នារី​ម្នាក់ បាន​ធ្លាក់​ពីលើ​អគារ​សំណង់​កម្ពស់​៦​ជាន់ រងរបួស​ធ្ងន់​

ភ្នំពេញ: ​នារី​ជា​កម្មករសំណង់​ម្នាក់ បាន​រអិល​ជើង​ធ្លាក់​ពី​កំពស់​ជាន់​ទី​៦ ពីលើ​អាគារ​សំណង់មួយកន្លែង ខណៈពេល​កំពុងធ្វើការ​សែង​កំបោរ​ទៅអោយ​ជាង​​បៀក​រៀប​ឥដ្ឋ​។​

​ហេតុ​ការ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​២០​នាទី​រសៀល​ថ្ងៃទី​៧ ខែមករាឆ្នាំ​២០១៦ ស្ថិតនៅ​ការដ្ឋាន​សំណង់​មួយកន្លែង​តាម​បណ្តោយ​ផ្លូវ​សហ​ព​ន្ធ័​រុស្សីភូមិ​ចុង​ថ្នល់​ខាងលិច ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

​នារី​រងគ្រោះ​មានឈ្មោះ យន់ ស្រី​ស្រស់ អាយុ​១៧​ឆ្នាំ ស្នាក់នៅ​កន្លែង​ការដ្ឋាន​សំណង់កើតហេតុ​ខាងលើ មាន​ស្រុកកំណើត​នៅ​ភូមិ​អង្គ​ស ស្រុក​មេសាង ខេត្តព្រៃវែង​។​

​មុនពេល​កើតហេតុ គេ​បានឃើញ​នារី​រងគ្រោះ​បាន​ឡើង​ទៅលើ​ការដ្ឋាន​សំណង់​ជាន់​ទី៦ លាយ​កំបោរ​យកទៅអោយ​ជាង​បៀក​រៀប​ឥដ្ឋ​លុះដល​វេលា​កើត​​ហេតុ​ខាងលើ នារី​រងគ្រោះ​បាន​យក​ឈើ​មក​សែង​កំបោរ​ជាមួយ​នារី​ម្នាក់ទៀត ខណៈពេល​សែងមកដល់​កន្លែងកើតហេតុ​ស្រាប់តែ​រអិល​ផ្ងាក​ទៅក្រោយ​បណ្តាលអោយ​ធ្លាក់​ពីកំពស់​ជាន់​ទី​៦​មកដល់​ដី រងរបួស​ធ្ងន់ ចំណែក​នារី​ម្នាក់ទៀត​ដែល​សែង​ជាមួយ​នារីរងគ្រោះ​បាន​ស្រ​វ៉ា​តោង​ចំរឹង​បង្អួច​ជាប់​មិន​បណ្តាលអោយមាន​របួស​ទេ​។​

​ក្រោយពី​កើតហេតុ​ភ្លាម នារី​រងគ្រោះ​ត្រូវ បងប្អូន​ដែល​ធ្វើការ​ជាមួយ​បញ្ជូនទៅសង្គ្រោះបន្ទាន់​នៅ​មន្ទី​ពេទ្យ​ព្រះ​កុស​មៈ ។​បច្ចុប្បន្ន​នារី​រងគ្រោះ​កំពុង​សង្គ្រោះ​
បន្ទាន់​នៅក្នុង​មន្ទី​ពេទ្យ​ព្រះ​កុ​សមៈ​រហូតមក​ដល់ពេលនេះ​នារី​រងគ្រោះ​មិនទាន់​ដឹងខ្លួននៅឡើយ​ទេ​៕