ព័ត៌មាន​ជាតិ &raquo ព្រឹត្ដិការ​ណ៏​សង្គម

រាជធានីភ្នំពេញ​ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន ​បានសរសេរនៅលើបណ្តាញ​ទំនាក់ទំនងសង្គម (Facebook) Page ​ផ្លូវការរបស់សម្តេចបង្ហោះនៅប៉ុន្មាន នាទីមុននេះមានខ្លឹមសារ​ទំាងស្រុងថា "ថ្ងៃនេះ ៨ មករា ​២០១៦ ដែលកាលពី ៣៧​ ឆ្នាំមុន ខ្លួនខ្ញុំត្រូវបានជ្រើសតាំង​ជារដ្ឋមន្ត្រីក្រសួងការបរទេស​ ​ក្រោយថ្ងៃរំដោះ៧​មករា​១ថ្ងៃ ។​ ក្នុងវ័យមិនដល់២៧ឆ្នាំផង ​​ហើយក៏មិនដែលសូវយល់ដឹងនូវ​កិច្ចការបរទេសផងនោះ​ ការទទួលយកភារកិច្ចទាំងទើស​ទាល់នេះគឺជារឿងដ៏លំបាក ​តែឆន្ទៈយុវជន​ដែលខ្លួនខ្ញុំបានឆ្លង​កាត់ដោយខ្លួនឯង ​ហើយបានឈរជើងក្នុងរដ្ឋាភិបាល​រហូត៣៧ឆ្នាំ អាចឱ្យគេយល់ថា​ តើខ្ញុំស្គាល់ជីវិតនិង​សេចក្តីត្រូវការរបស់យុវជនបែបណា។

មនុស្សមួយចំនួនភ័ន្តច្រឡំលើ​ខ្ញុំក្នុងចំណុចនេះ។​ មុនមកដល់វ័យជាង៦០ឆ្នាំសព្វថ្ងៃនេះ ​ខ្ញុំបានឆ្លងកាត់ជាយុវវ័យនៃកងទ័ព ​ជាយុវវ័យនៃរដ្ឋមន្ត្រីការបរទេស​ក្នុងវ័យ២៧ឆ្នាំ ជានាយករដ្ឋមន្ត្រីក្នុងវ័យ៣២ឆ្នាំ ​ដែលជារដ្ឋមន្ត្រីការបរទេស ​និងជានាយករដ្ឋមន្ត្រីដែលក្មេង​ជាងគេក្នុងពិភពលោកនាពេលនោះ។​នេះជាបញ្ហាដែលត្រូវរៀបចំ ​ក្រោយ​រំដោះ​ជាតិនិងប្រជាជនចេញពីរបប ​ប៉ុល ពត ។​ សំរាប់ជីវិតឯកជនវិញ ​ការរំដោះប្រទេស និងតំណែង​រដ្ឋមន្ត្រីមិនអាចបញ្ចប់ទឹកភ្នែក​របស់ខ្ញុំបានឡើយ។​ មិនទាន់និយាយដល់​គ្រួសារទាំងមូលនោះទេ​ និយាយត្រឹមតែប្រពន្ធនិងកូនខ្ញុំ ​គឺខ្ញុំត្រូវហូរទឹកភ្នែក​រយៈពេល៤៨ថ្ងៃថែមទៀត​បន្ទាប់ពីថ្ងៃរំដោះ៧មករា១៩៧៩។

