Aubameyang ជាប់ឈ្មោះជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់អាហ្វ្រិក

ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​ហ្គា​បុង Pierre-Emerick Aubameyang ដែល​ជា​តា​រា​ឆ្នើម​របស់​ក្លិប Borussia Dortmund កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បាន​​នាំមុខ​លើ​ខ្សែ​ប្រើ Yaya Toure ដើម្បី​ឈ្នះ​ពាន​រង្វាន់​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​​របស់​អា​ហ្វ្រិក​។ ក្នុងការ​បោះ​ឆ្នោត​មួយ​​​ពី​សំណាក់​គ្រូ​បង្វឹក និង​​ប្រធាន​បច្ចេក​ទេស​នៃ​សមា​ជិក​ជាតិ​របស់​សហ​ព័ន្ធ​កីឡា​បាល់​ទាត់​អាហ្រ្វិក Aubameyang ទទួល​​ពិន្ទុ​សរុប​ចំនួន​១៤៣ ដើម្បី​នាំ​មុខ​លើ​តា​រា​ឆ្នើម​របស់​ក្លិប Manchester City និង​ជា​ខ្សែ​បម្រើ​អន្តរ​ជតិកូត​ឌី​វ័រ​គឺ Toure ដែល​ទទួល​បាន​​១៣៦​ពិន្ទុ និង​កំពុង​តែ​សម្លឹង​រក​ការ​ឈ្នះពាន​រង្វាន់នេះ​ជា​លើក​ទី​៥​។
1
ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​ហ្គា​ណា Andre Ayew របស់​ក្លិប Swansea City បាន​ស្ថិតក្នុង​ចំណាត់​ថ្នាក់​លេខ​៣ ដោយមាន​១១២​ពិន្ទុ​។ វា​គឺ​ជា​ការ​សង​សឹក​ដ៏​ផ្អែម​ល្ហែម​មួយ​សម្រាប់ Aubameyang ក្រោយ​ពី​រូបគេ​បាន​បាត់​បង់​​រង្វាន់​នេះកាលពី​ឆ្នាំ​២០១៤ ដោយ​សារ​តែ Toure ដែល​បាន​ឈ្នះ​​ពាន​រង្វាន់​កិត្តយស​ដ៏មានកិត្យា​នុ​ភាពនេះកាលពី​ឆ្នាំ​២០១១ ២០១២ ២០១៣ និង​ឆ្នាំ​២០១៤​។ ប្រធានក្រុម​នៃក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ហ្គា​បុង​វ័យ​២៦​ឆ្នាំ​រូបនេះ បាន​ស្ថិតក្នុង​ទម្រង់​លេង​ដ៏អស្ចារ្យ​សម្រាប់​ក្លិប Dortmund របស់​ក្រប​ខ័ណ្ឌ​អាល្លឺ​ម៉ង់ Bundesliga​ ក្នុង​រយៈ​​ពេលមួយ​ឆ្នាំកន្លងមកនេះ​។

រូប​គេ​​ក៏​បាន​ចាប់​ផ្តើម​យ៉ាងល្អ​ឥត​ខ្ចោះ​ក្នុង​រដូវកាលមួយ​ផងដែរ បើ​គិត​ចាប់​តាំង​ពី​ផ្ទេរមកពីក្លិប Saint-Etienne កាល​ពីឆ្នាំ​២០១៣ តាម​រយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​១៨​គ្រាប់​ក្នុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Bundesliga ១៧​លើក និង​២៧​គ្រាប់​ក្នុង​រាល់​ការ​ប្រកួត​ទាំង​អស់​​។ ទម្រង់​លេង​ដ៏ល្អ​ឥត​ខ្ចោះ​នេះ​បាន​ធ្វើ​ឲ្យ​រូបគេ​ត្រូវ​បាន​គេ​ទាក់​ទង​ជាមួយនឹង​ការផ្ទេរ​ចេញ​ពី​ក្លិប​របស់​ Bundesliga មួយ​នេះ ខណៈ​ដែលក្លិប Arsenal, Liverpool និង Manchester United សុទ្ធ​សឹង​បាន​ទាក់​ទង​រូប​គេ​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia