យូអិន ថ្កោលទោស ពួកភេរវករ ដែលបានវាយ ប្រហារភាគខាងលិចលីប៊ី បណ្តាលឲ្យ មន្ត្រីប៉ូលិស ៦០នាក់ស្លាប់

ទ្រីប៉ូលី៖ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ បាន គីមូន បានប្រកាសថ្កោលទោស ចំពោះ ក្រុមភេរវករ ដែលបានវាយ ប្រហារសាលារៀន ប៉ូលិស នៃ ទីក្រុង ស្លីធិន ភាគខាងលិច ប្រទេសលីប៊ី ដែលបានបណ្តាលឲ្យមន្ត្រីប៉ូលិស ជាង ៦០ នាក់ស្លាប់ និង ២០០នាក់ទៀត រងរបួស។ នេះបើតាមការ ការផ្សាយរបស់ស៊ិនហួ ដកស្រង់តាមសេចក្តីថ្លែងការណ៍ របស់យូអិន នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែមករា ឆ្នាំ ២០១៦។

លោក បាន គីមូន ក៏បានសម្តែងនូវសមានទុក្ខ ចំពោះក្រុមគ្រួសារនៃជនរងគ្រោះ ទាំងអ្នក ស្លាប់ និង របួស ក៏ដូចជាសម្រាប់ រដ្ឋាភិបាល និង ប្រជាជនលីប៊ី ទាំងអស់ផងដែរ។ តំបន់ ដែលទទួលរងការវាយប្រហារនោះ គឺជាសាលា ហ្វឹកហ្វឺន មន្ត្រីប៉ូលិស ដែលស្ថិតនៅភាគ ខាងកើតទីក្រុង ទ្រីប៉ូលី ដែលភេរវករ បានបង្កការបំផ្ទុះគ្រាប់បែកនោះ ទំនងជា បណ្តាញមក ពីក្រុមរដ្ឋអ៊ីស្លាម IS និង ISIL។

គួរបញ្ជាក់ថា  ការវាយប្រហារនេះ ជាបទឧក្រិដ្ឋដ៏ធំមួយ ដែលកើតឡើង ចំពោះមុខកិច្ចព្រម ព្រៀងសន្តិភាព រវាងរដ្ឋាភិបាល ទាំងពីរ របស់លីប៊ី ដែលទើបបានធ្វើកិច្ចសន្ទនា ឈានទៅ រកការដោះស្រាយវិបត្តិ នៃការហែកហួរប្រទេស អាហ្វ្រិកខាង ជើងមួយនេះ។ យ៉ាងណាក៏ ដោយ លោក បាន គីមូន បានឆ្លៀងឱកាស រំលឹកពីភាពចំបាច់ នៃការរួបរួមគ្នារបស់លីប៊ី ដែលអាចជាខែល ទប់ទល់នឹងអំពើភេរវកម្ម ព្រមទាំង ឧក្រិដ្ឋកម្មគ្រប់ទម្រង់ទាំងអស់៕

យូអិន ថ្កោលទោស ពួកភេរវករ ដែលបានវាយ ប្រហារភាគខាងលិចលីប៊ី បណ្តាលឲ្យ មន្ត្រីប៉ូលិស ៦០នាក់ស្លាប់