រដ្ឋមន្ត្រីកាបរទេស និងពាណិជ្ជកម្មហុងគ្រី នឹងបំពេញទស្សនកិច្ច ផ្លូវការនៅកម្ពុជា នៅដើមសប្ដាហ៍ក្រោយ

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីកាបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម ពិទ័រ ហ្ស៊ីហ្សារតូ (Péter Szijjártó) រដ្ឋមន្ត្រីកាបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី នឹងដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ខាងមុខនេះ ដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់តំនងជាប្រពៃណី ដែលមានស្រាប់ និងកិច្ចសហប្រតិបត្តិការល្អ លើគ្រប់វស័យរវាងប្រទេសទាំងពីរ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលទទួលបាន នាព្រឹកថ្ងៃទី៨ ខែមករាឆ្នាំ ២០១៦នេះ បានឲ្យដឹងថា ក្នុងអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្ដម ពិទ័រ ហ្ស៊ីហ្សារតូ (Péter Szijjártó) នឹងជួបសម្ដែងការគួរសមជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ឯកឧត្ដម ពិទ័រ ហ្ស៊ីហ្សារតូ (Péter Szijjártó) នឹងជួបពិភាក្សាទ្វេភាគី ជាមួយឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងជួបពិភាក្សាការងារ ជាមួយឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ ហើយក្រៅពីនេះ ឯកឧត្ដម ពិទ័រ ហ្ស៊ីហ្សារតូ (Péter Szijjártó) នឹងអញ្ជើញទៅទស្សនាអគារពាណិជ្ជកម្មមេគង្គកម្ពុជា-ហុងគ្រី៕

រដ្ឋមន្ត្រីកាបរទេស និងពាណិជ្ជកម្មហុងគ្រី នឹងបំពេញទស្សនកិច្ច ផ្លូវការនៅកម្ពុជា នៅដើមសប្ដាហ៍ក្រោយ