ព័ត៌មាន​ជាតិ &raquo ព្រឹត្ដិការ​ណ៏​សង្គម

​ខេត្តពោធិ៍សាត់ ៖ ​លោក​កែវ រត​នៈ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គិ​ស​នី​កម្ពុជា​ និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​​​ស្រុក​​ក្រគរ​មាន​​ប្រសាសន៍​​ថា នៅ​ពេល​ខាង​មុខ​នេះ​ កម្មករ-​កម្មការិនី​រោងចក្រ​កាត់ដេរ​ទាំងអស់​ នឹង​មាន​ប្រាក់​ចូល​និវត្តន៍​ដូច​មន្ត្រីរាជការ​ដែរ​។

លោក​​មាន​ប្រសាសន៍​បែប​នេះ​ នៅ​ក្នុង​ឱ​កាស​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​-កម្មការិនី​រោច​ក្រ​កាត់​ចំនួន​៦.៧០០​នាក់​ កាលពី​រសៀល​ថ្ងៃ​ទី​០៧​ មករា ​ឆ្នាំ​២០១៦ ​ដែល​បាន​ប្រារ​ព្ធ​​ធ្វើ​នៅ​ក្នុង​បរិវេណ​វត្ត​សម្ដេច​យស ​ស្ថិត​ក្នុងភូមិ​ក្រាំង​វែង ​ឃុំ​ស្នារ​អ​ន្សា​រ ​ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​ ។​ ក្នុងឱកាស​នោះ​ ក៏​​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​ម៉ៅ ធនិន​ អភិបាល​នៃ​​គណៈ​​អភិបាលខេត្ត​ និង​លោក​ជំទាវ​,​ លោក​ស៊ុំ សោភ័ណ​ អនុប្រធាន​នាយកដ្ឋាន​របប​សន្តិសុខ​សង្គម​នៃ​ក្រសួង​ការងារ​ និង​លោក​ជំទាវ​ ឯម ប៉ុណ្ណា​ សមាជិកា​រដ្ឋសភា​ផង​ដែរ ​។

​លោក​កែវ រត​នៈ ​ថ្លែង​ថា​ ថ្ងៃនេះ​ជា​ថ្ងៃ​០៧​ មក​រា ​ដែល​ជា​ថ្ងៃជ័យ​ជំនះ​លើ​ពួក​បន​ក្បត់​ប៉ុ​ល ពត ​ហើយក៏​​ជា​ថ្ងៃកំណើត​ទី​២ ​របស់​ប្រជាជន​កម្ពុជា​យើង​ផង​ដែរ​ ។ ​យើង​ជួបជុំ​គ្នា​ថ្ងៃនេះ​ ដើម្បី​អបអរសាទរ​ថ្ងៃ​៧​មក​រា ​ខួប​លើក​ទី​៣៧​ផង ​និង​ជួប​សំណេះសំណាល​សួរសុខទុក្ខ​គ្នា​ទៅ​វិញ​ទៅ​មកផង ​។ ​រាជរដ្ឋាភិបាល​បានឱ្យ​​រោងចក្រ​​នានា ​ពិសេស​រោងចក្រ​កាត់ដេរ​តម្លើង​ប្រាក់ខែ​ឱ្យ​​កម្មករ​-កម្ម​ការិនី​ឲ្យ​អស់​លទ្ធភាព​ ដើម្បី​ធានា​កុំ​ឲ្យ​បិទទ្វា​ ។ ​ជាមួយ​គ្នា​នេះ​ បាន​បើកចំហ​​ជើងមេឃ​ឱ្យ​មាន​រោងចក្រ​មក​ធ្វើ​វិនិយោគ​កាន់តែ​ច្រើន​ ដើម្បី​ប្រកួតប្រជែង​គ្នា បើ​រោងចក្រ​ណា​ហ៊ាន​ឱ្យ​ប្រាក់ខែ​កម្មករ​ច្រើន​កម្មករ​ពេញចិត្ត​នឹង​នៅ​បម្រើ​ការងារ​ជាប់​រហូត​ តែបើ​រោងចក្រ​ណា​ឱ្យ​​ប្រាក់ខែ​ទាប ​កម្មករ​ដើរ​ចេញ​វា​ជា​រឿង​របស់​រោងចក្រ​នោះ​ ។​ លោក​ប្រតិភូ​រាជរដ្ឋាភិបាល​ ក៏​បាន​លើក​ឡើង​ពី​ច្បាប់​ការងារ ​ដើម្បី​ឲ្យ​កម្មករ​កម្មការិនី​យល់​ដឹង​ និង​បាន​បញ្ជាក់​ថា​ នៅ​ពេល​ខាង​មុខ​នេះ​ កម្មករ​-កម្មការិនី​ ក៏​​មាន​ប្រាក់​ចូល​និវត្តន៍​ដូច​មន្ត្រីរាជការ​ដែរ​ ប៉ុន្តែ​គ្រួសារ​នីមួយ​ៗ​ត្រូវ​មាន​អត្តសញ្ញាណប័ណ្ណ​ និង​ចុះ​អេ​តា​ស៊ី​វិល​ឲ្យ​បាន​ត្រឹមត្រូវ ​។

​លោក​ម៉ៅ ធនិន​ ក្នុង​នាម​អាជ្ញាធរ​ខេត្ត​បាន​សម្ដែង​ទឹកចិត្ត​រីករាយ​ចំពោះ​កម្មករ​-កម្មការិនី​រោងចក្រ​កាត់ដេរ​ទាំងអស់​ ដែល​បាន​មក​ជួបជុំ​គ្នា​ថ្ងៃនេះ​ ។​ លោក​ថ្លែង​ថា ​ក្មួយ​ៗ​ពិតជា​មានសំណាង​ណាស់​ ដែល​មិន​បាន​ឆ្លងកាត់​របប​ប៉ុ​ល ​ពត ​។ ​ថ្ងៃ​៧​មក​រាជា​ថ្ងៃកំណើត​ទី​២​របស់​យាយ​តា​ ឪពុក​ម្ដាយ ​ក្មួយ​និង​ប្រជាជន​កម្ពុជា​ទូ​ទាំង​ប្រទេស​ កាលពី​៣៧​ឆ្នាំ​មុន​ ។ ​ក្មួយ​ៗ​ប្រហែលជា​មិន​ជឿ​នូវ​ការ​ធ្វើ​ទារុណកម្មដ៏​​សាហាវយង់ឃ្នង​របស់​ពួក​ប៉ុ​ល​ ពត ​ទេ ​ដូច្នេះ​ អាច​សួរ​ឪពុក​ម្ដាយ​របស់​ក្មួយ​ៗ​បាន​ ។

​សព្វ​ថ្ងៃនេះ​ ក្មួយ​ៗ​ធ្វើ​កម្មករ​នៅ​ក្នុង​រោងចក្រ​សុទ្ធតែ​មាន​រថយន្ត​ទៅ​ដឹក​តាម​ផ្ទះ​ចំ​ពេល​ដែល​ប្រទេស​ជាតិ​កំពុង​រីកចំរើន​លើ​គ្រប់​វិស័យ ដូច្នេះ​បើ​មាន​បញ្ហា​អី​យើង​ត្រូវ​ដោះស្រាយ​ និង​រួមសុខ​រួមទុក្ខ​ជាមួយ​គ្នា ត្រូវ​ចាត់​ទុក​រូប​លោក​ក្នុង​ក្រុម​គ្រួសារ​តែ​មួយ កុំ​ធ្វើ​អ្វី​តាម​ការ​ញុះញង់​របស់​បក្ស​ប្រឆាំង​នោះ​វា​មិនល្អ​ទេ ​។

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព