អ្នកធ្វើ​បណ្ណ​បើកបរ​ម៉ូតូ​រួច អាច​ទៅ​ដក​លុយ​វិញ ចាប់ពី​ថ្ងៃទី​១១​ខែមករា​

​ភ្នំពេញ​៖ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានសម្រេច​បង្វិល​សង​ថ្លៃ​បណ្ណ​បើកបរ​ទោចក្រយានយន្ត​ប្រភេទ ក​១ ដែលមាន​កម្លាំង​ម៉ាស៊ីន ១២៥CC ចុះក្រោម ឲ្យ​អ្នកធ្វើ​ប័ណ្ណបើកបរ​រួច បន្ទាប់ពី​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​បញ្ជាក់​តាម ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឲ្យ​អ្នក​អ្នក​ប័ណ្ណបើកបរ និង​អ្នក​បង់ថ្លៃ​សម្រាប់​ការប្រឡង​យក​ប័ណ្ណបើកបរ​រួច អាច​ទៅ​ទទួល​យកលុយ​មកវិញ​។​

​បើ​យោងតាម​សេចក្តីជូនដំណឹង​អន្តរក្រសួង ចុះ​ថ្ងៃទី​៧ មករា​នេះ ការ​បង្វិល​សង​ថ្លៃ​បណ្ណ បើកបរ​ទោចក្រយានយន្ត​ប្រភេទ ក​១ នឹងត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៦ រហូត ដល់​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៦ នៅតាម​បណ្តា​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី ខេត្ត ជា​រៀងរាល់ថ្ងៃ​។ រីឯ អ្នក​បាន​កក់​ប្រាក់​ធ្វើ​បណ្ណ​បើកបរ​ត្រូវយក​បង្កាន់ដៃ​ទទួល​ប្រាក់​កក់ (​ច្បាប់ដើម​) ទៅ​ប្រគល់​ឲ្យ​មន្ទី​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ខេត្ត ដើម្បី​ទទួលបាន​លុយ​បង្វិល​សង​វិញ​។​

​យោងតាម​សេចក្តីជូនដំណឹង​អន្តរក្រសួង​ដដែល ការ​បង្វិល​សង​ថ្លៃ​បណ្ណ​បើកបរ​ទោចក្រយានយន្ត​ប្រ​ភ​ទ ក​១​នេះ ត្រូវ​អនុវត្តន៍​តាម​ប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្តីពី​ការផ្តល់សេវា​សាធារណៈរ​បស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ទឹកប្រាក់​ដែល​ត្រូវ​បង្វិល​សង​វិញ ចំពោះ​អ្នក​ដែលមាន​បណ្ណ​បើកបរ​មុន​ការអនុវត្ត​ប្រកា​សស​រួម ចុះ​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៤ មាន​ចំនួន​សរុប ៨​ម៉ឺន​៩​ពាន់​រៀល ក្នុងនោះ ការប្រឡង​យក​បើកបរ​ចំនួន ៧​ម៉ឺន​៥​ពាន់​រៀល និង​ថ្លៃ​ពិនិត្យ​សុខភាព​ចំនួន ១​ម៉ឺន​៤​ពាន់​រៀល​។ រីឯ អ្នក​ដែលមាន​បណ្ណ​បើកបរ​ក្រោយ​ការអនុវត្ត​ប្រកាស​រួម​លេខ​១៤៣០ ចំនួន​ទឹកប្រាក់​ដែល​ត្រូវ​បង្វិល​សង​វិញ សរុប​ចំនួន ៧​ម៉ឺន​៤​ពាន់​រៀល ក្នុងនោះ ការប្រឡង​យក​បណ្ណ​បើកបរ​ចំនួន ៦​ម៉ឺន​រៀល និង​ថ្លៃ​ពិនិត្យ​សុខភាព​ចំនួន ១​ម៉ឺន​៤​ពាន់​រៀល​៕

ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​