អង់គ្លេស កោះហៅអគ្គរដ្ឋទូត កូរ៉េខាងជើង មកថ្កោលទោសរឿង ធ្វើតេស្តនុយក្លេអ៊ែរ

ឡុងដ៍៖ រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការរដ្ឋបាលរបស់ ចក្រភពអង់គ្លេស លោក ហ៊ូហ្គោ ស្វឺ កាលពី ថ្ងៃព្រហស្បតិ៍ ទី០៧ ខែមករា ឆ្នាំ ២០១៦ បានកោះហៅឯកអគ្គរដ្ឋទូតកូរ៉េខាងជើង ប្រចាំ ទីក្រុងឡុងដ៍ មកសាកសួរ ជុំវិញការធ្វើតេស្ត គ្រាប់បែកនុយក្លេអ៊ែរ កាលពីថ្ងៃពុធ ដែល បណ្តាលឲ្យអន្តរជាតិ មានការភ្ញាក់ផ្អើល និង ថ្កោលទោស យ៉ាងពេញទំហឹងនោះ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រ នេះថា លោក ស្វឺ បានកោះហៅលោក យ៉ុន ហាក់បុង មកប្រាប់ពីជំហររបស់អង់គ្លេស ដែលមិនខុសពីអន្តរជាតិនោះទេ គឺខ្លួន “សូម ថ្កោលទោស ក្នុងកម្រិតធ្ងន់បំផុត ចំពោះការធ្វើតេស្តនុយក្លេអ៊ែរ របស់កូរ៉េខាងជើង។ វាជាការ រំលោភលើដំណោះស្រាយនានា របស់អន្តរជាតិ ដែលអង់គ្លេសក៏ជាម្ចាស់ហត្ថលេខីដែរ។”

គួរបញ្ជាក់ថា កាលពីថ្ងៃពុធ ចក្រភពអង់គ្លេស និងសមាជិកដទៃទៀត នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បានចេញសេចក្តីថ្លែងការណ៍រួមគ្នា ថ្កោលទោសការធ្វើតេស្ត គ្រាប់ បែកអ៊ីដ្រូសែន ឬ នុយក្លេអ៊ែរ ដ៏គឃ្លើនរបស់កូរ៉េខាងជើង ដែលវាជាការពិតណាស់ ថា ទង្វើនេះ បាន និង កំពុងបង្កឲ្យមានអស្ថិរភាព នៅតំបន់ឧបទ្វីបកូរ៉េ និង អាស៊ីភាគឦសាន។

យ៉ាងណាក៏ដោយ ក្រុមប្រឹក្សាសន្តិសុខ កំពុងតែពិចារណានៅឡើយ ថាតើត្រូវបន្ថែមទណ្ឌ កម្មអ្វីទៀត ឲ្យសក្តិសម នឹងទង្វើរំលោភច្បាប់អន្តរជាតិរបស់កូរ៉េខាងជើង៕

អង់គ្លេស កោះហៅអគ្គរដ្ឋទូត កូរ៉េខាងជើង មកថ្កោលទោសរឿង ធ្វើតេស្តនុយក្លេអ៊ែរ