Update៖ ព័ត៌មានលម្អិតពីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកក្រគរ ព្រឹកមិញ

ពោធិ៍សាត់៖ សេចក្ដីរាយការណ៍ពីស្នងការនគរបាលខេត្តពោធិ៍សាត់ លោកឧត្តមសេនីយ៍ទោ លោក សារុន ចាន់ធី ឲ្យដឹងថា នៅវេលាម៉ោង ៦និង០០នាទី ព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦នេះ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ឲ្យដឹងថា មានករណីរថយន្តដឹកសាំង បុកជាមួយរថយន្តទួរីស ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ឃុំអន្សារចំបក់ ស្រុកក្រគរ បណ្ដាលឲ្យមនុស្សស្លាប់ ៥នាក់ និងរងរបួសធ្ងន់ស្រាល ៩នាក់។

ប្រភពខាងលើបានប្រាប់ឲ្យដឹងថា «ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កដោយរថយន្តដឹកសឺទែនសាំងរបស់ក្រុមហ៊ុន BVM បុកពេញទំហឹងជាមួយរថយន្តទូរីសដឹកក្រុមគ្រួសារក្នុងគោលបំណងទៅខេត្តសៀមរាប» ។

ប្រភពដដែលបានបន្តថា «រថយន្តបង្ករបស់ក្រុមហ៊ុនBVM បើកពីលិចទៅកើតចំណែករថយន្តរងគ្រោះម៉ាកទូរីសបើកបរពីកើតទៅលិចបញ្ច្រាសទិសគ្នាដល់ចំនុចកើតហេតុ រថយន្តដឹកសឺទែនសាំងក៍បានរ៉េចង្កូចទៅបុកនិងរថយន្តទូរីសតែម្តងបណ្តាលឱ្យអ្នកជិះក្នុងរថយន្តទូរឺសស្លាប់៥នាក់ របួសធ្ងន់ស្រាល០៩នាក់ ត្រូវបានបញ្ចូនទៅសង្រ្គោះបន្ទាន់ភ្លាមៗនៅមន្ទីរពេទ្យ» ។

បើតាមមន្ត្រីនគរបាលចរាចរណ៍បានឱ្យដឹងថាអ្នកស្លាប់និងអ្នករងរបួសគឺរស់នៅម្តុំសាលាលេខ៥ក្នុងទឹកដីខេត្តកំពង់ឆ្នាំង រហូតមកទល់ពេលនេះទាំងរថយន្តបង្កនិងរថយន្តរងគ្រោះសមត្ថកិច្ចកំពុងស្ទួចយកទៅរក្សាទុក៕