CPP៖ សន្និបាត​គណៈកម្មាធិកា​រ​កណ្តាល ផ្តោតលើ​ការបោះឆ្នោត​ឃុំ​សង្កាត់​

​គណបក្ស​ប្រជាជន​កម្ពុជា​កាន់អំណាច​នឹង​រៀបចំ​សន្និបាត​គណៈកម្មាធិការ​កណ្តាល​លើក​ទី​៣៩ តាម​ការគ្រោងទុក​នៅ​ថ្ងៃ​ចុង​សប្តាហ៍​នេះ​។ របៀបវារៈ​ចម្បង​គឺ ការត្រៀម​លក្ខណៈ​សម្រាប់​ការបោះឆ្នោត​ឃុំ​សង្កាត់​។​

​សន្និបាត​គណៈកម្មាធិកា​រ​កណ្តាល​លើក​ទី​៣៩ «​បើកទូលាយ​»​របស់​គណបក្ស​ប្រជាជន​កម្ពុជា នឹងត្រូវ​រៀបចំ​រយៈពេល​២​ថ្ងៃ​នៅ​សាលសន្និសីទ​កោះ​ពេជ្រ ជាមួយនឹង​អ្នកចូលរួម​ប្រមាណ​១០០០​នាក់​។ អ្នកចូលរួម​ត្រូវ​លើសពី​ចំនួន​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​ដែលមាន​៥៤៥​នាក់ ដោយសារ​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ខណ្ឌ​-​ស្រុក និង​ថ្នាក់មូលដ្ឋាន​មួយចំនួន ក៏ត្រូវ​អញ្ជើញ​ឲ្យ​មក​ស្តាប់​ខ្លឹមសារ​នៃ​សន្និបាត​នេះ​ដោយផ្ទាល់​ដែរ​។​

​អ្នកនាំពាក្យ​គណបក្សកាន់អំណាច លោក សុខ ឥសាន បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា ថ្នាក់ដឹកនាំ​កំពូល​នៃ​គណបក្ស​របស់លោក​នឹងចូលរួម​ដឹកនាំ​សន្និបាត​ទាំងពីរ​ថ្ងៃនេះ​។ បើតាម​អ្នកនាំពាក្យ​ដដែល សន្និបាត​ដែល​នឹង​ផ្តោតទៅលើ​ការត្រៀម​លក្ខណៈ​សម្រាប់​ការបោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧ នឹង​ស្តាប់​របាយការណ៍​ដែល​សមិទ្ធផល​ការងារ​ដែល​អាន​ដោយ​សម្តេច សាយ ឈុំ មុននឹង​ស្តាប់​បទ​អន្តរាគមន៍​ស្តីពី​ការត្រៀម​លក្ខណៈ​បោះឆ្នោត​ឃុំ​សង្កាត់ របស់​សម្តេច ស ខេង និង​ស្តាប់​ការណែនាំ​របស់​សម្តេច ហ៊ុន សែន ចុងក្រោយ​នៅ​រសៀល​ថ្ងៃអាទិត្យ មុន​ការបិទ​បញ្ចប់​សន្និបាត​។​

«​យើង​រៀបចំ​ធ្វើជា​លក្ខណៈ​បើកទូលាយ​។ ដូច្នេះ​គណបក្ស​សម្រេច​អញ្ជើញ​ថ្នាក់​អភិបាលស្រុក​ខណ្ឌ និង​ថ្នាក់មូលដ្ឋាន​មួយចំនួន​មក​ស្តាប់​ខ្លឹមសារ​សន្និបាត​ផ្ទាល់​តែម្តង ដើម្បី​កុំ​ឲ្យ​ពិបាក​ក្នុងការ​ផ្សព្វផ្សាយ​នៅក្រោយ​សន្និបាត​។ ម្យ៉ាងទៀត​ពួកគាត់ ក៏​អាច​លើកឡើង​នូវ​បញ្ហា​នានា​ដែល​ទាក់ទង​នឹង​ការបម្រើ​ប្រជាជន​ផងដែរ​»​។ នេះ​ជាការ​អះអាង​របស់លោក សុខ ឥសាន ដែល​បញ្ជាក់ថា សន្និបាត​គណៈកម្មាធិកា​រ​កណ្តាល​នេះ មិនមាន​របៀបវារៈ​នៃ​ការដោះដូរ​តំណែង​នយោបាយ​របស់​មន្ត្រី​គណបក្ស​នោះឡើយ​៕

ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​