ប្រពន្ធ​កូនខ្ចី​ឪពុកចុង​ប៉ង​ចាប់​កូនស្រី​រំលោភ

ប្រពន្ធ​កូនខ្ចី​ឪពុកចុង​ប៉ង​ចាប់​កូនស្រី​រំលោភ

ខេត្តកណ្ដាល ៖ បុរស​ល្មោភកាម​ម្នាក់ ខណៈ​ប្រពន្ធ​កូនខ្ចី បាន​ព្យាយាម​ប៉ង​រំលោភ​កូនស្រី​ចុង​នៅ​ក្នុង​បន្ទប់ កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៦ មក​រា នៅ​ឃុំ​កោះ​ចូ​រ៉ា​ម ស្រុក​ខ្សាច់កណ្ដាល ខណៈ​កូនស្រី​កំពុង​ផ្លាស់​សម្លៀក​បំពាក់ ។

ដោយសារ​តែ​មិន​ពេញចិត្ត​នឹង​ទ​ង្វើ​របស់​ឪពុកចុង​ដែល​មានគំនិត​ស្មោកគ្រោក​នេះ នារី​ជា​កូនចុង​បាន​សម្រេចចិត្ត​ជាមួយ​ម្ដា​យមក​ប្ដឹង​នគរបាល​ឱ្យ​ចាត់ការ​តាម​ផ្លូវច្បាប់​ឃាត់ខ្លួន​បុរស​ល្មោភកាម​នោះ នៅ​ម៉ោង​៤​រសៀល ថ្ងៃ​ទី​៦ មេ​សា ។មន្ដ្រី​នគរបាល​ស្រុក​ខ្សាច់កណ្ដាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ឈ្មោះ អឿ​ន សំ​អុល អាយុ​៤១​ឆ្នាំ ត្រូវជា​ឪពុកចុង​របស់​នារី​រង​គ្រោះ អាយុ​១៦​ឆ្នាំ ។

ការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ អឿ​ន សំ​អុល នេះ​ធ្វើ​ឡើង​តាម​ពាក្យបណ្ដឹង​របស់​នារី​រង​គ្រោះ​ត្រូវជា​កូនចុង​បាន​ចោទ​ថា នៅ​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​៥ មក​រា ឪពុកចុង​ឈ្មោះ អឿ​ន សំ​អុល បាន​ក្រោក​ពី​កន្លែងដេក​ជាមួយ​ប្រពន្ធ​ដែល​ទើប​មានកូន​ខ្ចី​បាន​មួយ​ខែ​ទៅ​គោះ​ទ្វារ​បន្ទប់ដេក​របស់​កូនស្រី​ចុង ។ ពេល​នោះ​នាង​បាន​បើកទ្វារ​អើត​មើ​ក​ឃើញ​ឪពុកចុង​របស់​ខ្លួន​ក៏​បាន​ទាញ​ទ្វារ​បិទ​ទៅ​វិញ ហើយ​បន្ត​ដេក​ទៀត​ទៅ ។ លុះដល់​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៦ មក​រា បុរស​ជា​ឪពុកចុង​ក៏​បាន​ទៅ​គោះ​ទ្វារ​បន្ទប់​កូនស្រី​ហៅ​ឱ្យ​បើកទ្វារ​ម្ដងទៀត ។ ពេល​នោះ​នាង​បាន​បើកទ្វារ​មើល​ម្ដងទៀត​ឃើញ​ឪពុកចុង​ខ្លួន កំពុង​កាន់​កាំបិត​ផ្គាក់​នៅ​ខាង​មុខទ្វារ​បន្ទប់​ក៏​បិទទ្វារ​វិញ​ភ្លាម ។

ពេល​នោះ​ប្រពន្ធ​ក៏​បាន​ស្រែកសួរ​ពី​ការ​ទៅ​គោះ​ទ្វារ​បន្ទប់​កូន​ទាំង​កណ្ដាលអធ្រាត្រ​ដោយ​និយាយ​ថា ចង់​ជាប់គុក​ឬ ។ ដោយសារ​តែ​ភ័យ​ខ្លាច​ពេក ពេល​នោះ​នារី​ជា​កូនចុង​បាន​ទៅ​ដេក​ជាមួយ​ជីដូន​រហូត​ដល់​ភ្លឺ ។  លុះដល់​វេលា​ម៉ោង​៦ និង​៣០​នាទី​ព្រឹក នាង​បាន​ចូល​ទៅ​ប្ដូរ​សម្លៀក​បំពាក់​នៅ​ក្នុង​បន្ទប់​របស់​ខ្លួន ស្រាប់តែ​ឪពុកចុង​តិរច្ឆាន​រូប​នេះ ទំនង​តណ្ហា​ឡើង​ពេញ​ដើមទ្រូង​ពេក បាន​ដើរ​ចូល​ទៅ​ចាប់​អោប​នាង​ពីក្រោយ និង​បាន​និយាយ​ថា ម៉ែកូន​ខ្ចី​ធ្វើ​មិនកើត​ធ្វើ​កូន​វិញ​ម្ដង​មើល និង​បាន​ប្រាប់​កុំឱ្យ​ស្រែក ។ ពេល​នោះ​នារី​កូនចុង​បាន​ស្រែកហៅ​ម្ដាយ​ឱ្យ​ជួយ និង​បាន​រើបំរះ​រួច​រត់​ចេញ​មក​ខាងក្រៅ​បន្ទប់​ផុត​ពី​ក្រញាំ​ដៃ​បុរស​បី​សាច​ល្មោភកាម​ជា​ឪពុកចុង​នេះ ។

ក្រោយ​ពី​ហេតុការណ៍​នេះ​បាន​កើតឡើង នារី​រង​គ្រោះ និង​ម្ដាយ​បាន​សម្រេចចិត្ត​ទៅ​ប្ដឹង​នគរបាល ដើម្បី​ឃាត់ខ្លួន​ឱ្យ​សមត្ថកិច្ច​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ។ លុះដល់​ម៉ោង​៤​រសៀល ថ្ងៃ​ទី​៦ មក​រា នគរបាល​ស្រុក​ខ្សាច់កណ្ដាល បាន​ឃាត់ខ្លួន​ឪពុកចុង​មារយាទថោក កសាង​សំណុំរឿង​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ៕