មន្ត្រីរដ្ឋបាល​ជលផល​ឈរជើង​ក្នុង​ខេត្តកណ្ដាល និង​ខេត្តតាកែវ ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​ជា​ប្រព័ន្ធ

ប្រជាពលរដ្ឋ​ក្នុងស្រុក​ស្អាង ស្រុក​កោះធំ ខេត្តកណ្ដាល និង​ស្រុក​មួយចំនួន​នៃ​ខេត្តតាកែវ ជាប់​ព្រំប្រទល់​ជាមួយ​ខេត្តកណ្ដាល បាន​រិះគន់ថា មន្ត្រីរដ្ឋបាល​ជលផល​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ ដើម្បី​ប្រមូល​លុយ​ពីបទ​ល្មើស​នេសាទ​យ៉ាង​ក្រអឺតក្រទម​។ បញ្ហា​នេះ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល ត្រូវ​ពិនិត្យមើល​ជាបន្ទាន់ ព្រោះ​មន្ត្រីរដ្ឋបាល​ជលផល​ខេត្តកណ្ដាល និង​ខេត្តតាកែវ កំពុង​ឃុបឃិត​គ្នា​បើកដៃ​ឲ្យ​មាន​បទល្មើស​នេសាទ​យ៉ាង​រាលដាល​ដោយ​គ្មាន​ការបង្ក្រាប​។ ជាពិសេស​ក្រុម​បង្ក្រាប​បទល្មើស​នេសាទ​អធិការដ្ឋាន​ចតុមុខ​ទទួលបន្ទុក​២​ខេត្ត​(​កណ្ដាល​-​តាកែវ​) ធ្វើ​អ្វីៗ​ដើម្បី​តែ​ផលប្រយោជន៍ ហើយ​មិន​បង្ក្រាប​បទល្មើស​ឡើយ​។

ប្រជាពលរដ្ឋនៅក្នុង​ស្រុក​កោះធំ និង​ស្រុក​ស្អាង ខេត្តកណ្ដាល បាន​ឲ្យ​ដឹងថា បទល្មើស​នេសាទ​ក្នុង​ទន្លេបាសាក់ ព្រែក បឹងបួ និង​ឡូត៍​នេសាទ នៅតែ​កើតឡើង​យ៉ាង​អនាធិបតេយ្យ ហើយ​បណ្ដា​ស្រុក​ក្នុង​ខេត្តតាកែវ ដែល​ជាប់​ព្រំប្រទល់​ខេត្តកណ្ដាល ក៏​បទល្មើស​នេសាទ​នៅតែ​កើតមាន​យ៉ាង​គគ្រឹកគគ្រេង​ដែរ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មន្ត្រីជលផល​ម្នាក់​ឈ្មោះ ថុ​ន ចេតនា ប្រចាំការ​នៅ​ជិត​ច្រកទ្វារ​ជ្រៃ​ធំ គឺជា​អ្នកប្រមូល​លុយ​ទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​ត្រជាក់ចិត្ត​។ ហេតុនេះហើយ​ទើប​បទល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់ និង​ករណី​ជនជាតិ​យួន​ចូលមក​នេសាទ​ខុសច្បាប់​លើទឹក​ដី​ខ្មែរ​នៅតែ​កើតឡើង​ដដែល​។

​សេចក្ដីរាយការណ៍​ពី​សមត្ថកិច្ច​មួយចំនួន​ក្នុង​ខេត្តកណ្ដាល បាន​ឲ្យ​ដឹងថា ក្រុម​បង្ក្រាប​បទល្មើស​នេសាទ​នៃ​អធិការដ្ឋាន​ចតុមុខ​ទទួលបន្ទុក​២​ខេត្ត កណ្ដាល និង​តាកែវ ដែលមាន​លោក ប៉ែន ធា​រិ​ទ្ធ ជា​ប្រធាន និង មិន ដា​រ៉ា ជា​អនុប្រធាន មិនដែល​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​នេសាទ​តាម​តួនាទី​របស់ខ្លួន​ឡើយ​។ ផ្ទុយទៅវិញ​ពួកគេ​ខំប្រឹង​ស្វែងរក​ផលប្រយោជន៍​យកមកចែក​រំលែក​ជាមួយ​លោក សុង ហុង នាយ​អធិការដ្ឋាន​ចតុមុខ ដោយ​គ្មាន​សេចក្ដី​អៀនខ្មាស​។ ប្រការនេះ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិនត្រូវ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​មន្ត្រីរដ្ឋបាល​ជលផល ឈ្មោះ ប៉ែន ធា​រិ​ទ្ធ ឈ្មោះ មិន ដា​រ៉ា និង​ឈ្មោះ ថុ​ន ចេតនា កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ខេត្តកណ្ដាល និង​ខេត្តតាកែវ រិះគន់​កាន់តែខ្លាំង​ឡើងៗ​ហើយ​៕

17067850055_39071c4abf_o2លោក អេង​ ជាសាន អគ្គនាយករដ្ឋបាលជលផល