តាំងពីបែកគ្នាថ្ងៃ ២០ មិថុនា ​១៩៧៧ ​ខ្ញុំមិនដែលទទួលព័ត៌មានថាប្រពន្ឋនិងកូនខ្ញុំនៅរស់នោះទេ ​​។ ដំណឹងដែលខ្ញុំទទួលបានទាំងអស់​សុទ្ធតែបញ្ជាក់​ថា​ភរិយាខ្ញុំស្លាប់​បាត់​ទៅហើយ។ ​ព័ត៌មាននេះ ​កាន់តែធ្វើឱ្យខ្ញុំជឿថែមទៀត​ ព្រោះពេលដែលប្រទេស​រំដោះរួចហើយ​ ខ្ញុំបានស្វែងរកឃើញត្រឹមតែ​ឪពុកមា្តយបងប្អូនបង្កើត​របស់ខ្ញុំតែប៉ុណ្ណោះ។ ឯខាងប្រពន្ធខ្ញុំបាត់ទាំងគ្រួសារតែម្តង​ ឪពុក ម្តាយក្មេក ​បងថ្លៃ ប្អូនថ្លៃ។ល។ ​ខ្ញុំយំរាល់ថ្ងៃរាល់យប់ ​ហើយក៏មិនដឹងរៀបចំខ្លួនម៉្តេចដែរ?​ ពេលឃើញថ្នាក់ដឹកនាំ​ផ្សេងទៀត​ជួបជុំ​គ្រួសារចូលរួមរីករាយ ​តែខ្លួនឯងដេកយំ ។​ នេះជារឿងដ៏កំសត់របស់ខ្ញុំ​តាំងពីអាយុ១៣ ឆ្នាំ​ នៅពេលបែកចេញពីឪពុកម្តាយ​មករៀននៅទីក្រុងភ្នំពេញ​រស់នៅជាមួយ​ព្រះសង្ឃ។ ​ពេលប្រទេសមានសង្គ្រាម​ក៏កាន់តែឃ្លាតឆ្ងាយថែមទៀត។ ​ដល់ពេលមានភរិយាទុក្ខវេទនា​ក៏កាន់តែខ្លាំងដោយសារ​របបព្រៃផ្សៃ។ ជួបហើយព្រាត់ ​ព្រាត់ហើយ​ជួប រហូតព្រាត់គ្នា​មិនដឹងថា​ស្លាប់ឬរស់?។

តាមពិតភរិយាខ្ញុំ និងក្រុមគ្រួសារ​ មានប្រាជា្ញដើម្បីការពារខ្លួន ​ព្រោះក្រោយរំដោះពីរបប ប៉ុល​ ពត ខែមករា១៩៧៩ សភាពការណ៍នៅច្របូកច្របល់​ណាស់។ ​ទោះដឹងថា​ប្តីស្ថិតក្នុងតំណែងដ៏ខ្ពស់ក្នុងរដ្ឋាភិបាល​ តែត្រូវតែលាក់ប្រវត្តិ ​ហើយមកសម្ងំលាក់ខ្លួន និង​រើសកួរស្រូវនៅសួងត្បូងឃ្មុំ ​។ ជំទាវរូបនេះដេកតាម​វាលស្រែជាមួយ​និងកូន​ដ៏​កំសត់ដែលបែកពីឪពុកតាំងពីនៅក្នុងផ្ទៃម្តាយ​ ។ កូនមួយនេះស្គាល់នូវ​រសជាតិ វារតាមភ្លឺស្រែ​ ជិះលើខ្នងគោ ខ្នងក្របី ​ហើយចុងក្រោយហៅ​ឪពុកថាពូរយៈពេល២ខែ។ ខ្ញុំជួបភរិយានិងកូនខ្ញុំនៅថ្ងៃទី២៤ខែកុម្ភៈ​ ឆ្នាំ១៩៧៩ ​គឺ៤៨ថ្ងៃបន្ទាប់ពីប្រទេស​ត្រូវបានរំដោះនិងត្រូវជា ​៦១៤ ថ្ងៃបើគិតពីថ្ងៃដែលយើង​ព្រាត់គ្នាចាប់ពីថ្ងៃ ​២០ ខែមិថុនា​ឆ្នាំ១៩៧៧ ​នៅពេលដែលខ្ញុំចេញមុខ​ដឹកនាំការតស៊ូប្រឆាំងរបប ​ប៉ុល ពត ។​ ទោះពេលវេលាបានកន្លង​ហួសឆ្ងាយហើយក៏ដោយ ​តែខ្ញុំនៅតែស្រក់​ទឹកភ្នែកនៅពេលខ្ញុំ​នឹកឃើញប្រវត្តិដ៏ឈឺចាប់នៃជីវិតខ្ញុំ ​និងគ្រួសារ ​ក៏ដូចជាទុក្ខវេទនា​របស់ប្រជាជន​កម្ពុជាទាំងមូលផងដែរ ៕"

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព