ព័ត៌​មានកីឡា &raquo កីឡាជាតិ

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃអាទិត្យ​ខាន​ស្អែក​នេះ កីឡាករ​មាស ច័ន្ទ​មាន ដែល​ជា​ម្ចាស់​ខ្សែក្រវាត់​K-Cement នៅ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ នឹង​ដល់កំណត់​ត្រូវ​ឡើង​ប៉ះ​ប្រកួត​ជាមួយ​ដៃគូ​ចាស់​គឺ​កីឡាករ​ថៃ Phach  Nam Ek ជា​លើក​ទី​២​ហើយ ។ ភាគី​ខាង​កម្ពុជា​ត្រូវ​គេ​មើលឃើញ​ថា ​ត្រូវការ​ឈ្នះ​ដាច់ខាត​សម្រាប់​ការ​ប្រកួត​នេះ បើ​មិន​ដូច្នោះ​ទេ សមាសភាព​ឡើង​កូដ​របស់​គេ​ក្នុង​នាម​ជា​ជើង​ខ្លាំង​ម្នាក់ នឹង​ត្រូវ​បែកខ្ញែក​សំឡេង​។

គ្មាន​អ្នក​ណា​មិន​ចាប់អារម្មណ៍​នោះ​ទេ ចំពោះ​ការ​ប៉ះ​ប្រកួត​រវាង​កីឡាករ​គូ​សងសឹក​ទាំង​ពីរ ដែល​នឹង​ធ្វើ​ឡើង​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ជា​ថ្មី​នៅ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​ចាប់ពី​ម៉ោង​៨​ព្រឹកខាន​ស្អែក​នេះ ។ កីឡាករ​មាស ច័ន្ទ​មាន ធ្វើ​ឱ្យ​អ្នក​ទស្សនា​ពេញចិត្ត​ចំពោះ​ការ​ប្រកួត​យ៉ាង​ខ្លាំង ចាប់តាំងពី​បាន​គ្រង​តំណែង​ជា​ម្ចាស់​ខ្សែក្រវាត់ តាម​រយៈ​ការ​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​៤​លើក ហើយ​វាយ​ឈ្នះ​កីឡាករ​ថៃ​ទាំង​៤​លើក ។ ប៉ុន្តែ​ការ​ប្រកួត​របស់​គេ​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ស្រងាកចិត្ត​វិញ នៅ​ពេល​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ Phach Nam Ek កាលពី​ពេល​ថ្មី​ៗ​ហើយ​ត្រូវ​បរាជ័យ​យ៉ាង​អាម៉ាស់ ដោយសារ​តាំងពី​ដើម​ទឹក​រហូត​ដល់​ចុង​ទឹក គឺ​កីឡាករ​ថៃ​មាន​ប្រៀប​ជាង​រហូត​ដែល​មាន​ន័យ​ថា​ស្នៀត និង​បច្ចេកទេស​របស់​គេ គឺ​ទៅ​មិន​រួច​ជាមួយ​គូប្រកួត​។ ការ​ប្រកួត​លើក​នោះ ក៏​ត្រូវ​គេ​មើលឃើញ​ថា​កីឡាករ​មាស ច័ន្ទ​មាន មិន​បាន​បញ្ចេញ​អស់ពី​សមត្ថភាព​នោះ​ដែរ ដោយ​ការ​ប្រកួត​ទាំងមូល​ត្រូវ​បាន​បញ្ចប់​ដោយ​ការ​រិះគន់​ថា​គេ​ប្រកួត​លាក់​សមត្ថភាព​នោះ​ផង​។

ទោះបី​យ៉ាងណា កីឡាករ​កម្ពុជា​រូប​នេះ​បាន​ប្រកាស​ហើយ​ថា​ការ​ធ្លាក់ដៃ​មិនសូវ​ល្អជា​មួយ Phach Nam Ek គឺ​បណ្ដាល​មក​ពី​សុខភាព​ខ្លួន​នា​ពេល​នោះ​មិនសូវ​អំណោយ​ផល ហើយ​កីឡាករ​ថៃ​ក៏​មាន​សមត្ថភាព​ខ្លាំង ដែល​ធ្វើ​ឲ្យ​គេ​មិន​ហ៊ាន​ប្រកួត​ប្ដូរ​នៅ​ក្នុង​ពេល​នោះ​ប៉ុណ្ណោះ ទើប​អ្នកខ្លះ​គិត​ថា លោក​ប្រកួត​មិន​បាន​ល្អ​ដូច​សព្វដង​។ លោក​និយាយ​ថា ការ​ប្រកួត​ដែល​ល្អ​ទៅ​បាន លុះត្រាតែ​មើល​ក្រឡា​ថា​ អាច​ស៊ី​បាន បើ​មិន​អាច​គឺ​កីឡាករ​ម្នាក់​ៗ​មិន​អាច​យក​ជីវិត​ទៅ​ប្ដូរ​នៅ​លើ​សង្វៀន​ដោយ​ភាព​ប្រថុយប្រថាន​បាន​ទេ នៅ​ក្នុង​កាលៈទេសៈ​ដែល​ការ​ប្រកួត​នៅ​កម្ពុជា គឺ​ជីវិត​កីឡាករ​មិន​ត្រូវ​បាន​ធានា​បែប​ហ្នឹង ។

ចំពោះ​ការ​ប្រកួត​នៅ​ថ្ងៃស្អែក​នេះ កីឡាករ​មាស ច័ន្ទ​មាន ហាក់​មាន​រំពឹង​ខ្លាំង​ថា​នឹង​អាច​សងសឹក​បាន ដោយ​ផ្អែក​ថា​ខ្លួន​គេ​បាន​ហ្វឹកហាត់​គ្រប់គ្រាន់ ហើយ​ចំពោះ​ចំណុច​ខ្សោយ​របស់​គូប្រកួត ក៏​យល់​ដឹង​ច្រើន​ជាង​មុន​ដែរ ។ ការ​អះអាង​ថា ហាក់​មាន​មនុស្ស​ច្រើន​ជឿជាក់ ដោយសារ​តែ​ផ្អែក​តាម​បទ​ពិសោធន៍​គឺ​កីឡាករ​រូប​នេះ​ឱ្យ​តែ​ចាញ់​គូ​ប្រកួត​បាន​ម្ដង ច្រើន​តែ​មាន​សមត្ថភាព​រក​ឃើញ​ចំណុចខ្សោយ​របស់​ដៃគូ ហើយ​ប្រកួត​យកឈ្នះ​បាន​វិញ នៅ​ក្នុង​ជំនួប​លើក​ទី​២ និង​លើក​ទី​៣ ។

ជាក់ស្ដែង​គូប្រកួត​របស់​គេ គឺ​ឃី​ម បូ​រ៉ា នៅ​ក្នុង​វគ្គ​ជម្រុះ​ខ្សែក្រវាត់​ដ៏​ខ្លាំងក្លា ប៉ុន្តែ​ចុង​ក្រោយ​កីឡាករ​ឃី​ម បូ​រ៉ា នៅ​តែ​ចាញ់​ការ​ប្រកួត ហើយ​របូត​ខ្សែក្រវាត់​មក​ឱ្យ​គេ​គ្រប់គ្រង​ដដែល ។ មាស ច័ន្ទ​មាន បាន​អះអាង​ថា ត្រូវ​តែ​យកឈ្នះ​ការ​ប្រកួត​សម្រាប់​ថ្ងៃខាន​ស្អែក ហើយ​បើ​ទោះជា​លទ្ធផល​ស្ថិត​ក្នុង​ភាព​ប្រទាញប្រទង់​បែប​ណា ក៏​នឹង​ធ្វើការ​ប្រកួត​ឱ្យ​អស់ពី​លទ្ធភាព​នោះ​ដែរ ដោយសារ​ផ្អែក​តាម​ស្ថានភាព​កម្លាំង សុខភាព និង​ការ​ត្រៀមខ្លួន គឺ​មាន​លក្ខណៈ​គ្រប់គ្រាន់​ដាច់​ឆ្ងាយ​បើ​ធៀប​នឹង​ការ​ប្រកួត​កាលពីមុន​។

លោក​ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​នៅ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ បាន​អះអាង​ថា កីឡាករ​មាស ច័ន្ទ​មាន ជា​អ្នក​សុំ​សងសឹក ទើប​លោក​មាន​ជំនឿ​ថា​សម្រាប់​ការ​ប្រកួត​រវាង​ពួក​គេ​នៅ​ព្រឹកខាន​ស្អែក គឺ​កីឡាករ​កម្ពុជា​សង្ឃឹម​ច្រើន ។ យ៉ាងណា​ក៏​ដោយ​លោក​ថា​កីឡាករ​ថៃ​ក៏​មិន​ណ​យ​នោះ​ដែរ ដោយសារ​គេ​មក​ប្រកួត​៤​លើក​នៅ​កម្ពុជា​គឺ​មាន​តែ​លទ្ធផល​ឈ្នះ និង​ស្មើ​ច្រើន​ជាង បើ​ទោះជា​បាន​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​កម្ពុជា​ល្អ​ៗ ។

ការ​មក​ប្រកួត​លើក​ទី​១ គេ​ចាញ់​កីឡាករ​ឡៅ ច​ន្ទ្រា ប៉ុន្តែ​ស្ថិត​ក្នុង​ស្ថានភាព​ប្រទាញប្រទង់​ដែល​មាន​ន័យ​ចាញ់​បែប​ប្រផិតប្រផើយ ។ លើក​ទី​២​គេ​ឈ្នះ​កីឡាករ​ជើង​ខ្លាំង ឈឿ​ន ឆៃ​ដែន ដោយ​ពិន្ទុ លើក​ទី​៣ វាយ​ឈ្នះ​មាស ច័ន្ទ​មាន ដោយ​ពិន្ទុ​ដូច​គ្នា និង​លើក​ទី​៤​ថ្មី​ៗ បាន​ស្មើ​ជាមួយ​កីឡាករ​សុខ សុវណ្ណ មក​ពី​ក្លិប​កងពលតូច​លេខ​៣១ ។ លោក​ថា កីឡាករ​មាស ច័ន្ទ​មាន ធ្លាប់​ប្រកួត​បាន​១១៦​លើក ឈ្នះ​៩៣​លើក ចាញ់​២៣​លើក ខណៈ​ដែល​កីឡាករ​ថៃ Phach Nam Ek​ធ្លាប់​ប្រកួត​៧៦​លើក ឈ្នះ​៦២​លើក ចាញ់​១៣​លើក និង​ស្មើ​១​លើក ។

នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ​ដែរ កីឡាករ ង៉ែ​ត្រ រ​ដ្ឋា ដែល​ជា​ជើង​ខ្លាំង​ម្នាក់​ក៏​ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Re Da ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។ ការ​ប្រកួត​របស់​កីឡាករ​ទាំង​ពីរ​ក៏​មានការ​ចាប់អារម្មណ៍​ណាស់​ដែរ នៅ​ក្នុង​ចង្កោម​អ្នក​ស្នេហា​កីឡាប្រដាល់​។ កីឡាករ Re Da កាល​ប្រកួត​លើក​មុន បាន​ឈ្នះ​កីឡាករ​កម្ពុជា​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​រួច​មក​ហើយ​។ ប៉ុន្តែ​ក៏​មិន​ប្រាកដ​ថា​នឹង​ឈ្នះ​កីឡាក​រង៉ែ​ត្រ រ​ដ្ឋា​នោះ​ដែរ ដោយសារ​តែ​កីឡាករ​រូប​នេះ​ក៏​ខ្លាំង​មិនធម្មតា ។ កីឡាករ​ថៃ Re Da ធ្លាប់​ប្រកួត​បាន​៩៨​លើក ឈ្នះ​៧៨​លើក ចាញ់​១៦​លើក និង​ស្មើ​៤​លើក ។ ចំណែក​កីឡាករ​កម្ពុជា​ង៉ែ​ត្រ រ​ដ្ឋា ធ្លាប់​ប្រកួត​៧១​លើក ឈ្នះ​៦១​លើក ចាញ់​៨​លើក និង​ស្នើ​២​លើក ។

ដោយឡែក នៅ​លើ​សង្វៀន​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥​ឯណោះ​វិញ ក៏​មានការ​ប្រកួត​គួរ​ឱ្យ​ទាក់ទាញ​ណាស់​ដែរ ដោយសារ​តែ​នោះ​គឺជា​ការ​ជម្រុះ​រវាង​កីឡាករ​ល្អ​ៗ​វគ្គ​ចាញ់​ធ្លាក់​ៗ នៅ​ក្នុង​ព្រឹត្តិការណ៍​កំពូល​អ្នក​ប្រដាល់​Tiffy​ដើម្បី​បោះ​ជំហាន​ទៅ​កាន់​វគ្គ​១៦​នាក់ ៕

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព