វិចារណកថាៈ ទំនាក់ទំនង កម្ពុជា-អាមេរិក ឆ្ពោះទៅមុខ

 មួយរយៈពេលកន្លងទៅនេះ ទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក បានក្លាយទៅជារឿង គួរឲ្យចាប់ អារម្មណ៍ មួយ ដោយហេតុថា សហរដ្ឋអាមេរិកកាន់តែយកចិត្តទុកដាក់ចំពោះស្ថានការណ៍នយោបាយ ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ប្រទេសកម្ពុជា។ ជាក់ស្តែងថ្មីៗនេះ សមាជិកសភាអាមេរិកមួយក្រុម បានសម្តែង ការគាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ។ ការដែលសហរដ្ឋអាមេរិក យកចិត្តទុកដាក់ ចំពោះ ស្ថានភាពនយោបាយ និងសេដ្ឋកិច្ច នៅកម្ពុជា គឺជាបញ្ហាដ៏សំខាន់មួយ ព្រោះអាមេរិកបានផ្តល់ជំនួយយោធា និងជំនួយអភិវឌ្ឍន៍យ៉ាងច្រើន សម្រាប់កម្ពុជាផងដែរ។ ទំនាក់ទំនងល្អរវាងសហរដ្ឋអាមេរិក និងកម្ពុជា គឺជាកត្តាសំខាន់បំផុត ដើម្បីធ្វើឲ្យកម្ពុជា កាន់តែមានការរីកចម្រើនលើផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ការអប់រំ និងប្រឆាំងអំពើភេរវកម្មជាដើម។ នេះជាបញ្ហា មួយដែលអាចធ្វើឲ្យកម្ពុជាបោះជំហានទៅមុខយ៉ាងលឿនផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្ម ហើយស្ថិរភាពនយោបាយ និងសន្តិសុខសង្គមកាន់តែប្រសើរ។

 អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺស្ថានទូតអាមេរិកប្រចាំកម្ពុជា បានចេញសេចក្តីថ្លែងការណ៍អបអរសាទ ទិវាជ័យជំនះ ៧មករា ១៩៧៩-២០១៦ ថាជាជ័យជំនះលើពួកខ្មែរក្រហម គឺជាជ័យជំនះរបស់ប្រជាជនកម្ពុជា ទាំងអស់ ។ យោងតាមបណ្តាញទំនាក់ទំនងសង្គម (Facebook) នៅថ្ងៃទី៧ មករា ឆ្នាំ២០១៦ ស្ថានទូតអាមេរិក បានកត់សម្គាល់ថា “ជ័យជំនះរបស់ប្រទេសកម្ពុជានៅថ្ងៃ៧មករា កត់សម្គាល់ការរំដោះទីក្រុងភ្នំពេញ ពីរបបខ្មែរ ក្រហម ដែលជារបបមួយត្រូវគេមើលឃើញច្បាស់ថា ស្ថិតក្នុងចំណោមរបបដ៏អាក្រក់បំផុត នៅក្នុងប្រវត្តិសាស្ត្រ។ ជ័យជំនះលើពួកខ្មែរក្រហម គឺជាជ័យជំនះរបស់ប្រជាជនកម្ពុជាទាំងអស់”។ សេចក្តីថ្លែងការណ៍របស់ស្ថាន ទូតអាមេរិកបែបនេះ គឺជាលើកទី១ហើយ ដែលសហរដ្ឋអាមេរិកបង្ហាញជំហរគាំទ្រថ្ងៃ៧មករា ឆ្នាំ១៩៧៩ ដែលជាថ្ងៃផ្តួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម ប៉ុល ពត ។ កន្លងមក សហរដ្ឋអាមេរិកមិន ដែលមាន ចំណាប់ អារម្មណ៍ចំពោះទិវាជ័យជំនះ ៧មករា ដែលជាថ្ងៃកំណើតទី២ របស់ប្រជាពលរដ្ឋខ្មែរនោះទេ។

 នៅក្នុងសេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិក នៅថ្ងៃ៧មករា ឆ្នាំ២០១៦ បានលើកឡើងទៀតថា “ថ្ងៃនេះ យើងសូមសម្តែងនូវទុក្ខសោកចំពោះការបាត់បង់ជីវិតមនុស្សជិត ២លាននាក់ និងការខ្ចាត់ព្រាត់នៅក្នុងជីវិត មនុស្សជាច្រើនទៀត ។ ក្នុងនាមជាមិត្តរបស់ប្រជាជនកម្ពុជា បំណងដ៏មុតមាំរបស់យើង គឺចង់ឃើញប្រជាជន កម្ពុជា ក្នុងគ្រប់ជំនឿទាំងអស់ បន្តធ្វើការជាមួយគ្នាដើម្បីកសាងអនាគតមួយ ដែលមានវិបុលភាព និងប្រជាធិប តេយ្យកាន់តែច្រើនឡើងៗ”។ តាមរយៈសេចក្តីថ្លែងការណ៍នេះ បានបង្ហាញថា សហរដ្ឋអាមេរិក បានធ្វើការតាម ដានដោយយកចិត្តទុកដាក់ចំពោះបញ្ហាដែលកើតឡើងក្នុងប្រទេសកម្ពុជា ជាពិសេសការរស់នៅរបស់ ប្រជាពលរដ្ឋកម្ពុជា និងរបបដឹកនាំនៅកម្ពុជាផងដែរ។ ចំណាប់អារម្មណ៍របស់សហរដ្ឋអាមេរិក លើថ្ងៃ៧មករា គឺជារឿងថ្មីមួយដែលបង្ហាញថា ទំនាក់ទំនងកម្ពុជា-អាមេរិក កំពុងឆ្ពោះទៅមុខ។

 សូមបញ្ជាក់ថា សេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា បង្ហាញនូវជំហរគាំទ្រថ្ងៃ៧មករា ដែលជា ថ្ងៃផ្តួលរំលំរបបខ្មែរក្រហម ប៉ុល ពត បានកើតឡើងមុនពេលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ទៅចូលរួមក្នុងកិច្ចប្រជុំដ៏សំខាន់មួយ នៅសហរដ្ឋអាមេរិក នាពេលឆាប់ៗខាងមុខ។ តាមរយៈកិច្ចប្រជុំនោះ អាចធ្វើទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក កាន់តែមានភាពរឹងមាំ និងល្អប្រសើរជាងមុនទៅទៀត ព្រោះសហរដ្ឋ អាមេរិក មើលឃើញកាន់តែច្បាស់ចំពោះស្ថិរភាពនយោបាយ សន្តិសុខសង្គម និងការរីកចម្រើននៅក្នុង ប្រទេសកម្ពុជា។ នៅពេលដែលមើលឃើញការពិតបែបនេះ សហរដ្ឋអាមេរិកអាចផ្តល់ជំនួយ សម្រាប់កម្ពុជាកាន់ តែច្រើនឡើងៗ ទាំងវិស័យយោធា សុខាភិបាល អប់រំ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សជាដើម។ ជាពិសេសតាមរយៈដៃគូសំខាន់ៗ នៅក្នុងប្រទេសកម្ពុជា សហរដ្ឋអាមេរិក អាចជួយឲ្យប្រជាពលរដ្ឋកម្ពុជា មានជីវភាពធូរធារ និងមានកម្រិតយល់ដឹងកាន់តែខ្ពស់ថែមទៀតជាមិនខាន។

 អ្នកតាមដានស្ថានភាពនយោបាយ និងបញ្ហាសង្គមក្នុងប្រទេសកម្ពុជាបានលើកឡើងថា មួយរយៈពេលចុង ក្រោយនេះ សមាជិកសភាអាមេរិក មន្ត្រីរដ្ឋាភិបាលអាមេរិក និងស្ថានទូតអាមេរិកប្រចាំកម្ពុជា បានយកចិត្តទុក ដាក់កាន់តែខ្លាំងចំពោះស្ថានភាពនយោបាយនៅកម្ពុជា។ ក្នុងនោះ សេចក្តីថ្លែងការណ៍របស់ស្ថានទូត អាមេរិកកាលពីថ្ងៃទី៧មករា ឆ្នាំ២០១៦ បានបង្ហាញថា ទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក កាន់តែមានភាព រឹងមាំ និងបោះជំហានទៅមុខយ៉ាងរលូន ដូច្នេះកិច្ចសហប្រតិបត្តិការកាន់តែមានភាពល្អប្រសើរជាមិនខាន។ នៅពេលដែលទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរ អាចជួយឲ្យស្ថិរភាព នយោបាយកាន់តែរឹងមាំ សេដ្ឋកិច្ច ពាណិជ្ជកម្មកាន់តែរីកចម្រើន និងមានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងប្រទេសកម្ពុជា។ លើសនេះទៅទៀតទំនាក់ទំនងល្អរវាងកម្ពុជា-អាមេរិក អាចធ្វើលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា កាន់តែប្រសើរជាងមុនទៅទៀត៕