មុន​ហោះ​ទៅ​បង់​ក្លាដេស ក្រុម​ជម្រើស​ជាតិ​ ត្រូវ​សាក​សមត្ថភាព​ជាមួយ​ទ័ព ថ្ងៃ​នេះ

ក្រុម​​​ជម្រើស​ជាតិ​កម្ពុជា​ នឹងប្រើ​ប្រាស់​​សមត្ថ​ភាព​នៃ​ការ​ហ្វឹក​ហាត់​ជុំ​គ្នា ជាង​១​​សប្តាហ៍​កន្លង​មក​នេះ ដើម្បី​ធ្វើ​ការ​ប្រកួត​មិត្ត​ភាព​ជាមួយ​ក្រុម​ក្រសួង​ការពារជាតិ(ទ័ព) នៅ​ស្តាត​ចាស់ នា​រសៀល​ម៉ោង ៣:៣០ ថ្ងៃ​ព្រហស្បតិ៍នេះ មុន​ពេល​ប្រតិភូ​របស់​កម្ពុជា​មួយ​ក្រុម​នេះ ត្រូវ​ហោះ​ហើរ​ទៅ​កាន់​ទឹក​ដី​ប្រទេស​បង់​ក្លាដេស ចូល​រួម​ប្រកួត​ក្នុង​ពាន​រង្វាន់ 2016 Bangabandhu Gold Cup។cambodian-all-starសម្រាប់​ការ​ចេញ​ទៅ​ប្រកួត​ក្នុង​ពាន​រង្វាន់ 2016 Bangabandhu Gold Cup នេះ​​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​បាន​ធ្វើ​ការ​ហ្វឹក​ហាត់​ជុំ​គ្នា​បាន​តិច​តួច ហើយ​ក៏​មិន​​បាន​ប្រកួត​មិត្ត​ភាព​អន្តរជាតិ ជា​ផ្លូវ​ការ​ណា​មួយ​នោះ​ទេ ពិសេស​​មាន​ការ​បញ្ចូល​នូវ​កីឡាករ​វ័យ​ក្មេង​ជា​ច្រើន​រូប​ឲ្យ​ចូល​រួម​ផង​ដែរ។

​កីឡាករ​សំខាន់ៗ​ និង​មាន​ប្រជា​ប្រិយ​ជា​ច្រើន​រូប ​ត្រូវ​បាន​​​ដក​ឈ្មោះ​ចេញ​ពី​ក្រុម​ជម្រើស​ជាតិ ដើម្បី​ឲ្យ​ចូល​រួម​ជាមួយ​ក្រុម Cambodian All Stars ត្រៀម​ការ​ប្រកួត​មិត្ត​ភាពអន្តរជាតិ​ជាមួយ​ក្លិប​កំពូល​របស់​ថៃ SCG Muangthong United និង​ក្រុម​​ខ្លាំង Buriram United ដើម្បី​រៃ​អង្គាស​ប្រាក់​ជួយ​ដល់​​មន្ទីរ​ពេទ្យ​គន្ធបុប្ផា នា​ពេល​ខាង​មុខ​នេះ ព្រោះ​លោក ឆាំង ពិសិដ្ឋ អ្នក​ចាត់​ការ​ទូ​ទាំង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ធ្លាប់​បាន​ប្រាប់​ថា ការ​ប្រកួត​មិត្ត​ភាព​ជាមួយ​ក្លិប​ SCG Muangthong United និង​ក្រុម​​ Buriram United ដើម្បី​រៃ​អង្គាស​ប្រាក់​ជួយ​ពេទ្យ​គន្ធបុប្ផា វា​សំខាន់​ជាង​ការ​ប្រកួត​ពាន​រង្វាន់2016 Bangabandhu Gold Cup។

