បទល្មើស​បូម​ខ្សាច់​សមុទ្រ​ទៅ​លក់​ឲ្យ​សិង្ហ​បុរី ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​បរិស្ថាន​

ប្រភពពី​សកម្មជន​ការពារ​បរិស្ថាន​នៅ​ខេត្តកោះកុង និង​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ចំនួន​២​នៅតែ​បន្តសកម្មភាព​បូម​ខ្សាច់​ក្នុង​សមុទ្រ​ខេត្តកោះកុង និង​ខេត្ត​ព្រះសីហនុ ទៅ​លក់​នៅ​ប្រទេស​សិង្ហ​បុរី​យ៉ាង​ពេញបន្ទុក​។ តាម​របាយការណ៍​រប​ស់​អង្គការ​ឃ្លាំមើល​បរិស្ថាន​ពិភពលោក​បាន​ឲ្យ​ដឹងថា​ប្រទេស​សិង្ហ​បុរី ជា​ប្រទេស​ដែល​ប្រើប្រាស់​ខ្សាច់​នាំ​ចេញពី​កម្ពុជា ដោយ​ក្នុង​មួយឆ្នាំៗ​គេ​បាន​ចំណាយលុយ​ប្រមាណ​ជាង​២៤៨​លាន​ដុល្លារ​។ ក្រុមហ៊ុន​ដែល​កំពុង​បូម​ខ្សាច់​នៅក្នុង​សមុទ្រ​បច្ចុប្បន្ននេះ គឺ​ក្រុមហ៊ុន​International Rainbow និង​ក្រុមហ៊ុន​Direct Access ដោយ​គេ​បាន​ប្រើកា​ប៉ាល់​បូម​ខ្សាច់​ចំនួន​១៧​គ្រឿង​និង​សា​ឡង​ដឹក​ខ្សាច់​៤១​គ្រឿង​។

ដោយសារតែ​បទល្មើស​បូម​ខ្សាច់​សមុទ្រ​នាំ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​បរិស្ថាន​ធម្មជាតិ ទើប​ក្រុម​បណ្ដាញ​យុវជន សមាគម និង​អង្គការក្រៅរដ្ឋាភិបាល​ចំនួន​៦ បានដាក់​លិខិត​ទៅ​ស្ថានទូត​សិង្ហ​បុរី​ប្រចាំ​កម្ពុជា ដោយ​ស្នើសុំ​ចូលជួប​ពិភាក្សា​ស្ដីពី​គោលការណ៍​របស់​ប្រទេស​នេះ ក្នុង​ការទិញ​ខ្សាច់​ពី​កម្ពុជា ព្រោះ​ការទិញ​ខ្សាច់​នោះបាន​នាំ​ឲ្យ​មាន​បទល្មើស​បូម​ខ្សាច់​នៅក្នុង​ខេត្តកោះកុង និង​ខេត្ត​ព្រះសីហនុ​។ សមាគម​និង​អង្គ​ការដែល​ស្នើសុំ​ជួបពិភាក្សា​ជាមួយ​តំណាង​ស្ថានទូត​សិង្ហ​បុរី​ប្រចាំ​កម្ពុជា​មានដូចជា ចលនា​មាតា​ធម្មជាតិ បណ្ដាញ​យុវជន​កម្ពុជា មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក អង្គការ​សមធម៌​កម្ពុជា និង​យុវជន​ខ្មែរ​មហានគរ​។ នៅក្នុង​លិខិត​ដាក់ជូន​ស្ថានទូត​សិង្ហ​បុរី បាន​បញ្ជាក់ថា សម្រាប់​ការ​បូម​ខ្សាច់​នាំចេញ​ទៅ​សិង្ហ​បុរី​កន្លងមក និង​បច្ចុប្បន្ន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​បរិស្ថាន ជីវចម្រុះ និង​ការប្រកប​របរ​នេសាទ​របស់​សហគមន៍​មូលដ្ឋាន​។

សូមបញ្ជាក់ថា បទល្មើស​បូម​ខ្សាច់​ក្នុង​សមុទ្រ​នៃ​ខេត្តកោះកុង និង​ខេត្ត​ព្រះសីហនុ មានការ​ជំទាស់​យ៉ាង​ខ្លាំងក្លា​ពី​សកម្មជន​ការពារ​បរិស្ថាន ប៉ុន្តែ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​តែងតែ​ចេញមុខ​ការពារ​ផលប្រយោជន៍​ក្រុមហ៊ុន​យ៉ាង​គឃ្លើន ប្រហែលជា​ពួកគេ​ទទួលបាន​សំណូក​ពី​ក្រុមហ៊ុន​ទាំងនោះ​។ សកម្មជន​បរិស្ថាន​បាន​បញ្ជាក់ថា សហគមន៍​នេសាទ​មាន​សេចក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ផលប៉ះពាល់​ដែល​បណ្ដាលមកពី​សកម្ម​ភាព​បូម​យក​ខ្សាច់​ក្នុង​ព្រែក​នៅ​ខេត្តកោះកុង ព្រោះ​ប្រជាពលរដ្ឋ​មិនអាច​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ចិញ្ចឹមជីវិត​តទៅទៀត​ទេ​។ ក្នុងនោះ​មន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល តែងតែ​បិទបាំង​សកម្មភាព​បូម​ខ្សាច់​ខុសច្បាប់​របស់​ក្រុមហ៊ុន​ដែល​មិន​គោរព​តាម​អ​ញ្ញា​ប័ណ្ណ ហើយ​កន្លងមក​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ខេត្តកោះកុង ធ្វើការ​បង្ក្រាប​ទៅលើ​សកម្មជន​បរិស្ថាន​យ៉ាង​ព្រៃផ្សៃ​ទៅវិញ​៕

397262ff-2891-41c8-a50e-85c2843c35ac-2016-01-07 6441f4af-0a76-444d-bfeb-3d0bc85c90bd-2016-01-07