ព័ត៌មាន​ជាតិ &raquo ព្រឹត្ដិការ​ណ៏​សង្គម

ខេត្តសៀមរាប​ ៖ ​អង្គរ​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​តាំងពី​ឆ្នាំ​១៩៩២​មក ប៉ុន្តែ​នៅ​តែ​មាន​អ្នក​យល់​ច្រឡំ​ថា ការ​ចុះបញ្ជី​បេតិកភណ្ឌ​នេះ គឺ​សំដៅ​ទៅ​លើ​ប្រាសាទអង្គរវត្ត តាម​ពិត​មិនមែន​មាន​តែ​ប្រាសាទ​អង្គរវត្ត​មួយ​ទេដែល​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក គឺ​អង្គរវត្តគ្រាន់តែ​ជា​ប្រាសាទ​មួយ​ក្នុង​ចំណោម​ប្រាសាទ​ជិត​១០០ដែល​បាន​ចុះបញ្ជី​បេតិកភណ្ឌ​អង្គរ​ ដែល​បាន​ចុះបញ្ជី​នេះ​គឺរមណីយដ្ឋាន​អង្គរ​ទាំងមូល ដែល​មាន​ប្រាសាទ បុរាណ​ដ្ឋា​ន ស្ថានីយ​បុរាណវិទ្យា បរិស្ថាន និង​សហគមន៍​មនុស្ស​ផង​ដែរ​។

តំបន់​អង្គរ ឬ​រមណីយដ្ឋាន​អង្គរ ដែល​ត្រូវ​បាន​ចុះបញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក​នេះ មាន​ផ្ទៃដី​សរុប៤០១​គីឡូម៉ែត្រ​ក្រឡា ដែល​បែងចែក​ជា​បី​តំបន់​ធំ​ៗ​គឺ តំបន់​កណ្តាល​ដែល​មាន​ប្រាសាទ​ច្រើន ដូច​ជា​ប្រាសាទ​អង្គរ​វត្ត បាយ័ន តា​ព្រហ្ម នាគព័ន្ធ​។​ល​។ មាន​ផ្ទៃដី​សរុប ៣៥១០០​ហិ​កតា​។ តំបន់​ខាងជើង​ដែល​មាន​ប្រាសាទបន្ទាយស្រី មាន​ផ្ទៃដី​សរុប ២០០០​ហិ​កតា​។ តំបន់​ខាងត្បូង ឬ​ហៅ​ថា តំបន់​រលួស​ដែល​មាន​ប្រាសាទបាគង ព្រះ​គោ លលៃ​។​ល​។ មាន​ផ្ទៃដី​សរុប ៣០០០​ហិ​កតា​។

សរុប​តំបន់​ទាំង​បី​នេះ​មក ហៅ​ថា ឧទ្យាន​អង្គរ ឬ​រមណីយដ្ឋាន​អង្គរ​។​ហើយ​នៅ​ក្នុង​ឧទ្យាន​អង្គរ​ទាំងមូល​មាន​របស់​៣ ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក មិន​អាច​កាត់​ផ្តាច់​ពី​គ្នា​បាន​គឺ ប្រាសាទ បរិស្ថាន និង​សហគមន៍​មនុស្ស ឬ​ហៅ​ម្យ៉ាងទៀត​ថា វប្បធម៌ ទេសភាព និង​ប្រជាជន​។

ប្រាសាទក្នុង​ពេល​ដែល​អង្គរ​ត្រូវ​បានចុះបញ្ជី​បេតិកភណ្ឌ​ពិភពលោក មាន​ប្រាសាទ ស្ថានីយ​បុរាណវិទ្យា និង​ប្រវត្តិសាស្ត្រ សរុប​ចំនួន​៩១​។ លោក អ៊ឹម សុខ​រិ​ទ្ធី អ្នក​បុរាណវិទ្យា​របស់​អាជ្ញាធរ​ជាតិ​អប្សរា បាន​ពន្យល់​ថា ប្រាសាទ ,​ ស្ថានីយ​បុរាណវិទ្យា​ និង​ប្រវត្តិសាស្ត្រ​សរុប​ចំនួន​៩១ ដែល​មាន​ក្នុង​ចុះបញ្ជី​កាល​ណោះ ដោយសារ​យោង​តាម​បញ្ជី​ចាស់ដែល​ធ្លាប់​បាន​ស្រាវជ្រាវ​កន្លង​មក និង​ដោយ​ត្រួស​ៗ​ប៉ុណ្ណោះ​។

ក្រោយមក​ទៀត អ្នក​បុរាណវិទ្យា​បាន​រក​ឃើញ​ប្រាសាទ និង​ស្ថានីយ​បុរាណ​រាប់រយ​ទៀត ដែល​ស្ថិត​នៅ​ក្នុង​តំបន់​អង្គរ តែ​មិន​ទាន់​មានឈ្មោះ​នៅ​ក្នុង​បញ្ជី​នៅឡើយ​។ លោក​បាន​លើក​បន្ត​ថា គ្រាន់តែ​ប្រភេទ ឧបោសថាគារ នៅ​អង្គរធំ ជុំវិញ​ប្រាសាទបាយ័ន និង​ក្នុង​ព្រៃ​មាន​ដល់​ទៅ​១០០ ហើយ​គ្រឹះ​ប្រាសាទ​ដែល​កប់​ក្នុង​ព្រៃ​ក៏​មាន​ដល់​ទៅ​រាប់រយ​ទៀត​។

ចំណែក​បរិស្ថាន​ដែល​សំខាន់​នៅ​ក្នុង​តំបន់​ឧទ្យាន​អង្គរ គឺ​ព្រៃឈើ និង​ទឹក បើ​តាម​សិ្ថ​តិ​ជំរឿន​ព្រៃឈើ​ក្នុង​ឆ្នាំ​២០១៣ របស់​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើទេសភាព​វប្បធម៌​ និង​បរិស្ថាន​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ព្រៃឈើ​នៅ​ក្នុង​ឧទ្យាន​អង្គរ​មាន​ប្រមាណ​ជាង​៥៧០០​ហិ​កតា គឺ​ស្មើនឹង​១៣%​នៃ​ផ្ទៃដី​ទាំងមូល​។

ព្រៃឈើ​មិន​ត្រឹម​ជា​ប្រភព​នៃ​ភ្លៀង​ប៉ុណ្ណោះ​ទេ តែ​មាន​តួនាទី​ពិសេស​សម្រាប់​ប្រាសាទ ធ្វើ​ជា​រនាំង​ការពារ​ប្រាសាទ ទប់ទល់​នឹង​ខ្យល់ព្យុះ​ភ្លៀង​ខ្លាំង​ដែល​បក់​បោក​មក​លើ​ប្រាសាទ​និង​ជា​ម្លប់​ការពារ​ប្រាសាទ​ទៀត​ផង​។ ជា​ពិសេស​ព្រៃឈើ​ប្រៀប​ដូច​ជា​សម្លៀក​បំពាក់ ឬ​ជា​អលង្ការ ដែល​ធ្វើ​ឲ្យ​ប្រាសាទ​មាន​ភាព​រឹងរឹតតែ​ស្រស់បំព្រង​ថែម​ទៀត​។ ប្រាសាទតាព្រហ្ម គឺជា​ឧទាហរណ៍​ជាក់ស្តែង​មួយ ដែល​បាន​ទាក់ទាញ​ទេសចរ​រាប់​ពាន់​នាក់​ចូល​ទៅ​ទស្សនា​រៀងរាល់ថ្ងៃ​៕

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព