ព័ត៌មាន​ជាតិ &raquo ព្រឹត្ដិការ​ណ៏​សង្គម

ខេត្តកំពត ​៖ លំនៅ​ឋាន​ប្រភេទ​វីឡា​រៀប​ឥដ្ឋ​កម្ពស់​២ជាន់​មួយ​ខ្នង ​ដែល​នៅ​ខាងលិច​ផ្សារ​សាមគ្គី​ទីរួមខេត្ត​កំពត ​ត្រូវ​បាន​អគ្គិ​ភ័យ​​បំផ្លាញ​​នៅ​ជាន់​​ខាង​លើ​បំផុត ​ដោយ​មិន​ដឹង​មូលហេតុ​​កាលពី​វេលា​ម៉ោង​៨និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៨​ មករា​ ​នេះ​ បណ្តាល​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ ​និង​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​ទាំង​ព្រឹក ​។

​បើ​តាម​ប្រភព​ព័​ត៌​មាន​បឋម​ថា ​បណ្តាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង ប៉ុន្តែ​មាន​ប្រភព​ខ្លះ​ថា​ ប្រហែលជា​ម្ចាស់ផ្ទះ​អុច​ធូប​ដាក់​នៅ​លើ​កុងម៉ា ហើយ​ម្ចាស់​ចុះ​មក​លក់​ដូរ​​គ្រឿង​ទេស​​នៅ​ជាន់​ក្រោម ប៉ុន្តែ​នេះ​គ្រាន់តែ​ជា​ប្រភព​ពី​ខាងក្រៅ​មិន​ទាន់​ច្បាស់ការ​ទេ​ ។​

ប្រភព​ព័​ត៌​មាន​ពី​មន្ត្រី​សមត្ថកិច្ច​នគរបាល​ក្រុង​កំពត​ដែល​ទៅ​ជួយ​អន្តរា​គម​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា តាម​ម្ចាស់​​ផ្ទះបាន​ប្រាប់​សមត្ថកិច្ច​ថា​ ការ​ឆេះ​នេះ​បណ្តាល​មក​ពី​ទុស្សេ​ខ្សែភ្លើង ​​។ ម្ចាស់ផ្ទះ​​ឈ្មោះ អ៊ឹ​ង គាត ភេទប្រុស​អាយុ​៧៤​ឆ្នាំ​ ជា​ជន​ពិការ ​និង​ជា​អាជីវករ​លក់​គ្រឿង​ទេស​នៅ​ក្នុងផ្ទះ​ជាន់​ខាងក្រោម​ ។ ប្រភព​បន្ត​ថា ការ​ឆេះ​នេះ​ទាំង​ម្ចាស់ផ្ទះ ​និង​សមត្ថកិច្ច​នៅ​មិន​ទាន់​ដឹង​ពី​ការ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​អី​ប៉ុន្មាន​នោះ​ទេ ពី​ព្រោះ​សមត្ថកិច្ច​ និង​ម្ចាស់ផ្ទះ​ពុំ​ទាន់​បាន​ឡើង​ទៅ​ពិនិត្យ​ត្រង់​ចំណុច​ឆេះ​នៅ​ឡើយ​ ​ដោយ​​​រថយន្ត​ពន្លត់​អគ្គិ​ភ័យរ​បស់​ស្នងការ​ខេត្ត​កំពុង​ជួយ​អន្តរា​គមន៍​យ៉ាង​ដុត​ដៃដុត​ជើង​នៅឡើយ​ ៕

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព