កូរ៉េខាងត្បូង សុំ​អន្តរាគមន៍​ពី​ចិន ក្រោយពី​កូរ៉េខាងជើង​បាញ់​គ្រាប់បែក​អ៊ីដ្រូសែន​ដោយ​ជោគជ័យ​

​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល បានស្នើ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដើម្បី​ជជែក​តាមរយៈ​ទូរ​សព្ទ ក្នុងការ​ស្វែងរក ដំណោះស្រាយ​ជុំវិញ​ភាព​តានតឹង​នៅក្នុង​ឧបទ្វីប​កូរ៉េ​។ សំណើ​នេះ ធ្វើឡើង​ក្រោយពី​កូរ៉េខាងជើង បានប្រកាស​ពី​ភាពជោគជ័យ​របស់ខ្លួន​ក្នុង​ការបាញ់​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន​ដែលជា​ប្រភេទ​គ្រាប់បែក​ដ៏​មាន​ឥទ្ធិពល​។​

​នៅ​ថ្ងៃទី ០៨ ខែមករា​នេះ ក្រសួងការបរទេស​កូរ៉េខាងត្បូង បានដាក់​សំណើ​ទៅ​ក្រសួងការបរទេស​ចិន ដើម្បី​សុំ​ជជែក​តាមរយៈ​ទូរ​សព្ទ​ដោយផ្ទាល់​ជាមួយនឹង​រដ្ឋមន្ត្រីការបរទេស​ចិន​លោក វ៉ាង យី (Wang Yi) ក្នុងការ​ស្វែងរក​ដំណោះស្រាយ​នៃ​ភាព​តានតឹង​ក្រោយ​កូរ៉េខាងជើង​បាញ់​គ្រាប់បែក​អ៊ីដ្រូសែន​។ ក៏ប៉ុន្តែ សំណើ​នោះ ត្រូវបាន​ចិន ពន្យារពេល​សិន ដ្បិត​មាន​បញ្ហា​មួយចំនួន​ទាក់ទង​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​។

​សូម​រម្លឹក​ផងដែរ​ថា កាលពី​ថ្ងៃទី​០៦ មករា កន្លងទៅ កូរ៉េខាងជើង បាន​បាញ់​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន​ដោយ​ជោគជ័យ​។ គ្រាប់បែក​អ៊ីដ្រូសែន គឺជា​ប្រភេទ​អាវុធ​ដ៏​ទំនើប និង​មាន​ឥទ្ធិពល​របស់​កូរ៉េខាងជើង ដែល​ទើបតែ​រកឃើញ​។ កូរ៉េខាងជើង បានចាត់ទុក​សមិទ្ធផល​នៃ​ការផលិត​គ្រាប់បែក​នេះ​ថា​នឹងធ្វើ​ឲ្យ​ខ្លួន​ក្លាយជា​ប្រទេស​ដ៏​មានអំណាច​របស់​ពិភពលោក​ផងដែរ​។​

​ដោយឡែក ការសុំ​ជជែក​ជាមួយនឹង​ចិន ដើម្បី​ស្វែងរក​ដំណោះស្រាយ ក៏​ព្រោះតែ​ចិន គឺជា​សម្ព័ន្ធមិត្ត ដ៏​ជិតស្និទ្ធ​កូរ៉េខាងជើង​។​ទោះបីជា​ចិន ហាក់ដូចជា​បាន​ឃ្លាតឆ្ងាយ​ពី​កូរ៉េខាងជើង​បន្តិច​ក្នុង​រយៈពេល ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ចិន ក៏​មិនអាច​ព្រងើយកន្តើយ និង​បោះបង់​កូរ៉េខាងជើង​បានដែរ​។

​មួយវិញទៀត សំណើរ​របស់​កូរ៉េខាងត្បូង​ទៅ​ចិន ក៏​មិនមែន​ទើបតែ​ធ្វើ​នោះទេ ពោលគឺ កូរ៉េខាងត្បូង តែងតែ​សុំ​អន្តរាគមន៍​ពី​ចិន​ដើម្បី​កាត់បន្ថយ​ភាព​តានតឹង​ក្នុង​តំបន់ ទោះបីជា​កូរ៉េខាងត្បូង​មាន​អាមេរិក នៅតាម​ជ្រោមជ្រែង​ក៏ដោយ​។​

​ជាក់ស្តែង ក្នុង​កិច្ចព្រមព្រៀង​កាលពី​ខែសីហា ឆ្នាំ​២០១៥ រវាង​កូរ៉េ​ទាំង ពីរ គេ​មិនអាច​ប្រកែក​បាន​ថា នោះ​គឺជា​ចំណែក​មួយ​របស់​ចិន ដែល​ធ្វើ​ឲ្យ​ភាគី​ទាំងពីរ អាច​សម្រេច​កិច្ចព្រមព្រៀង​មួយ​ក្នុងការ​ដកទ័ព ក្រោយពី​មានការ​បាញ់​គ្រាប់ផ្លោង​ដាក់គ្នា​នៅតាម​ព្រំដែន​។ កាលនោះ រដ្ឋមន្ត្រីការបរទេស​ចិន លោក វ៉ាង យី បាន​សុំ​ឲ្យ​ភាគី​កូរ៉េ​ទាំងពីរ ស្រុះស្រួល​គ្នា​ដើម្បី​កាត់បន្ថយ​ភាព​តានតឹង និង​រក្សា​សន្តិសុខ​នៅក្នុង​តំបន់ និង ជាពិសេស​នោះ​ដើម្បី​ជៀសវាង​ការផ្ទុះអាវុធ​ទ្រង់ទ្រាយ​ធំ​ដែល​បណ្តាល​ឲ្យ​ខាតបង់​ទាំងសងខាង​៕

ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​