យ៉ាង​ណា​ក៏​ដោយ សម្រាប់​ការ​ប្រកួត​មិត្ត​ភាព​ជាមួយ​ក្រុម​ស្វាយ​រៀង នៅ​មជ្ឈមណ្ឌល​ និង​សាលា​កីឡា​បាល់​ទាត់​ជាតិ​បាទី កាល​ពី​ថ្ងៃ​ទី​៤ ខែមករា​នេះ ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​យក​ឈ្នះ​ក្រុម​ស្វាយ​រៀង ១-០ ហើយ​ការ​ជួប​ក្រុម​ទ័ព នា​ពេល​រសៀល​បន្តិច​ទៀតនេះ វា​ជា​ការ​ប្រកួត​ដក​ស្រង់​​បច្ចេក​ទេស​ដ៏​សំខាន់ ដើម្បី​​ត្រៀម​ការ​ប្រកួតពាន 2016 Bangabandhu Gold Cup ដោយ​ក្នុង​នោះ​កម្ពុជា​​ត្រូវ​ជួប​ក្រុម​​ជម្រើស​ជាតិ​ម៉ាល់​ឌីវ នី​ថ្ងៃ​ទី​១១ រួច​ទៅ​ប៉ះ​ក្រុម​បារ៉ែន នៅ​ថ្ងៃ​ទី​១៣ និង​ចុង​ក្រោយ​ប៉ះ​ក្រុម​ម្ចាស់​ផ្ទះ​ U23​​បង់​ក្លាដេស នៅ​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០១៦៕

 

ប្រតិភូ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ត្រូវ​ចេញ​ទៅ​បង់ក្លាដេស​​
ល​ ឈ្មោះ​​ តួនាទី​
១​ ឆាំង ពិសិដ្ឋ​ អ្នក​ចាត់​ការ​
២​ Lee Tae Hoon គ្រូ​បង្វឹក​​
៣​ អ៊ុង កនយ៉ានិត​ គ្រូ​ជំនួយ​
៤​ អ៊ុំ​ សាវង្ស​ គ្រូ​ជំនួយ​
៥​ ហោ សុខហេង​ គ្រូ​ជំនួយ​
៦​ សួង ភិរម្យ​​ គ្រូ​អ្នក​ចាំទី​
៧​ ហៃ សក្ខរី​ គ្រូ​ពេទ្យ​
៨​ ស៊្រាង ប៊ុណ្ណា​ គ្រូ​ពេទ្យ​
កីឡាករ​
៩​ ស៊ើយ វិសាល​ កីឡាករ​
១០​ ​រឿម ចាន់រឿន កីឡាករ
១១​ ណុប តុលា​ កីឡាករ
១២​ ហួយ ផល្លីន​ កីឡាករ
១៣​ ខែក ខេមរិន​ កីឡាករ​
១៤​ សំអឿន ពិដោរ​ កីឡាករ
១៥​ នេន សុធារ័ត្ន​ កីឡាករ
១៦​ ប៉េង ប៊ុនឆាយ​ កីឡាករ​
១៧​ ឈិន ឈឿន​ កីឡាករ
១៨​ សុខ ច័ន្ទរស្មី​ កីឡាករ​
​១៩​ អ៊ុំ សេរីរ័ត្ន​ កីឡាករ
២០​ ទូច រ៉ូម៉ា​ កីឡាករ​
២១​ ឆេង ម៉េង​ កីឡាករ​
២២​ ច្រឹង ពលរដ្ឋ​ កីឡាករ
២៣​ ប្រាក់​ មុន្នីភិរុណ​ កីឡាករ
២៤​ ទិត្យ ឌីណា​ កីឡាករ
២៥​ សុន វណ្ណដេត​ កីឡាករ​
២៦​ ​ថន ដារ៉ាពេជ្រ កីឡាករ
២៧​ ឡេង មករា​ កីឡាករ
២៨​ ​ហុង ផេង កីឡាករ
២៩​ ​សុខ សុវណ្ណ កីឡាករ
៣០​ ​ឃួន ឡាបូរ៉ាវី កីឡាករ