ទស្សនិកជនចង់ឲ្យ ប៊ុន ស័ក្តិ បង្ហាញមុខក្នុងពិភពសិល្បៈវិញ ទោះមុខមិនស្អាតក្តី

ភ្នំពេញ៖ ដោយសារទឹកដមសំនៀងក្រអួនក្រអៅ មិនចាញ់តារាល្បីៗផ្សេងទៀត ប៊ុន សក្តិ ត្រូវបានទស្សនិកជនទទួលស្គាល់បំផុតតាមរយៈបទ «ជិះក្របី» នៅផលិត SSB កាលពីនៅបើកទ្វារ និង បទ «ភ្នំពេញនឹកកំពង់ចាម» នៅផលិតកម្មសាន់ដេ ។ សម្អាងទៅលើហេតុផលនេះ ទស្សនិកបានលើកឡើងថា «មុខគាត់មិនស្អាត សំខាន់សំឡេងគាត់ពិរោះ ចង់ឲ្យគាត់ចូលសិល្បៈវិញ» ។

ប៊ុន ស័ក្តិ មួយឆ្នាំចុងក្រោយនេះ មិនសូវជាបង្ហាញមុខក្នុងពិភពសិល្បៈឡើយ ជាពិសេសតាមស្ថានីយ៍ទូរទស្សន៍ ហើយជំរកដែលខ្លួនជ្រកទៀតសោត ក៏គ្មានបទចេញឲ្យច្រៀង ធ្វើឲ្យ ប៊ុន ស័ក្តិ កាន់តែឃ្លាតឆ្ងាយពីពិភពសិល្បៈ ។

ប៉ុន្តែថ្មីៗនេះ តារាចម្រៀងដែលកំពុងសាងស្នេហ៍ផ្អែមល្អែមជាមួយនឹងស្ត្រីវ័យចំណាស់ម្នាក់ បានបង្ហាញខ្លួននៅស្ថានីយ៍ទូរទស្សន៍ CNC ចំថ្ងៃ០៧ មករា ឆ្នាំ២០១៦ ធ្វើឲ្យអ្នកលេងហ្វេសប៊ុកមួយចំនួន បានធ្វើការសាទរ ចំពោះវត្តមានបង្ហាញខ្លួនលើកនេះ ។

អ្នកលេងហ្វេសប៊ុកបានសរសេរថា «លោក ប៊ុន សក្ដិ ច្រៀងពិរោះខ្លាំងណាស់ កំសត់ណាស់ ហេតុអ្វីគាត់បាត់មុខពីសិល្បះយូម្លេះ ខ្ញុំចូលចិត្តគាត់ណាស់ មុខមាត់ស្អាតមិនស្អាត មិនសំខាន់ទេ អោយតែសំឡេងគាត់ច្រៀងពិរោះយ៉ាងនេះ ខ្ញុំចង់ឲ្យគាត់ចូលក្នុងសិល្បះវិញខ្លាំងណាស់» ៕