ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្ដិការ​ណ៏អន្តរជាតិ

កងទ័ព​អីុស្រា​អែ​ល​គូសបញ្ជាក់​ថា ជន​ប៉ា​ឡេ​ស្ទី​ន​៤​នាក់​ត្រូវ​កង​ទាហាន​អីុ​ស្រា​អែ​លបាញ់​សម្លាប់​កាលពី​ថ្ងៃ​ទី​៧ មក​រា បន្ទាប់​ពី​ពួក​គេ​ប៉ុនប៉ង​វាយប្រហារ​លើ​ទាហាន​អីុ​ស្រា​អែ​ល​ក្នុង​ឧប្បត្តិហេតុ​២​ដាច់​ដោយឡែក​ពី​គ្នា​នៅ​តំបន់​ស៊ី​សហ្ស​ក​ដា​នី ។

ក្នុង​សេចក្តី​ប្រកាស​មួយ​កង​ទាហាន​អីុ​ស្រា​អែ​ល​គូសបញ្ជាក់​ថា ជន​វាយប្រហារ​៣​នាក់​ប្រដាប់​ដោយ​កាំបិត​បាន​ប៉ុនប៉ង​ចាក់​សម្លាប់​ទាហាន​ទាំងឡាយ​នៅ​ត្រង់​ផ្លូវបំបែក GUSH ETZION ហើយ​កង​ទាហាន​បាន​តបត​វិញ ចំពោះ​ការ​វាយប្រហារ​នេះ​ដោយ​បាញ់​លើ​ពួក​គេ​។ ប្រភព​យោធា​មួយ​អះអាង​ប្រាប់ AFP ថា​ជន​ប៉ា​ឡេ​ស្ទី​ន​ទាំង​៣​នាក់​នោះ​ត្រូវ​គ្រាប់​ស្លាប់​។

ផ្លូវបំបែក GUSH ETZION នៅ​តាម​ផ្លូវថ្នល់​រវាង​ក្រុង​បេ​ត្លេ​អេ​ម និង​ក្រុង​ហេ​ប្រោ​ន​នា​ភាគ​ខាងត្បូង​តំបន់​ស៊ី​សហ្ស​ក​ដា​នី ជាទី​លាន​នៃ​ការ​វាយប្រហារ​ជា​ច្រើន​ប្រឆាំង​អីុស្រា​អែ​ល​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ចុង​ក្រោយ​នេះ ។

បន្ទាប់​ពី​នេះ​បន្តិច​ជន​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​កាន់​កាំបិត​មួយ​ប៉ុនប៉ង​ចាក់​បណ្តា​ទាហាន​អីុស្រា​អែ​ល​នៅ​ភាគ​ឦសាន​ក្រុង​ហេ​ប្រោ​ន ។ កង​ទាហាន​អីុ​ស្រា​អែ​ល​បាន​បាញ់​សម្លាប់​រូបគេ ។ ជន​ប៉ា​ឡេ​ស្ទី​ន​៣​នាក់​ដែល​ប៉ង​សម្លាប់​ទាហាន​អីុ​ស្រា​អែ​ល​នៅ​ផ្លូវបំបែក GUSH ETZION ត្រូវ​បាន​បណ្តាសារ​ព័ត៌មាន​ប៉ា​ឡេ​ស្ទី​ន​ប្រាប់​អត្តសញ្ញាណ​ថា​ម្នាក់​ឈ្មោះ MUHANAD KAWAZBEH អាយុ​២០​ឆ្នាំ ម្នាក់​ទៀត​ឈ្មោះ AHMED KAWAZBEH អាយុ​២១​ឆ្នាំ រួច​អ្នក​ទី​៣​ឈ្មោះ ALAA KAWAZBEH អាយុ​២០​ឆ្នាំ ។ ពួក​គេ​មាន​ដើម​កំណើត​​នៅ​ភូមិ​សៃ​អៀ​ភាគ​ឦសាន​ក្រុង​ហេ​ប្រោ​ន ។ ពួក​គេ​ជា​សមាជិកគ្រួសារ​របស់ AHMED KAWAZBEH អាយុ​១៨​ឆ្នាំ ដែល​ត្រូវ​សម្លាប់​កាលពី​ថ្ងៃ​ទី​៥ មក​រា បន្ទាប់​ពី​ចាក់​ទាហាន​អីុ​ស្រាអែ​ល​ម្នាក់​នៅ GUSH ETZION ដែរ​មក ។

ចាប់តាំងពី​ថ្ងៃ​ទី​១ តុលា មក ជន​អីុ​ស្រា​អែ​ល​២២​នាក់ អា​មេ​រិ​ក​ម្នាក់ និង​អេ​រី​ត្រេ​ម្នាក់​ត្រូវ​ស្លាប់​ដោយសារ​ការ​វាយប្រហារ​របស់​ពួក​ប៉ា​ឡេ​ស្ទី​ន ។ ចំណែក​ជន​ប៉ា​ឡេ​ស្ទី​ន​១៤៣​នាក់ ដែល​វាយប្រហារ ឬ​ប៉ុនប៉ង​វាយប្រហារ​លើ​ពួក​អីុ​ស្រា​អែ​ល​ត្រូវ​សម្លាប់ ៕

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព