ដុំដែកមូលធំៗ ចំនួន៣ ធ្លាក់ពីលើមេឃ បង្កការភ្ញាក់ផ្អើល នៅវៀតណាម!

វៀតណាម៖ កាលពីពេលថ្មីៗនេះ ប្រជាជននៅតំបន់មួយ ភាគខាងជើងនៃប្រទេសវៀតណាម មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីមានដុំដែកអាថ៌កំបាំង ដែលមានរាងមូលធំ បានធ្លាក់ពីលើមេឃ ចុះមកដោយមិនដឹង អំពីមូលហេតុ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើង នៅក្នុងសួនច្បារអ្នកស្រុកមួយកន្លែង ដែលស្ថិតនៅតំបន់ Yen Bai នៃខេត្ត Tuyen Quang របស់ប្រទេសវៀតណាម ដោយមានដុំដែកអាថ៌កំបាំង មានរូបរាងមូលចំនួន៣ បានធ្លាក់ពីលើមេឃមក ដែលក្នុងនោះដុំដែក ដែលធំជាងគេបំផុត មានទម្ងន់៤៥គីឡូក្រាម ស្របពេលដែល ដុំតូចជាងគេបំផុត មានទម្ងន់២៥០ក្រាម។

បើតាមរបាយការណ៍ ដែលដកស្រង់សម្តី របស់អ្នកស្រុកនៅតំបន់នោះ បានបញ្ជាក់ថា មុនពេលប៉ុន្មាននាទី ដែលមានការប្រទះឃើញ នូវវត្ថុអាថ៌កំបាំងទាំងនេះ ពួកគេបានឮសូរសម្លេង យ៉ាងខ្លាំងពោលគឺដូចជា សម្លេងផ្គរលាន់អញ្ចឹងដែរ។

ដុំដែកមូលធំៗ ចំនួន៣ ធ្លាក់ពីលើមេឃ បង្កការភ្ញាក់ផ្អើល នៅវៀតណាម!
អាជ្ញាធរវៀតណាម កំពុងធ្វើការស៊ើបអង្កេត ដុំដែលមូល ដែលធ្លាក់ពីលើមេឃ

យ៉ាងណាមិញ ក្រោយពីមានការស៊ើបអង្កេត ជាជំហានដំបូងហើយនោះ ក្រសួងការពារជាតិវៀតណាម បានលើកឡើងថា “វត្ថុទាំងនោះអាចជា ធុងស្តុកសម្ពាធខ្យល់របស់យន្តហោះ ឬក៏គ្រាប់រ៉ុកកែតណាមួយ ដែលពេលនេះពួកវា មិនអាចអណ្តែតនៅលើអាកាសបានតទៅទៀត ទោះយ៉ាងណាវត្ថុទាំងនេះមិនបង្កគ្រោះថ្នាក់អ្វីឡើយ។ ពួកវាអាចត្រូវបានផលិតឡើងនៅប្រទេស រុស្ស៊ី តែយើងមិនទាន់ដឹងច្បាស់ ថាពួកវាត្រូវបានលក់ទៅឲ្យ ប្រទេសណាដើម្បី ប្រើប្រាស់ឬក៏ អត់នោះទេ”។

ជាមួយគ្នានេះដែរ លោកសាស្ត្រាចារ្យ Nguyen Khoa អ្នកជំនាញផ្នែកបរិយាកាសផែនដី បានលើកឡើងថា “វត្ថុទាំងនេះអាចជាផ្នែកណាមួយ របស់ផ្កាយរណបចាស់ៗ ដែលត្រូវបានឆេះខូច នៅក្នុងលំហអាកាស នៃផែនដីរបស់យើង។ តែយ៉ាងណាពួកវា មិនមានភាពខូចខាតនោះទេ ដូច្នេះនេះអាចបញ្ជាក់បានថា គឺវាខ្ទាតចេញពី ផ្កាយរណបដែលបរាជ័យ ក្នុងការបង្ហោះទៅក្រៅភពផែនដី”។

នេះគឺជា ករណីថ្មីមួយទៀតហើយ ដែលមានវត្ថុអាថ៌កំបាំង ធ្លាក់មកលើមេឃ និងបានបង្កឲ្យមនុស្សជាច្រើន ជាពិសេសអ្នកស្រុកក្នុងតំបន់ មានការភ្ញាក់ផ្អើល និងភ័យខ្លាចជុំវិញ ហេតុការណ៍ទាំងនោះ៕

ដុំដែកមូលធំៗ ចំនួន៣ ធ្លាក់ពីលើមេឃ បង្កការភ្ញាក់ផ្អើល នៅវៀតណាម!
ដុំដែកអាថ៌កំបាំង ដែលធ្លាក់ពីលើមេឃ

ប្រភព៖

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត