អាជ្ញាធរ​ជាតិអប្សរា​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ជាង​៦៦០​គ្រួសារ

មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ជ្រាវ ក្រុង​សៀមរាប បាន​អំពាវនាវ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពិនិត្យមើល​ពី​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​ជាង​៦៦០​គ្រួសារ ដោយសារ​ចំណាត់ការ​របស់​អជ្ញាធរ​អប្សរា​។ ប្រជាពលរដ្ឋ​ជាង​៦៦០​គ្រួសារ​ក្នុង​សង្កាត់​ជ្រាវ ក្រុង​សៀមរាប បាន​សម្ដែង​នូវ​សេចក្ដី​ព្រួយបារម្ភ​ខ្លាច​បាត់បង់​ដី​លំនៅដ្ឋាន​និង​ដី​បង្កបង្កើនផល​ដែល​ពួកគាត់​រស់នៅ និង​ប្រកប​របរ​កសិកម្ម​រាប់​សិប​ឆ្នាំ​មកហើយ​។ ដោយហេតុថា ថ្មីៗ​នេះ​ផ្ទៃដី​មួយចំនួន​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​ត្រូវបាន​ដាក់ចូល​ជា​តំបន់​បុរី​វប្បធម៌ និង​ទេសចរណ៍​ដែល​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​។

កាលពី​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៥​កន្លងទៅ​ថ្មីៗ​នេះ អាជ្ញាធរ​ជាតិ​អប្សរា បាន​បិទ​ផ្សាយ​ផែនទី​ពី​ចំណុច​ត្រពាំង​អូរ និង​ដី​ទួលប្រាសាទ​បុរាណ​នៅក្នុង​សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប​។ ប្រជាពលរដ្ឋ​ច្រើន​រយ​គ្រួសារ​នៅក្នុង​សង្កាត់​ជ្រាវ បាន​ឲ្យ​ដឹងថា ការដាក់​តំបន់​នោះ​ឲ្យ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ពួកគាត់ ព្រោះ​ពួកគាត់​មិនអាច​សាងសង់​លំនៅដ្ឋាន​និង​បង្កបង្កើនផល​បានឡើយ​។ ប្រជាពលរដ្ឋ​មួយចំនួន​បាន​ឲ្យ​ដឹងថា ពួកគាត់​ខ្លះ​កាន់កាប់​ដី​នោះ​តាំងពី​ដូនតា​និង​ខ្លះទៀត​បាន​ទិញ​បន្ត​គ្នា​២០​ទៅ​៣០​ឆ្នាំ​មកហើយ ឥឡូវនេះ​អាជ្ញាធ​ជាតិ​អប្សរា កំពុង​ធ្វើ​ឲ្យ​ពួកគាត់​ជួប​ការលំបាក​។ ចំណែក​មន្ត្រី​អាជ្ញាធរ​អប្សរា ចេះតែធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​មិន​គិតពី​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​ដែល​ត្រូវ​រង​ផលប៉ះពាល់​នោះទេ​។​

ជុំវិញ​បញ្ហា​ខាងលើនេះ ចៅសង្កាត់​ជ្រាវ លោក ក្អោ​ប រ៉​ន ក៏បាន​សម្ដែង​ការមិន​ពេញចិត្ត​ចំពោះ​វិធានការ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​នោះដែរ ព្រោះ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ជាង​៦៦០​គ្រួសារ​។ លោក ក្អោ​ប រ៉​ន បាន​ឲ្យ​ដឹងថា មកដល់​ថ្ងៃទី​០៧ ខែមករា ឆ្នាំ​២០១៦ លោក​ទទួល​ពាក្យបណ្ដឹង​ពី​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ចំនួន​៦៦៣​ក្បាលដី ជាមួយគ្នានេះ​លោក​ចៅសង្កាត់​បាន​អះអាងថា ទីនោះ​មាន​ត្រពាំង ទីទួល​ប្រាសាទបុរាណ​មែន​ប៉ុន្តែ​ប្រជាពលរដ្ឋ​មិនបាន​ប៉ះពាល់​ដល់​វត្ថុ​មានតម្លៃ​ទាំង​នោះទេ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ជ្រាវ អំពាវនាវ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ដោះស្រាយ​ពួកគាត់​ជាបន្ទាន់ ព្រោះ​អាជ្ញាធរ​ជាតិ​អប្សរា នៅតែ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​រងទុក្ខវេទនា​គ្មាន​ទីបញ្ចប់​៕

khada0082