សមត្ថកិច្ច​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង បើក​ច្រក​ឈ្មោះ​៦៣​ឲ្យ​ពលករ​ចំណាកស្រុក​ខុសច្បាប់​

​ថ្មីៗ​នេះ​ពលករ​មាន​ទាំងប្រុស និង​ស្រី រួមទាំង​ក្មេង​តូចៗ​បានធ្វើ​ដំណើរ​តាម​រថយន្ត​ដោយ​ដាក់​ឥ​វ៉ាន់​លើ​រទេះអូស​ចូល​សំដៅទៅ​មាត់​អូរ​ព្រំដែន​កាត់​តាម​ប៉ុស្តិ៍​សមត្ថកិច្ច​ប្រចាំការ​ក្នុងស្រុក​សំពៅ​លូន ខេត្តបាត់ដំបង បាន​ដោយ​រលូន​។ ក្រុម​ពលករ​ឆ្លងដែន​ត្រូវគេ​សង្កេតឃើញថា​គ្មាន​ខ្លាចរអា​ផ្លូវច្បាប់​អ្វី​បន្តិច​ទាល់តែសោះ បើទោះបីជា​ពួកគេ​បានដឹងថា ទីតាំង​ដែល​ពួកគេ​កំពុងធ្វើដំណើរ​ឆ្លងកាត់​នោះ គឺជា​ប៉ុស្តិ៍​ជួរមុខ​របស់​សមត្ថកិច្ច​យ៉ាងណាក៏ដោយ ។ ប្រជាពលរដ្ឋ​ស្រុក​សំពៅ​លូន បាន​បញ្ជាក់ថា​សមត្ថកិច្ច​នៅតាម​ព្រំដែន​ជា​អ្នក​បើកដៃ​ឲ្យ​ពលករ​ចំណាកស្រុក​។​

ប្រជាពលរដ្ឋ​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង បាន​រាយការណ៍​មក​ថា ភូមិ​ពោធិ៍​ជ្រៃ ឃុំ​សិរី​មានជ័យ ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង មាន​ច្រករបៀង​មួយ​ឈ្មោះ​ច្រក​៦៣ ឬ​អង់​តែ​ន ដែលមាន​សមត្ថកិច្ច​ឈរជើង​ប្រចាំ​នៅ​ទីនោះ និង​យោធា​សឹក​រង​ស្រុក​សំពៅ​លូន​ផងដែរ ហើយ​ក្រុម​សមត្ថកិច្ច​នៅ​ទីនោះ​ជា​អ្នក​ឃុបឃិត​បើកផ្លូវ​ឲ្យ​ពលករ​ឆ្លងដែន​ទៅធ្វើ​ការ​នៅ​ប្រទេស​សៀម​ដោយ​ខុសច្បាប់​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា លោក ខ្លឹង ម៉ាប់ ជា​មេបញ្ជាការ​យោធា​សឹក​រង​ស្រុក​សំពៅ​លូន និង លោក​អនុសេនីយ៍ឯក កែវ ឌឿ​ន ជា​មេ​ប៉ុស្តិ៍​ជួរមុខ​នៅត្រង់ចំណុច​ខាងលើ​ហើយ​ក៏មាន​កម្លាំង​នគរបាល​វរ​ការពារ​ព្រំដែន​គោក​លេខ​៨១៧ ជា​អ្នក​ស៊ុំគ្រលុំ​ផងដែរ ។​

​ជុំវិញ​បញ្ហា​នេះ ពលករ​ឆ្លងដែន​បាន​បង្ហើប​ថា ពួកគាត់​បាន​បង់ប្រាក់​ឲ្យ​សមត្ថកិច្ច​ជំនាញ​នៅតាម​ព្រំដែន​មុន​រួចទៅហើយ​ទើប​អាច​ឆ្លងដែន​ដោយ​ខុសច្បាប់​តាម​ច្រករបៀង​បាន​យ៉ាង​រលូន​។ ប្រភព​ដដែល​បាន​បន្តថា ពលករ​ខុសច្បាប់​ម្នាក់ៗ​ត្រូវ​បង់ប្រាក់​មិនតិចជាង​១៥០០០​រៀល នោះទេ ទើប​អាច​ឆ្លងដែន​ទៅធ្វើ​ការ​នៅ​ប្រទេស​សៀម ហើយ​ភាគច្រើន​ទៅធ្វើជា​កម្មករ​ក្នុងស្រុក​ខ្លង​ហាត ខេត្ត​ស្រះកែវ ដែល​ស្ថិត​នៅជាប់​នឹង​ព្រំដែន ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។​

ប្រជាពលរដ្ឋ​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង បាន​រិះគន់ថា ការឆ្លង​ដែន​រប​ស់ព​លករ​ខុសច្បាប់​គ្មាន​អ្វីដែល​ត្រូវ​មក​រំខាន​ឡើយ ហើយ​បញ្ហា​នេះ​បង្ហាញថា​នៅក្នុង​ប្រទេស​កម្ពុជា​ពិបាក​រក​ការងារ​ធ្វើ ឬ​ប្រាក់​ឈ្មួ​ល​ទាប ទើប​ពលរដ្ឋ​ខ្មែរ​នៅតែ​សម្រុក​ឆ្លងដែន​ទាំង​ខុសច្បាប់​ទៅធ្វើ​ការ​នៅ​ប្រទេស​សៀម​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​មន្ត្រីជាន់ខ្ពស់​នៅ​សាលាខេត្ត​បាត់ដំបង និង​ក្រសួងមហាផ្ទៃ គប្បី​ត្រួតពិនិត្យ​បញ្ហា​ទាំងនេះ​ឡើងវិញ ព្រោះ​បើ​នៅតែ​បណ្តែតបណ្តោយ​ដូច​សព្វថ្ងៃ អ្នករងគ្រោះ​ពិតប្រាកដ​គឺ​ពលករ​ខ្មែរ​ដែល​នឹង​ប្រឈម​បញ្ហា​ជាច្រើន​នៅលើ​ទឹកដី​ប្រទេស​សៀម​៕

DSC08660-1024x768