ISIS បង្កើត​រថយន្ដ​បំផ្ទុះ​គ្រាប់​បែក​ដោយ​គ្មាន​មនុស្ស​បើក ត្រៀម​វាយ​អ៊ឺរ៉ុប

អង្គការភេរវកម្ម របស់ក្រុមរដ្ឋអ៊ីស្លាម នឹងឈប់ត្រូវការមនុស្ស ដើម្បីធ្វើការបំផ្ទុះគ្រាប់បែក (Kamikaze) នៅ​តាម​ទិសដៅ​ដែល​ក្រុមនេះ ចង់វាយប្រហារទៀតហើយ តែបានបង្កើតនូវ​បច្ចេកវិទ្យា​ថ្មី ដើម្បីធ្វើការងារ​នេះ​ជំនួស​មនុស្ស​វិញ។ នេះ​បើ​តាម​របាយការណ៍​ដ៏​លំអិត​មួយ របស់ទូរទស្សន៍ «Sky News»។
ISIS បង្កើត​រថយន្ដ​បំផ្ទុះ​គ្រាប់​បែក​ដោយ​គ្មាន​មនុស្ស​បើក ត្រៀម​វាយ​អ៊ឺរ៉ុប
ការធ្វើពិសោធន៍លើឧបករណ៍ជាតិផ្ទុះ របសក្រុមអ្នកស្រាវជ្រាវ នៃអង្គការភេរវកម្មរដ្ឋអ៊ីស្លាម។ (រូបថតផ្តិតពីវីដេអូ Skynews)

បទយកការណ៍ជាវីដេអូ របស់ទូរទស្សន៍ «Sky News»បានធ្វើឲ្យស្រៀវ ព្រឺដល់ឆ្អឹងខ្នង។ ឯកសារដើម នៃ​វីដេអូ​​នោះ​មានរយៈពេលដល់ទៅ ៨ម៉ោង ហើយត្រូវបានទម្លាយមកឲ្យស្ថានីយ៍ ដោយសមាជិកមួយរូប របស់​ក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យ​កាត់​បារាំង​ហៅ EI ពាក្យ​កាត់​អង់គ្លេស​ហៅ ISIS)។

នៅក្នុងវីដេអូនោះ ឲ្យបានដឹងថា ក្រុមរដ្ឋអ៊ីស្លាមមានស្ថាប័នមួយ (ឬជាសកលវិទ្យាល័យ) សម្រាប់​«ធ្វើការ​សិក្សា​ស្រាវជ្រាវ និង​ការ​អភិវឌ្ឍន៍» នៅក្រុង រ៉ាកា (Raqqa ក្រុមមួយរបស់ប្រទេសស៊ីរី) ដែលត្រូវបាន​ក្រុម​ភេរវជន​មួយនេះ ចាត់ទុក​ជា​រដ្ឋធានី​នៃទឹកដីរបស់ខ្លួន។ នៅក្នុងស្ថាប័ននោះ ក្រុមរដ្ឋអ៊ីស្លាមបានហ្វឹកហ្វឺន ពីការ​បង្កើត​និង​ការ​ប្រើ​ប្រាស់ អាវុធ​ជាតិផ្ទុះជាច្រើន ជាការបំផ្ទុះគ្រាប់បែក។

កំណប់រ៉ែមាស...

បន្ទាប់មក គេបានឃើញក្រុមរដ្ឋអ៊ីស្លាម កំពុងរៀបចំបច្ចេកវិទ្យាថ្មីមួយ ដើម្បីធ្វើការវាយប្រហារ ទៅលើទ្វីប​អ៊ឺរ៉ុប​ទាំងមូល ដោយមិនប្រើប្រាស់មនុស្ស និងបញ្ជាពីចំងាយ។ ស្រង់សម្ដីដោយទូរទស្សន៍អង់គ្លេសដដែល លោក «Chris Hunter» អតីតនាយទាហ៊ានមួយរូប នៃកងទ័ពអង់គ្លេស ដែលបានទស្សនារូបភាព​ក្នុងវីដេអូ​នោះ បានសម្ដែងការ«ភ្ញាក់ផ្អើល»យ៉ាងខ្លាំង។ លោកបានថ្លែងឡើងថា៖ «រូបភាពទាំងនេះ ប្រៀបបាន​នឹង​កំណប់​រ៉ែមាស។ វាបានប្រាប់យើង ពីគម្រោងនានា ក្នុងការវាយប្រហារ​លើកក្រោយៗទៀត»។

លែងត្រូវការមនុស្ស ចូលទៅបំផ្ទុះគ្រាប់បែក ដោយសម្លាប់ខ្លួន...

វីដេអូបានបង្ហាញថា ក្រុមរដ្ឋអ៊ីស្លាមបានបង្កើតនូវរថយន្ដជាច្រើន ដែលមានផ្ទុកពេញ ទៅដោយគ្រាប់បែក តែគ្មានមនុស្សបើក ដើម្បីត្រៀមវាយលុកទ្វីបអ៊ឺរ៉ុប។ ប៉ុន្តែនៅនឹងកៅអីអ្នកបើកនោះ មានរូបតុក្កតា​ជា​មនុស្ស​មួយ ត្រូវបានដាក់ឲ្យអង្គុយពីលើ ដើម្បីបន្លំភ្នែកអ្នកផង ក៏ដូចជាបន្លំឧបករណ៍ចាប់កម្ដៅដែរ។ ដូច្នេះបាន​សេចក្ដី​ថា ក្រុមរដ្ឋអ៊ីស្លាមលែងត្រូវការមនុស្ស ឲ្យបើករថយន្ដនោះ ដើម្បីចូលទៅបំផ្ទុះគ្រាប់បែក នៅទី​កន្លែង​ណា​មួយ​ទៀត​ហើយ។

បន្ថែមពីលើនេះ ក្រុមអ្នកស្រាវជ្រាវ ខាងបច្ចេកវិទ្យារបស់អង្គការភេរវកម្ម ថែមទាំងបង្ហាញ ពីសមត្ថភាព​របស់​ពួកគេ ថាអាចប្រើកាំជ្រួចហួសសម័យមួយចំនួន ដើម្បីកំទេចយន្ដហោះ ដែលកំពុងហោះ នៅលើមេឃ​នោះ​ទៀត​ផង៕

» វីដេអូ«Sky News» ដកស្រង់រូបភាពមួយចំនួន ពីការសិក្សាស្រាវជ្រាវ របស់ក្រុមរដ្ឋអ៊ីស្លាម៖