ខ្សឹបដាក់ត្រចៀកៈ លោក ប៉ុន ប៊ុនឈាន ល្បីខាងពូកែរកចំណូល ចូលហោប៉ៅ

 លោក ប៉ុន ប៊ុនឈាន មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ឈរជើងនៅក្នុងខេត្តតាកែវ កំពុងត្រូវបាន ឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ខេត្តតាកែវ រិះគន់ថា ប្រើអំណាចជំរិតយកលុយពី ពួកគាត់ស្រេចតែអំពើចិត្ត ដោយគ្មានញញើតអ្វីទាំងអស់។

ប្រភពពីឈ្មួញ និងអាជីវករនាំចូលទំនិញពីប្រទេស វៀតណាមតាមច្រកភ្នំដិន និងច្រកកំពង់ក្រសាំងបានឲ្យដឹងថា ទោះបីទំនិញពួកគាត់បង់ពន្ធជូនរដ្ឋត្រឹមត្រូវ ពេលនាំចូលតាមច្រកព្រំដែន យ៉ាងណាក៏ដោយ ក៏ចៀសមិនផុតពីបង់លុយឲ្យនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ដែលឈរជើងក្នុងខេត្តតាកែវនោះទេ ។

 សេចក្តីរាយការណ៍ពីសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តតាកែវ ក៏បានឲ្យដឹងដែរថា លោក ប៉ុន ប៊ុនឈាន បានប្រើប្រាស់ លិខិតបេសកកម្មដែលចេញដោយអគ្គស្នងការនគរបាលជាតិ ដើម្បីប្រមូលលុយពីរថយន្តដឹកជញ្ជូន ទំនិញឆ្លង កាត់ខេត្តតាកែវ យ៉ាងរលូនបំផុត។ ក្នុងនោះកន្លងត្រួតពិនិត្យរបស់នគរបាលក្រសួងមហាផ្ទៃ នៅក្នុងក្រុងដូនកែវ គឺមិនខុសពីកុងត្រូលជជុះនោះទេ ហើយសូម្បីតែរថយន្តដឹកកសិផលរបស់ប្រជាពលរដ្ឋ ក៏ត្រូវបង់លុយឲ្យ លោក ប៉ុន ប៊ុនឈាន និងបក្ខពួកដែរ។

 ឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ខេត្តតាកែវ ចូលមករាជធានីភ្នំពេញ និងយកទៅចែកចាយតាម បណ្តាខេត្តនានា បានអំពាវនាវឲ្យលោក ចាន់ វាន់ធឿន ប្រធាននាយកដ្ឋាន នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ត្រួតពិនិត្យសកម្មភាពមិនប្រក្រតីរបស់ លោក ប៉ុន ប៊ុនឈាន និងបក្ខពួកជាបន្ទាន់។ ដោយហេតុថា លោក ប៉ុន ប៊ុនឈាន មិនអនុវត្តន៍ឲ្យត្រឹមត្រូវតាមតួនាទីរបស់ខ្លួន ក្នុងការបង្ក្រាបបទល្មើស សេដ្ឋកិច្ចនោះទេ ហើយបែរជាប្រើលិខិតបេសកកម្មជំរិតយកលុយពីឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញ យ៉ាងពេញបន្ទុក។ ទង្វើរបស់ លោក ប៉ុន ប៊ុនឈាន និងបក្ខពួក គឺជាអំពើពុករលួយនៅតាមដងផ្លូវ យ៉ាងច្បាស់ក្រឡែត ហើយកំពុងប្រឈមនឹងការរិះគន់ជុំទិស ពីប្រជាពលរដ្ឋផងដែរ។

 តាមការអះអាងរបស់ឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ខេត្តតាកែវ បានឲ្យដឹងថា ចាប់តាំងពី លោក ប៉ុន ប៊ុនឈាន មកឈរជើងក្នុងខេត្តនេះ ពួកគាត់ត្រូវប្រឈមនឹងការលំបាកយ៉ាងខ្លាំង ព្រោះត្រូវបង់លុយឲ្យ នគរបាល សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ កាន់តែច្រើន។ ឈ្មួញ និងអាជីករបានបញ្ជាក់ទៀតថា ប្រសិនបើពួកគាត់មិន បង់លុយ តាមការកំណត់ទេនោះ ប្រាកដជាត្រូវប្រឈមនឹងផលវិបាកជាមិនខាន ទោះបីពួកគាត់ដឹកជញ្ជូនទំនិញ ស្របច្បាប់ និងបង់ពន្ធត្រឹមត្រូវក៏ដោយ។ ដូច្នេះ លោក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាន នគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ គួរលុបបំបាត់សកម្មភាពមិនប្រក្រតីរបស់ លោក ប៉ុន ប៊ុនឈាន និងបក្ខពួក ជាបន្ទាន់ ដើម្បីកុំឲ្យប៉ះពាល់កេរ្តិ៍ឈ្មោះស្ថាប័ននគរបាលជាតិទាំងមូល៕

ខ្សឹបដាក់ត្រចៀកៈ លោក ប៉ុន ប៊ុនឈាន ល្បីខាងពូកែរកចំណូល ចូលហោប៉ៅ