បញ្ជរ​បង់ប្រាក់​ឆ្លងកាត់​ផ្លូវជាតិ​លេខ​4​រៀបចំ​ចុះ​ឈ្មោះ​ម្ចាស់​រថយន្ត​លើកលែង​ការ​បង់ប្រាក់

បញ្ជរ​បង់ប្រាក់​ឆ្លងកាត់​ផ្លូវជាតិ​លេខ​4​រៀបចំ​ចុះ​ឈ្មោះ​ម្ចាស់​រថយន្ត​លើកលែង​ការ​បង់ប្រាក់

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន អេ​ហ្ស៊ិ​ត​(AZ) ដែល​ជា​ក្រុមហ៊ុន​វិនិយោគ លើ​ផ្លូវជាតិ​លេខ​៤ បាន​អនុវត្ត​តាម​សេចក្តីណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ប្រកាស​ជា​សាធារណៈ​នៅ​ក្នុង​ពិធី​សម្ពោធ​ស្ពាន​អាកាស​៥​មក​រា អំពី​ការ​សម្រេច​លើកលែង មិន​យក​ប្រាក់​ចំពោះ​រថយន្ត​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ដែល​រស់នៅ​អម​សងខាង​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ហើយ​ក្រុមហ៊ុន​AZ ក៏​បាន​ចាប់​អនុវត្ត​ពី​ម៉ោង​១២​និង​១​នាទី យប់​ឈាន​ចូល​ថ្ងៃ​ទី​៧  មក​រា ដោយ​ត្រឹមត្រូវ​ដែរ ។
លោក ជួន វ៉ា​ន់​ឌ​ន តំណាង​ក្រុមហ៊ុន​អេ​ហ្ស៊ិ​ត​បានឱ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​សេចក្ដីណែនាំ ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្រុមហ៊ុន​បាន​អនុវត្ត​តាម ហើយ​បុគ្គលិក​ក្រុមហ៊ុន​បាន​ធ្វើ​យ៉ាង​មមាញឹក​សម្រាប់​ការ​ផ្សព្វផ្សាយ​លិខិត​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន ដែល​បាន​សម្រេច​នូវ​គោលការណ៍ ដល់​អ្នកបើកបរ​រថយន្ត​គ្រប់​ប្រភេទ ។ ការ​រៀបចំ​ទីស្នាក់ការ​ចុះ​ឈ្មោះ និង​ដាក់​ពាក្យ​ស្នើ​សុំ​ការ​លើកលែង​មិន​បង់ប្រាក់ សម្រាប់​រថយន្ត​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​រស់នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​៤ ដែល​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​ញឹកញាប់ និង​ជា​ប្រចាំ​និង ការ​ចែក​ជូនពាក្យ​ស្នើ​សុំ​លើកលែង​ការ​បង់​សេវា​ប្រើប្រាស់​ផ្លូវ​ខាងលើ​នោះ កំពុង​មាន​សកម្មភាព​មមាញឹក ។

តំណាង​ក្រុមហ៊ុន រូប​នោះ​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា ក្រុមហ៊ុន​បាន​ចាប់ផ្ដើម​ទទួល​ការ​ចុះ​ឈ្មោះ តាំងពី​វេលា​ល្ងាច​ថ្ងៃ​ទី​៦ មក​រា ហើយ​គិត​រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​៧ មក​រា មាន​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ទៅ​ចុះ​ឈ្មោះ​និង​ដាក់​ពាក្យ​ស្នើ​សុំ​ការ​លើកលែង មិន​បង់​សេវា​ប្រើប្រាស់​ផ្លូវ​ជិត​៤០០​នាក់ ហើយ​ក៏​មានការ​ចែក​ប័ណ្ណ​ព័ត៌មាន​ផ្សេង​ៗ​ច្រើន​រយ​សន្លឹក​ទៀត​ផង​ដែរ ។

កន្លង​មក ចំពោះ​រថយន្ត​លក្ខណៈ​គ្រួសារ​របស់​ប្រជាពលរដ្ឋ មន្ត្រីរាជការ​ដែល​ឆ្លងកាត់​ផ្លូវ​នោះ​ញឹកញាប់​និង​ជា​ប្រចាំ និង​ជា​អ្នក​រស់នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤​នោះ ត្រូវ​បាន​ក្រុមហ៊ុន​ចេញ​ប័ណ្ណ​ពិសេស បញ្ចុះតម្លៃ​ពី​២៨០០​រៀល​មក​នៅ​ឱ្យ​ត្រឹម​១៨០០​រៀល​ប៉ុណ្ណោះ ។ ប៉ុន្តែ​ពេល​នេះ គឺ​គ្មាន​ការ​បង់ថ្លៃ​សេវា​ផ្លូវ​នោះ​ទៀត​ទេ គឺ​ពួក​គាត់ ត្រូវ​មក​ដាក់​ពាក្យ​ស្នើ​សុំ​លើកលែង​ឱ្យ​បាន​ត្រឹមត្រូវ ។

ប៉ុន្តែ​ការ​លើកលែង​នេះ សម្រាប់​អ្នក​នៅ​ជិត​បញ្ជរ​បង់ប្រាក់ មិនមែន​មាន​ន័យ​ថា អ្នក​រស់នៅ​ឯ​ខេត្ត ព្រះ​សីហ​នុ ហើយ​ត្រូវ​មក​ភ្នំពេញ ឆ្លងកាត់​បញ្ជរ​បង់ប្រាក់ កំ​បូល ឬ​អ្នក​នៅ​ភ្នំពេញ ត្រូវ​ទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ ឆ្លងកាត់​បញ្ជរ​បង់ប្រាក់​អូរ​ចំណារ​អត់​បង់ប្រាក់​ដែរ​នោះ​ឡើយ គឺ​ត្រូវ​បង់​ទៅ​តាម​តម្លៃ​ជា​ធម្មតា ។ ចំណុច​នេះ​សម្តេច​នាយក​រដ្ឋមន្ត្រី ក៏​បាន​មាន​ប្រសាសន៍​បែប​នឹង​ដែរ ។

ទាក់ទិន​ទៅ​នឹង​បញ្ហា​ខាងលើ គេ​សង្កេត​ឃើញ​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​៧ ខែមករា មាន​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ ដែល​ជា​អ្នក​រស់នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ដែល​ឆ្លងកាត់​ផ្លូវ​នោះ​ញឹកញាប់​និង​ជា​ប្រចាំ បាន​នាំ​គ្នា​ទៅ​សុំ​ចុះ​ឈ្មោះ និង​ដាក់​ពាក្យ​ស្នើរ​សុំ​ការ​លើកលែង​មិន​បង់ប្រាក់​នោះ​ជា​បន្តបន្ទាប់ ។ ពួក​គាត់​បាន​និយាយ​ថា បើ​ក្រុមហ៊ុន​ធ្វើ​បាន​តាម​ប្រសាសន៍​ប្រមុខ​រាជរដ្ឋាភិបាល​មែន ពួក​គាត់​សប្បាយចិត្ត​ហើយ​គាំទ្រ​ជា​និច្ច ៕