ឃាតក​កាប់សម្លាប់​ផ្តាច់​ពូជ នៅ​ខេត្ត​ព្រះសីហនុ ដោយសារ​ខឹង​ក្រុមគ្រួសារ​ជនរងគ្រោះ ជេរប្រទេច​រឿង​មាន់​

ខេត្តព្រះសីហនុ: ក្នុង​សន្និសីទកាសែត នា​ព្រឹក​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៦​នេះ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​បង្ហាញមុខ​ជនសង្ស័យ ជា​ឃាតក ឈ្មោះ លុយ សុភ​ក្រ័ ភេទ​ប្រុស អាយុ ២៦​ឆ្នាំ​។

ជនសង្ស័យ​នេះ បាន​ប្រើ​ពូថៅ ចូលទៅ​កាប់​ប្រហារ​គ្រួសារ​មួយ មាន​គ្នា​ចំនួន ៧ នាក់ នៅ​ភូមិ​ចំការកៅស៊ូ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ កាលពី​យប់​រំលង​អា​ធ្រា​ត្រ ឆ្លង​ចូល​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៥​។ ក្រោយ​ហេតុការណ៍​នោះ បណ្តាល​ឲ្យ​ម្តាយ និង​កូនស្រី​អាយុ ១៣ ឆ្នាំ ស្លាប់​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ បាន​ថ្លែងថា ហេតុការណ៍​វាយប្រហារ​ផ្តាច់​ពូជ​នោះ ផ្តើមចេញពី​រឿង​គំនុំ ដោយសារតែ​ជនសង្ស័យ ខឹង​នឹង​គ្រួសារ​ជនរងគ្រោះ ដែល​នាំគ្នា​ព្រួត​ជេរប្រទេច​មកលើ​ខ្លួន​។ ដើមហេតុ​នៃ​ការ​ជេរប្រទេច និង​ឈានដល់​ការកាប់​ប្រហារ​នោះ ត្រូវបាន​ជនសង្ស័យ អះអាងថា មុន​កើតហេតុ គេ​បាន​កាប់​មាន់​មួយ​ក្បាល​ធ្វើ​ម្ហូប ប៉ុន្តែ​មាន់ ដែល​កាប់​នោះ ជនសង្ស័យ​ច្រឡំ​ចាប់​មាន់​ជនរងគ្រោះ ដែលមាន​ភិនភាគ​ដូចគ្នា យកមក​កាប់​ធ្វើ​ម្ហូប ទើប​ធ្វើអោយ​គ្រួសារ​ជនរងគ្រោះ មាន​កំហឹង និង​ព្រួត​គ្នា​ជេរប្រទេច ទៅលើ​ជនសង្ស័យ​។​
 
ជនសង្ស័យ បាន​បន្តថា ក្នុងចំណោម​ជនរងគ្រោះ​ទាំងអស់ មាន​ស្ត្រី​ជា​ម្តាយ​វ័យ​ជាង ៣០​ឆ្នាំ​ម្នាក់ និង​កូនស្រី​វ័យ ១៣ ឆ្នាំ​ម្នាក់ ដែល​ជេរ​ខ្លាំងជាងគេ ទើប​នាំ​ឲ្យ​ខ្លួន មាន​គំនុំ​កើតឡើង និង​ឈានដល់​ការចូលទៅ​កាប់​ប្រហារ សំដៅ​ទៅលើ​ស្ត្រី​ជា​ម្តាយ​និង​កូនស្រី​រូបនោះ រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ រហូតដល់​ស្លាប់​។​

​ប៉ូលិស​ខេត្ត​ព្រះសីហនុ បាន​កសាង​សំណុំរឿង បញ្ជូន​យុវជន​ឃាតក​នោះ ទៅកាន់​តុលាការ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ក្រោយពី​សន្និសីទកាសែត នា​ព្រឹក​ថ្ងៃទី​៨​មករា​នេះ​។ យុវជន ជា​ឃាតក ឈ្មោះ លុយ សុភ័ក្ត្រ ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន នៅវេលា​ម៉ោង ៩ និង ៤១​នាទី ព្រឹក​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៦ នៅ​ភូមិ​អន្លុង​ស្លែង ឃុំ​សំបួរមាស ស្រុក​មុខកំពូល ខេត្តកណ្តាល​។​

 ជនសង្ស័យ​បាន​ចូលមក​ស្នាក់នៅ នៅផ្ទះ​ឈ្មោះ គួរ សាន ភេទ​ប្រុស ជា​កសិករ កាលពី​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៦ ត្រូវជា​បងធម៌ ធ្លាប់​រាប់អាន​គ្នា និង​ស្គាល់គ្នា​ពេល​នៅ​ធ្វើ​ការងារ នៅ​ក្រុង​កំពុង់សោម​។ ឃាតក បានប្រើពូថៅ កាប់​លើ​គ្រួសារ​ជនរង​គ្រោះ ចាប់ពីក្មេងអាយុ ១ ឆ្នាំ​ រហូតដល់យាយ អាយុ ៦៥ ឆ្នាំ​។ រីឯបុរស ជាប្តី​ក្នុង​គ្រួសាររងគ្រោះ​នោះ បានចេញទៅនេសាទសមុទ្រ នៅយប់កើេតហេតុ​៕

ឃាតក​កាប់សម្លាប់​ផ្តាច់​ពូជ នៅ​ខេត្ត​ព្រះសីហនុ ដោយសារ​ខឹង​ក្រុមគ្រួសារ​ជនរងគ្រោះ ជេរប្រទេច​រឿង​មាន់​

ឃាតក​កាប់សម្លាប់​ផ្តាច់​ពូជ នៅ​ខេត្ត​ព្រះសីហនុ ដោយសារ​ខឹង​ក្រុមគ្រួសារ​ជនរងគ្រោះ ជេរប្រទេច​រឿង​មាន់​

ឃាតក​កាប់សម្លាប់​ផ្តាច់​ពូជ នៅ​ខេត្ត​ព្រះសីហនុ ដោយសារ​ខឹង​ក្រុមគ្រួសារ​ជនរងគ្រោះ ជេរប្រទេច​រឿង​មាន់​

ឃាតកលុយសុភ័ក្ត្រ ដែលត្រូវប៉ូលិសចាប់ខ្លួន កាលពីថ្ងៃទី៧មករា ឆ្នាំ២០១៦