លោក​ផ្កាយ​៣​ក្រសួងមហាផ្ទៃ​ម្នាក់​កាង ផែ​កាណូត​ទេសចរណ៍​នៅ​ខេត្តកំពង់ឆ្នាំង

ម្ចាស់​ផែ​កាណូត​ទេសចរណ៍​ដើម​ពោធិ៍​មាត់ទន្លេ​ផ្សារ​ក្រោម ខេត្តកំពង់ឆ្នាំង កំពុង​ធ្វើ​ឲ្យ​ក្រុម​អ្នក​ប្រកប​អាជីវកម្ម​កាណូត​ទេសចរណ៍​ដទៃទៀត ក្ដៅក្រហាយ​យ៉ាងខ្លាំង​។ ដោយហេតុថា លោក​ផ្កាយ​៣​ជា​ម្ចាស់​ផែ​កាណូត​ទេសចរណ៍​ដើម​ពោធិ៍​មាត់ទន្លេ​ផ្សារ​ក្រោម ក្រុង​កំពង់ឆ្នាំង មិន​ឲ្យ​ក្រុម​កាណូត​ដ​ចាស់​ចំនួន​៧​គ្រឿង​ចូល​ចត​ក្នុង​ផែ​របស់ខ្លួន​ឡើយ បើទោះបី​ភ្ញៀវ​ទេសចរណ៍​ត្រូវការ​សេវា​ដឹកជញ្ជូន​តាម​កាណូត​ដើម្បី​ទស្សនា​បឹង​ទន្លេសាប​យ៉ាងណាក៏ដោយ​។ បញ្ហា​នេះ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង គួរពិនិត្យមើល​ជាបន្ទាន់​ផងដែរ ព្រោះ​ម្ចាស់​ផែ​កាណូត​ទេសចរណ៍​ដើម​ពោធិ៍​មាត់ទន្លេ​ផ្សារ​ក្រោម កំពុង​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។

​ឥឡូវនេះ​ក្រុម​កាណូត​ដ​ចាស់​ចំនួន​៧​គ្រឿង​នៅ​ចត​ឯ​មាត់ទន្លេ​កំពង់ផែ កំពង់ចម្លង ក្រុង​កំពង់ឆ្នាំង ទៅ​ស្រុ​កំពង់លែង​វិញ ដោយសារតែ​ម្ចាស់​ផែ​ទេសចរណ៍​មិន​ឲ្យ​ពួកគាត់​ចូល​ចត​។ ប្រភពពី​ម្ចាស់​កាណូត​ទាំងនោះ​បាន​ឲ្យ​ដឹងថា ការចូល​ចត​តាម​សៀវភៅ​បន្ទុក​ត្រឹម​១៥០០​ទៅ​២០០០​រៀល​ប៉ុណ្ណោះ ហើយ​ពួកគាត់​ឲ្យ​ដល់​៣០០០​រៀល​នៅតែ​គេ​មិន​ឲ្យ​ចូល​ចត​ទៀត​។ ប្រការ​នេះហើយ​ដែល​នាំ​ឲ្យ​មាន​ភាព​រញ៉េរញ៉ៃ​យ៉ាងខ្លាំង​នៅ​ផែ​ទេសចរណ៍​មាត់ទន្លេ​ផ្សារ​ក្រោម ព្រោះ​លោក​ផ្កាយ​៣​ក្រសួងមហាផ្ទៃ ដែលមាន​អំណាច​ខ្លាំង​កំពុង​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​។ ជាក់ស្តែង​ទោះបី​ក្រុម​កាណូត​ដ​ចាស់​មាន​អាជ្ញាប័ណ្ណ​ដឹក​ភ្ញៀវ​ទេសចរណ៍​យ៉ាងណាក៏ដោយ ក៏​ថៅកែ​ផែ​កាណូត​ទេសចរណ៍​ដើម​ពោធិ៍​មាត់ទន្លេ​ផ្សារ​ក្រោម មិន​ឲ្យ​ចូល​ចត​ដែរ​។

មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា​លោក​ផ្កាយ​៣​ម្ចាស់​ផែ​កាណូត​ទេសចរណ៍​ថ្មី ហាក់ដូចជា​ចង់​ដឹកជញ្ជូន​ភ្ញៀវ​ទេសចរណ៍​នៅ​មាត់ទន្លេ​ផ្សារ​ក្រោម​ទាំងអស់ មិន​ឲ្យ​អ្នកណា​ចូល​រកស៊ី​ក្នុង​ទីតាំង​នេះ​បានឡើយ​។ ឥឡូវនេះ​លោក​ផ្កាយ​៣​ម្នាក់​នោះបាន​បង្កើន​កាណូត​ទេសចរណ៍​មួយគ្រឿង​ហើយ​មួយគ្រឿង​ទៀត​នៅក្នុង​ផែ​របស់ខ្លួន ដោយ​មិន​អនុញ្ញាត​ឲ្យ​ក្រុម​កាណូត​ដ​ចាស់​ចូល​ចត​បានឡើយ​។ បញ្ហា​នេះ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង និង​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង គួរពិនិត្យមើល​បញ្ហា​នេះ​ផងដែរ ព្រោះ​លោក​ផ្កាយ​៣​ម្នាក់​នោះ កំពុងតែ​យក​អំណាច​ទៅ​កាង​មុខរបរ​ផ្ទាល់ខ្លួន​ដោយ​គ្មាន​សេចក្ដី​អៀនខ្មាស​បន្តិច​ណា​ឡើយ​៕

Hong-0144 Hong-0143Hong-0145