អ្នកវិទ្យាសាស្ត្រ៖ បុរស និងនារី គួរតែហាត់ប្រាណ ក្នុងពេលផ្ទុយពីគ្នា ទើបអាចទទួលបានផលល្អ ចំពោះសុខភាព

បរទេស៖ ថ្មីៗនេះក្រុមអ្នកវិទ្យាសាស្ត្រ បានបញ្ចេញរបាយការណ៍ថ្មីមួយ ទាក់ទងទៅនឹងពេលវេលា ដ៏សាកសមដើម្បីអាចឲ្យបុរស និងនារី ជ្រើសរើសសម្រាប់ធ្វើការហាត់ប្រាណ ដែលអាចទទួលបានផលល្អច្រើន ជាពិសេសគឺកំចាត់សារធាតុខ្លាញ់ ចេញពីរាងកាយតែម្តង។

យោងតាមប្រភពរបាយការណ៍របស់ក្រុមអ្នកវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Surrey ប្រទេសអង់គ្លេស បានឲ្យដឹងថា តាមពិតទៅពេលវេលានៃការហាត់ប្រាណ ដើម្បីទទួលបានអត្ថប្រយោជន៍ច្រើន សម្រាប់បុរស និងនារី មានពេលខុសគ្នា ពោលគឺបុរសគួរតែ ហាត់ប្រាណ «មុនពេលទទួលទានអាហារ»។ រីឯនារីវិញ គួរតែហាត់ប្រាណ «ក្រោយពេលទទួលទានអាហារ» ដែលចំណុចនេះ អាចធ្វើឲ្យពួកគេ បានផលល្អដូចគ្នា នោះគឺការកំចាត់សារធាតុខ្លាញ់ នៅក្នុងរាងកាយបានជាច្រើន។ របាយការណ៍បានបញ្ជាក់បន្ថែមទៀតថា ការជ្រើសរើសពេលវេលា ដើម្បីហាត់ប្រាណ អាចធ្វើឲ្យបុរស ដុតសារធាតុខ្លាញ់ នៅក្នុងរាងកាយរបស់ពួកគេ បានកើនឡើងដល់ទៅ៨% ស្របពេលដែលនារី កើនឡើងដល់ទៅ ២២% លើសពីធម្មតា។

អ្នកវិទ្យាសាស្ត្រ៖ បុរស និងនារី គួរតែហាត់ប្រាណ ក្នុងពេលផ្ទុយពីគ្នា ទើបអាចទទួលបានផលល្អ ចំពោះសុខភាព
ហាត់ប្រាណក្រោយ ទទួលទានអាហារ បាន៣ម៉ោង គឺជាពេលវេលាល្អប្រសើរមួយ សម្រាប់នារី

លោកវេជ្ជបណ្ឌិត Adam Collins នៃសាកលវិទ្យាល័យ Surrey និងជាអ្នកចូលរួមក្នុងការ ធ្វើពិសោធន៍ជុំវិញ របាយការណ៍មួយនេះ បានពន្យល់ថា «បុរសមានសាច់ដុំច្រើន ហើយរឹងម៉ាំ រីឯសារជាតិកាបូអ៊ីដ្រាត ដែលរក្សាទុកនៅតាម សាច់ដុំនីមួយៗនោះ ក៏មានច្រើនផងដែរ។ ដូច្នេះប្រសិនណាបើ ពួកគេទទួលទានអាហារ មុនពេលលំហាត់ប្រាណនោះ សារជាតិកាបូអ៊ីដ្រាត នឹងចូលទៅបន្ថែមពីលើ កម្រិតសារជាតិដែលមានស្រាប់ នៅក្នុងសាច់ដុំ អញ្ចឹងហើយទោះជា ពួកគេប្រឹងហាត់យ៉ាងណា ក៏ហាក់នៅតែមិនបានផល អ្វីជាដុំកំភួនឡើយ»

លោកវេជ្ជបណ្ឌិតបានបន្តទៀតថា «សម្រាប់នារីវិញ សំបូរសារជាតិខ្លាញ់ នៅបរិវេញជុំវិញត្រគាក និងកំប៉េះគូថជាដើម ដូច្នេះការហាត់ប្រាណ គឺអាចធ្វើឲ្យពួកគេបញ្ចេញ នូវសារជាតិខ្លាញ់ពីក្នុងឈាម និងសម្រួលចលនាឈាម បានយ៉ាងល្អ ក៏ប៉ុន្តែពួកគេគួរតែ ហាត់ប្រាណក្រោយពេល ទទួលទានអាហារបាន៣ម៉ោង ព្រោះថាពេលវេលានេះ គឺជាពេលដ៏ល្អបំផុតក្នុងការ កំចាត់សារជាតិខ្លាញ់ ចេញពីរាងកាយ»

ទាំងនេះគឺជារបាយការណ៍ថ្មីមួយ របស់ក្រុមអ្នកវិទ្យាសាស្ត្រ ក្នុងការជ្រើសរើសពេលវេលា ដ៏ល្អប្រសើរដើម្បី ធ្វើលំហាត់ប្រាណ៕

អ្នកវិទ្យាសាស្ត្រ៖ បុរស និងនារី គួរតែហាត់ប្រាណ ក្នុងពេលផ្ទុយពីគ្នា ទើបអាចទទួលបានផលល្អ ចំពោះសុខភាព
ជ្រើសរើសពេលវេលា ហាត់ប្រាណបានត្រឹមត្រូវ អាចឲ្យយើងទទួលបាន ផលល្អប្រសើរសម្រាប់សុខភាព

ប្រភព៖

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត