ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្ដិការ​ណ៏អន្តរជាតិ

មនុស្ស​យ៉ាងតិច​៥០​នាក់​ស្លាប់​កាលពី​ថ្ងៃ​ទី​៧ មក​រា នៅ​លី​ប៊ី​ក្នុង​ការ​វាយប្រហារ​អត្តឃាត​មួយ​ប្រឆាំង​មជ្ឈមណ្ឌល​ប៉ូលិស​មួយ​កន្លែង​នៅ​ភាគ​ខាងលិច​ប្រទេស ដែល​នេះ​ជា​ការ​វាយប្រហារ​យ៉ាង​បង្ហូរឈាម​បំផុត​ក្នុង​ប្រទេស​នេះ​ចាប់តាំងពី​ឆ្នាំ​២០១១​មក រួច​មនុស្ស​៦​នាក់​ទៀត​ស្លាប់ ដោយសារ​ការ​វាយប្រហារ​អត្តឃាត​មួយទៀត​នៅ​ទីក្រុង​ប្រេងកាត RAS LANOUF ។

ប្រភព​ព័ត៌មាន​សន្តិសុខ​មូលដ្ឋាន​គូសបញ្ជាក់​ប្រាប់ AFP ថា នៅ​ទីក្រុង ZLITEN ចម្ងាយ​១៧០​គីឡូម៉ែត្រ​ខាងលិច​ក្រុង​ទ្រី​ប៉ូ​លី ជន​អត្តឃាត​ម្នាក់​បាន​ធ្វើ​ឱ្យ​គ្រឿងផ្ទុះ​ដាក់​ក្នុង​រថយន្ត​ស៊ីទែន​មួយ​ផ្ទុះ​នា​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ម៉ោង​ក្នុងស្រុក​ប្រឆាំង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ប៉ូលិស​មួយ​កន្លែង ។ យោង​តាម​សាក្សី​ម្នាក់​ថា ក្នុង​មជ្ឈមណ្ឌល​នោះ​មាន​មនុស្ស​ប្រមាណ​ជា​៣០០​នាក់ ភាគច្រើន​ជា​សមាជិក​កង​ឆ្មាំ​ឆ្នេរសមុទ្រ ។

ចំណែក​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោក​អាម​ម៉ា ម៉ូ​ហា​ម៉េ​ដ អាម​ម៉ា ថ្លែងប្រាប់ AFP ថា មនុស្ស​រវាង​ពី​៥០​ទៅ​៥៥​នាក់​ស្លាប់ និង​យ៉ាងតិច​១០០​នាក់​រង​របួស​ក្នុង​សង្កាត់​មាន​មនុស្ស​កុះករ SOUG AL TA LATA ស្ថិត​នៅ​កណ្តាល​ទីក្រុង ZLITEN ជាទី​ក្រុង​មួយ​ត្រួតត្រា​ដោយ​ក្រុមចម្រុះ​ជីវពល FAJR LIBYA ដែល​ត្រួតត្រា​ក្រុង​ទ្រី​ប៉ូ​លី។

ចំណែក​អ្នកនាំពាក្យ​មន្ទីរពេទ្យ​ក្រុង ZLITEN លោក​មូ​អា​ម៉ា កា​ឌី អះអាង​ថា មន្ទីរពេទ្យ​លោក​បាន​ទទួល​សាកសព​មនុស្ស​យ៉ាងតិច​៤០​នាក់ និង​អ្នក​របួស​៧០​នាក់ ។ រួច​មន្ទីរពេទ្យ​ទីក្រុង MISRATA ចម្ងាយ​៧០​គីឡូម៉ែត្រ​ខាងលិច​ក្រុង ZLITEN ទទួល​អ្នក​ស្លាប់​៤​នាក់ និង​អ្នក​របួស​៥០​នាក់ ។

មុន​នេះ​នា​វេលា​ល្ងាច​ការ​វាយប្រហារ​អត្តឃាត​មួយទៀត បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៦​នាក់ ក្នុង​នោះ​មានកូន​ង៉ែត​ម្នាក់ ហើយ​មនុស្ស​៨​នាក់​រង​របួស​នៅ​ចំណុច​ត្រួតពិនិត្យ​មួយ​ត្រង់​ច្រកចូល​ទីក្រុង​ប្រេង RAS LANOUF ភាគ​ខាងកើត​លី​ប៊ី ។

ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​កាលពី​ថ្ងៃ​ទី​៤ មក​រា បាន​ធ្វើការ​វាយប្រហារ​នានា​សំដៅលើ​បណ្តា​ទីតាំង​ប្រេងកាត ពិសេស​នៅ​ក្រុង RAS LANOUF នាំ​ឱ្យ​មានការ​ប្រយុទ្ធ​គ្នា​នានា​ជាមួយ​កង​ឆ្មាំ​ការពារ​ទីតាំង​ប្រេង ។

នៅ​ក្រុង​ទ្រី​ប៉ូ​លី លោក MOHAMAD BACHIR AL NAAS អនុរដ្ឋមន្ត្រី​ការពារ​ប្រទេស​បាន​បរិហារ​ការ​វាយប្រហារ​ទាំងនេះ​ថា ជា​អំពើ​ឧក្រិដ្ឋ​យ៉ាង​កំសាក ។ ចំណែក​នៅ​ភាគ​ខាងកើត​ប្រទេស​វិញ រដ្ឋាភិបាល​ទទួលស្គាល់​ដោយ​សហគមន៍​អន្តរជាតិ ក៏​ថ្កោលទោស​ដែរ​ថា​ជា​អំពើ​ភេរវកម្ម​យ៉ាង​កំសាក ហើយ​អំពាវនាវ​ឱ្យ​លុប​ចោលការ​ហ៊ុម​ព័ទ្ធ​អាវុធ​របស់ អ​.​ស​.​ប ដើម្បី​អាច​តស៊ូ​ប្រឆាំង​ភេរវកម្ម ។

ការ​វាយប្រហារ​អត្តឃាត​ទាំង​២​នោះ​ជា​ការ​វាយប្រហារ​យ៉ាង​បង្ហូរឈាម​បំផុត​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ការ​បះបោរ​ដែល​ឈាន​ទៅ​ផ្តួលរំលំ​របប​លោក​មូ​អា​ម៉ា កា​ដា​ហ្វី កាលពី​ឆ្នាំ​២០១១ មក ។ ប្រទេស​លី​ប៊ី​ចាប់តាំងពី​ពេល​នោះ​មក ធ្លាក់​ក្នុង​សភាព​ច្របូកច្របល់ ហើយ​អំណាច​ធ្លាក់​លើ​បណ្តា​កងជីវពល​ប្រដាប់​អាវុធ​ជា​អតីត​ពួក​ឧទ្ទាម ។ ឆ្លៀត​ឱកាស​​ពី​ភាព​ច្របូកច្របល់​បែប​នេះ ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បាន​ឈាន​ជើង​ចូល​មក ហើយ​ប្រកាស​ទទួលខុសត្រូវ​លើ​ការ​វាយប្រហារ​ភេរវកម្ម​បង្ហូរឈាម​ជា​ច្រើន ក្នុង​នោះ​មានការ​វាយប្រហារ​ភេរវកម្ម​អត្តឃាត​៣​នៅ​ទីក្រុង AL QOBA ភាគ​ខាងកើត​ប្រទេស​លី​ប៊ី​កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៥ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៤៤​នាក់ ៕

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព