Lukaku ជួយ​ឲ្យ Everton មាន​ប្រៀប​លើ Man City ក្នុង​វគ្គ​​ពាក់​​កណ្តាលផ្តាច់​ព្រ័ត្រ

គ្រាប់​បាល់​​ទី​១៩​របស់​ខ្សែ​ប្រយុទ្ធ Romelu Lukaku នៅ​រដូវកាលនេះ​បាន​ជួយ​ឲ្យក្រុម Everton ទទួល​ជ័យ​ជម្នះ ២-១ លើ​ក្រុម Manchester City ក្នុង​ការ​ប្រកួត​ដណ្តើមពាន League Cup វគ្គពាក់​កណ្តាលផ្តាច់ព្រ័ត្រ ជើង​ទី​១ កាលពី​ថ្ងៃ​ពុធ​​។

lukakuក្រុម Everton មិន​ធ្លាប់​បាន​ឈ្នះ​ពានមួយ​សោះ​បើគិត​ចាប់​តាំង​ពី​ការ​ឈ្នះ​ពាន FA Cup ឆ្នាំ​១៩៩៥ ប៉ុន្តែ ពួក​គេ​បាន​បោះ​ជំ​ហាន​យ៉ាង​ប្រកៀក​​ឆ្ពោះ​ទៅកាន់​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រនៅ​កីឡ​ដ្ឋាន Wembley និងដើម្បី​ជួប​ជាមួយនឹងក្រុម Liverpool ដូច​ក្នុង​ការ​ប្រកួត​ដណ្តើម​ពាន League Cup វគ្គ​ផ្តាច់​ព្រ័ត្រកាលពី​ឆ្នាំ​១៩៨៤​របស់​ពួក​គេ ក្រោយ​ពីមាន​គ្រាប់​បាល់​ឈ្នះ​របស់ Lukaku​។ Liverpool បាន​ធ្វើការ​នាំមុខ​លើ​ក្រុម Stoke ១-០ ពីការ​ប្រកួត​ជើង​ទី​១​នៃ​​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​របស់​ពួកគេ ហើយ​ក្រុម Manchester City នឹង​នៅ​តែ​មាន​ពោរពេញ​ដោយ​ក្តី​សង្ឃឹមក្នុង​ការផ្លាស់​​ប្តូរលទ្ធផលនេះ ខណៈ​ដែល​ពួក​គេ​សម្លឹង​រក​ការ​​ឈ្នះ​ពាន​​នេះ​ម្តង​ទៀត​ដូចកាល​ពីឆ្នាំ​២០១៤​។ នៅពេល​ដែល​​ខ្សែ​បម្រើ Jesus Navas បាន​រកគ្រាប់​បាល់​តាម​ស្មើ​គ្រាប់​បាល់​របស់​កីឡាករ Ramiro Funes Mori ក្នុង​តង់​ទី​១ Man City ហាក់​ដូច​ជា​​ដណ្តើម​បានការ​មាន​ប្រៀបមួយ​នៅមុន​ពេល​ការ​​ប្រកួត​ជើង​ទី​២ក្នុង​ផ្ទះ​ខ្លួន​ឯង​​ក្នុង​រយៈ​ពេល​៣​សប្តាហ៍ទៀត​ទៅហើយ ប៉ុន្តែ Lukaku បាន​តែង​បាល់​បំ​ប៉ោង​សំណាញ់​ទី​​ក្នុង​រយៈ​ពេល​១២​នាទីចុង​ក្រោយ​ដើម្បី​ដណ្តើម​យក​ការ​មានប្រៀប​វិញ​។ ក្រោយ​ពី​បាន​ឈ្នះ​ការ​ប្រកួត​ត្រឹម​តែ​៣លើកក្នុង​ចំណោម​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Premier League ១១​លើក​របស់​ពួកគេនៅ​​កីឡ​ដ្ឋាន Goodison Park នៅ​រដូវកាលនេះ ក្នុង​នោះ​បណ្តោយ​ឲ្យ​មានគ្រាប់​បាល់​២០​គ្រាប់ក្នុង​ការ​ប្រកួត​ទាំង​នោះ ការ​មាន​ប្រៀប​ក្នុង​ផ្ទះខ្លួន​ឯងមិនមាន​សារៈ​សំខាន់​សម្រាប់ Everton ឡើយ ខណៈ​ដែល​ពួក​គេ​​បាន​ឈាន​ទៅ​ប្រកួត​វគ្គ​​ពាក់​កណ្តាលផ្តាច់​ព្រ័ត្រ​ជា​លើក​ទី​១​បើគិត​ចាប់​តាំងពីឆ្នាំ​២០០៨​៕
ប្រភព​ព័ត៌មាន៖ Channel News Asia