ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្ត​កំពង់​ចាម​ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា រថ​យន្ត​ធុន​ធំ​មួយ​គ្រឿង​​ ពាក់​ស្លាក​លេខ​ស្វាយ​រៀង​៣A០៣២៣ ដឹក​ដំឡូង​ស្រស់​ពេញ​ បាន​បុក​ជាមួយ​រថយន្ត​ដឹក​ដំឡូង​ដូច​គ្នា​លាន់​ដូច​រន្ទះ​បណ្តាល​ឱ្យ​ស្លាប់​អ្នក​បើក​បរ​ម្នាក់​ភ្លាមៗ និង​ព្រូ​រង​របួស​ស្រាល​។

ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កា​ល​ពី​វេលា​ម៉ោង​២ និង​៥៥​នាទី​រំលង​អធ្រាត្រឈាន​ចូល​ថ្ងៃ​ទី​៨ មករា នេះ​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៧ ត្រង់​ចំណុច​ភូមិ​បត់​ពន្លា ឃុំ​កណ្តោ​ជ្រំ ស្រុក​ពញា​ក្រែក​។

តាម​សាក្សី​ឈ្មោះ​សំ ជេន ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ មាន​ទី​លំនៅ​ក្បែរ​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​គាត់​ឃើញ​រថយន្ត​ដឹក​ដំឡូង​ស្រស់​បើក​ពី​លិច​ទៅ​កើត​ លុះ​បន្តិ​ច​ក្រោយ​មក​ស្រាប់​តែ​ឭសម្លេង​បុក​គ្នា​លាន់​ដូច​រន្ទះ​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​មុខ​ផ្ទះ​របស់​គាត់​។

បន្ទាប់​មក​គាត់​បាន​ឱ្យ​កូន​គាត់​ទៅ​មើល​ស្រាប់​តែ​ឃើញ​អ្នក​បើក​បរ​រថយន្ត​ឈ្មោះ​ថា តុលា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់​នៅ​ភូមិ​ស្វាយអន្ទរ ឃុំ​ស្វាយ​អន្ទរ​ ខេត្ត​ព្រៃ​វែង​ រង​របួស​ធ្ងន់ ហើយ​បាន​ដាច់​ខ្យល់​ស្លាប់​ភ្លាមៗ​តែ​ម្តង​។

ក្នុង​ហេតុ​ការណ៍​នោះ​រថយន្ត​បាន​រង​ការ​ខូច​ខាត​កាប៊ីន​ខាង​មុខ​យ៉ាង​ដំណំ ហើយ​រថយន្ត​មួយ​គ្រឿង​ទៀត​បើក​រត់​គេច​ទៅ​ស្រុក​មេមត់​បាត់ ។ ពេល​នេះ​សមត្ថ​កិច្ច​កំពុង​អន្តរាគមន៍​តាម​ចាប់​រថយន្ត​ដែល​រត់គេច​មក​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​​៕

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព