គន្លឹះ​រក្សា​ពណ៌​រថយន្ត​ឲ្យ​នៅ​តែ​ថ្មី​​ស្អាត​ដោយ​ខ្លួន​ឯង


គន្លឹះ​រក្សា​ពណ៌​រថយន្ត​ឲ្យ​នៅ​តែ​ថ្មី​​ស្អាត​ដោយ​ខ្លួន​ឯង

អ្នក​ប្រើប្រាស់​រថយន្ត​រាល់​ថ្ងៃ ប្រហែល​​មិន​ចាប់​អារម្មណ៍​លើ​ពណ៌​ឬ​ថ្នាំ​រថយន្ត​របស់​ខ្លួន​នោះ​ទេ ជា​ហេតុ​ធ្វើ​ឲ្យ​រថយន្ត​ទាំងមូល​បាត់បង់​សោភណភាព ទោះ​ជា​ទើប​ទិញ​ ឬ​ទិញ​​ប្រើ​យូរ​ឆ្នាំ​ហើយ​ក៏​ដោយ។ ការ​ថែរក្សា​ពណ៌​ថ្នាំ​​​រថយន្ត​ឲ្យ​នៅ​​ស្រស់​ស្អាត​​​ ត្រូវ​ការ​យកចិត្ត​ទុកដាក់​ត្រួត​ពិនិត្យ​ជា​ប្រចាំ។

 

​មាន​វិធី​ផ្សេងៗ​ជា​ច្រើនដើម្បី​រក្សា​ពណ៌​រថយន្ត​ឲ្យ​នៅ​តែ​ថ្មី​​ស្អាត​ ប៉ុន្តែ​ពេលនេះ​អ្នក​ជំនាញ​បាន​លើក​យក​តែ ២ ចំណុច​ប៉ុណ្ណោះ​ដើម្បី​​ឲ្យ​ប្រិយមិត្ត​អាច​ធ្វើ​បាន​ដោយ​ខ្លួន​ឯង​នៅ​ផ្ទះ ដោយ​មិន​ចាំ​បាច់​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ទៅ​រក​សេវាកម្ម​ថែទាំ​រថយន្ត​នៅ​ក្រៅ​។

 

លោក ជា ចាន់ ដែល​ជា​អ្នក​ជំនាញ​ប៉ូលា​រថយន្ត​បាន​ឱ្យ​ដឹង​ថា ការ​រក្សា​ពណ៌​រថយន្ត​ ឬ​ថ្នាំ​រថយន្ត​ឲ្យ​នៅ​តែ​ថ្មី​ស្អាត​រាល់​ថ្ងៃ​មិន​ជា​រឿង​ពិបាក​ទេ ដោយ​គ្រាន់​តែ​អនុវត្ត​តាមវិធី​សាមញ្ញ​ៗ​ដូច​ខាង​ក្រោម៖

 

- វិធី​ទី១៖ ដំបូង​យើង​ត្រូវ​លាង​រថយន្ត​ឲ្យ​បាន​ស្អាត គ្រប់​កន្លុកកន្លៀត ហើយ​ជូត​ឲ្យ​ស្ងួត​ជាមួយ​ថ្នាំ​ប៉ូលា​រថយន្ត​និង​កន្សែង​ស្អាត​មួយ។

 

ត្រង់​ចំណុច​នេះ លោក​បន្ថែម​ថា កាល​ពី​​មុន​ដើម្បី​ឲ្យ​ការ​ប៉ូលា​រថយន្ត​ដោយ​ខ្លួន​ឯង​បាន​ស្អាត ទាល់​តែ​រក​កន្លែង​ណា​ម្លប់ កុំ​ឲ្យ​ត្រូវ​ក្ដៅ និង​ធូលី​ដី ព្រោះ​កាល​មុន​មិន​ទាន់​មាន​ថ្នាំ​ល្អ​ដូច​ឥឡូវ ប៉ុន្តែ​ពេល​បច្ចុប្បន្ន​នេះ​មិន​ចាំ​បាច់​ប្រើ​វិធី​នោះ​ទៀត​ទេ ដោយ​គ្រាន់​តែ​អនុវត្ត​តាម​វិធី​ថ្មី​វិញ​ជា​ការ​ស្រេច​ព្រោះ​មាន​ថ្នាំ​ល្អ​ដែល​អាច​ប៉ូលា​នៅ​ពេល​ត្រូវ​ក្តៅ ឬ​នៅ​មាន​ពេល​សំណើម​បាន។

 

បញ្ជាក់៖ ថ្នាំ​ប៉ូលា​រថយន្ត​ជ្រើស​យក​ប្រភេទ​លេខ ១ ដូច​ជា Formula one ផលិតផល​របស់​សហរដ្ឋ​អាមេរិក ជា​ប្រភេទ​ថ្នាំ​រលោង​សម្រាប់​ជូត​ឲ្យ​ភ្លឺ​ស្អាត​ចំពោះ​រថយន្ត​ដែល​ធ្លាប់​ប៉ូលា​ហើយ វា​មាន​តម្លៃ​សមរម្យ​សម្រាប់​ទំហំ​តូច និង​មធ្យម។

 

- វិធី​ទី២៖ ត្រូវ​ដាក់​កាល​វិភាគ​សម្អាត​រថយន្ត​ដោយ​ខ្លួន​ឯង ឲ្យ​បាន​ទៀង​ទាត់​រយៈ​ពេល ២ ទៅ ៣ ខែ​ម្ដង ទោះ​ជា​រថយន្ត​នោះ​មិន​បើកបរ​ទៅ​ណា​ឆ្ងាយ​ក៏​ដោយ ​ដើម្បី​រក្សា​ពណ៌​​យាន​ជំនិះ​នៅ​តែ​ថ្មី​ជានិច្ច។

 

 

តើ​ប្រិយមិត្ត​បាន​អនុវត្ត​តិចនិក​សាមញ្ញ​ទាំង​ពីរ​នេះ​ហើយ​ឬ​នៅ?

 

ចុច​អាន៖ មើលគុណភាព​រថយន្ត​មួយ​ទឹក​ដោយ​ខ្លួន​ឯង មិន​បាច់​អ្នក​ជំនាញ

 

អត្ថបទ៖ រក្សា