សុខភាព &raquo សុខភាព

ការ​ស្រាវជ្រាវ​ថ្មី​មួយ​ដែល​ពិសោធ​លើ​មនុស្ស​១៨០០​នាក់​បាន​រក​ឃើញ​ថា ដើរ​៦​ពាន់​ជំហាន​ឬ​រយៈពេល​១​ម៉ោង​ក្នុង​មួយ​ថ្ងៃ អាច​ជួ​ួ​យ​ធ្វើ​ឱ្យ​ល្អ​ប្រសើរ​ដល់​សន្លាក់​ក្បាល​ជង្គង់ និង​ទប់ស្កាត់​បាន​នូវ​ពិការ​ភាព ។ មនុស្ស​វ័យ​ចំណាស់​ជា​ច្រើន​ដែល​មាន​បញ្ហា​សន្លាក់​ជង្គង់​តែង​ជួប​ការ​លំបាក​នៅ​ពេល​ឡើងជណ្តើរ​ឬ​ក្រោក​ពី​កៅអី ប៉ុន្តែ​ការ​រក​ឃើញ​លើក​នេះ​ហាក់ដូចជា​ចម្លែក​បន្តិច ខណៈ​បង្ហាញ​ថា ការ​ដើរ​កាន់តែ​ច្រើន​ធ្វើ​ឱ្យ​ល្អ​ប្រសើរ​ដល់​មុខងារ​ប្រចាំ​ថ្ងៃ ។

Daniel White អ្នកដឹកនាំ​ការ​សិក្សា​និង​ជា​សាស្ត្រាចារ្យ​ជំនួយ​សាកលវិទ្យាល័យ Boston University សហរដ្ឋអាមេរិក​បាន​ថ្លែង​ថា បុគ្គល​ដែល​កំពុង​ប្រឈម​ឬ​ក៏​មាន​បញ្ហា​សន្លាក់​ជង្គង់​រួច​ជា​ស្រេច​ហើយ​នោះ គួរតែ​ដើរ​ឱ្យ​បាន​៦​ពាន់​ជំហាន​ក្នុង​មួយ​ថ្ងៃ ។ ការ​ដើរ​កាន់តែ​ច្រើន ហានិភ័យ​កើត​មាន​ពិការ​ភាព​មុខងារ​ប្រចាំ​ថ្ងៃ​កាន់តែ​ថយ​ចុះ​ផង​ដែរ ។ លោក​បាន​បន្ត​ថា គ្រប់​ជំហាន​ដែល​បាន​ដើរ​ពេញ​មួយ​ថ្ងៃ​គឺ​ត្រូវ​បាន​រាប់​បញ្ចូល​ទាំងអស់ ។

សាស្ត្រាចារ្យ​រូប​នេះ​បាន​បន្ថែម​ថា ជា​ធម្មតា ក្នុង​មួយ​នាទី មនុស្ស​អាច​ដើរ​បានជា​មធ្យម​ប្រមាណ​ជា​១០០​ជំហាន ។ ដូច្នេះ​ដើម្បី​ឱ្យ​បាន​៦​ពាន់​ជំហាន គេ​ត្រូវ​ចំណាយពេល​១​ម៉ោង​ក្នុង​មួយ​ថ្ងៃ ។ វា​ហាក់​មិន​ខុស​គ្នា​ចំពោះ​ទីកន្លែង​ដែល​បោះ​ជំហាន​ដើរ​ពីឆ្វេង​ឬ​ស្តាំ​ឡើយ ។

ការ​សិក្សា​ដែល​បាន​ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិបត្រ Arthritis Care & Research បាន​សរសេរ​ថា ដើរ​មិន​ត្រឹមតែ​ជួយ​បង្កើន​កម្លាំង​សាច់ដុំ និង​ភាព​បត់បែន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំង​អាច​ជួយ​កាត់​បន្ថយ​ការ​ឈឺចាប់​សន្លាក់​បាន​ទៀត​ផង ។ រៀង​រាល់​ការ​ដើរ​១០០០​ជំហាន​គឺ​អាច​កាត់​បន្ថយ​ការ​ពិការ​ភាព​មុខងារ​ផ្សេង​ៗ​បាន​ពី​១៦​ទៅ​១៨​ភាគរយ៕

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព