ពេលវេលា​អង្គុយ​កម្រិត​ទាប​អាច​នឹង​ជួយ​កាត់​បន្ថយ​ហានិភ័យ​ធាត់​លើសទម្ងន់​ជា​ហេតុ​នាំ​ឱ្យ​វិវឌ្ឍន៍​ទៅ​ជា​ជំងឺ​ទឹកនោមផ្អែម ៕

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព