អភិបាលខេត្ត​ព្រះសីហនុ មិន​ហ៊ាន​ប៉ះពាល់​ការសាងសង់​ស្ថានីយ៍​ប្រេងឥន្ធនៈ​នៅ​តំបន់​បឹង​ព្រែក​ទប់​

ការសាងសង់​សំណង់​ខុសច្បាប់​នានា​នៅ​តំបន់​បឹង​ស្តុក​ទឹកស្អាត​ព្រែក​ទប់ នៅតែ​បន្ត​កើតមាន​យ៉ាង​អនាធិបតេយ្យ ហើយ​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ មិនអាច​ចាត់វិធានការ​ទប់ស្កាត់​បានឡើយ ដោយសារ​ខ្លាច​អំណាច​ក្រុម​អ្នក​បំពាន​ច្បាប់​ទាំងនោះ​។ ជាក់ស្តែង​មកដល់ពេលនេះ សំណង់​ស្ថានីយ៍​ប្រេងឥន្ធនៈ​របស់​ក្រុមហ៊ុន​(LHR) នៅ​តំបន់​បឹង​ព្រែក​ទប់ បានសម្រេច​ប្រមាណ​ជិត​៥០​ភាគរយ​ហើយ បើទោះជា​គ្មាន​ច្បាប់​អនុញ្ញាត​យ៉ាងណាក៏ដោយ​។ ទាំង​លោក យន្ត មីន និង​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ព្រះសីហនុ មិនមាន​វិធានការ​ទប់ស្កាត់​សំណង់​ស្ថានីយ៍​ប្រេងឥន្ធនៈ​ខុសច្បាប់​នោះទេ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រិះគន់​យ៉ាងខ្លាំង​។

លោក ប្រាក់ ប្រាកដ ប្រធាន​មន្ទីរ​ឧស្សាហកម្ម​និង​សិប្បកម្ម​ខេត្ត​ព្រះសីហនុ បាន​បញ្ជាក់ថា សំណង់​ស្ថានីយ៍​ប្រេងឥន្ធនៈ​នេះ នាំ​ឲ្យ​មានការ​បំពុលបរិស្ថាន​ធ្ងន់ធ្ងរ​ដល់​ទឹកស្អាត​ក្នុង​បឹង​ព្រែក​ទប់​ដែល​បម្រើ​សេចក្ដីត្រូវការ​របស់​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​។ លោក ប្រាក់ ប្រាកដ បាន​លើកឡើងថា កាកសំណល់​ប្រេងឥន្ធនៈ​គ្រប់​ប្រភេទ​នឹង​ហូរ​ពី​ស្ថានីយ៍​ប្រេងឥន្ធនៈ​នោះ​ទៅ​ចាក់​ចូលក្នុង​បឹង​ព្រែក​ទប់ ហើយ​ទឹក​បឹង​នោះ​មិនអាច​ប្រើ​បាន​ទៀតឡើយ​។ បញ្ហា​នេះ​មន្ត្រី​អាជ្ញាធរ​និង​មន្ទីរ​ពាក់ព័ន្ធ គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ មិនត្រូវ​បណ្ដោយ​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​(LHR)​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត​ទេ​។ ជាពិសេស​លោក យន្ត មីន គួរ​ធ្វើ​ឲ្យ​បាន​តាម​ការប្ដេជ្ញាចិត្តរ​បស់​ខ្លួន​ដោយ​មិនត្រូវ​ទុក​ឲ្យ​សំណង់​ខុសច្បាប់​កើតមាន​នៅ​តំបន់​បឹង​ព្រែក​ទប់​ទៀតឡើយ​។

​តាម​ប្រភពពី​មន្ត្រី​សាលាខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ក្រុមការងារ​របស់​សាលាខេត្ត និង​មន្ត្រី​មន្ទីរជំនាញ​ពាក់ព័ន្ធ បាន​ចុះ​សិក្សា​រួចហើយ​អំពី​ផលប៉ះពាល់​បរិស្ថាន​បឹង​ព្រែក​ទប់ ដោយសារ​ការសាងសង់​ស្ថានីយ៍​ប្រេងឥន្ធនៈ​របស់​ក្រុមហ៊ុន​(LHR)​។ ក្រុមការងារ​បានធ្វើរ​បាយ​ការណ៍​ជូន​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ​រួចហើយ កាលពី​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០១៦ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ លោក យន្ត មីន មិនទាន់​ចាត់វិធានការ​ទប់ស្កាត់​សំណង់​ស្ថានីយ៍​ប្រេងឥន្ធនៈ​ខុសច្បាប់​នោះ​នៅឡើយ​ទេ​។ ហេតុនេះហើយ​ទើប​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រិះគន់​យ៉ាងខ្លាំង​ក្លា លោក យន្ត មីន ខ្លាច​អំណាច​ម្ចាស់​ក្រុមហ៊ុន​(LHR)​ទើប​មិន​ហ៊ាន​ចាត់វិធានការ​ទប់ស្កាត់​សំណង់​ស្ថានីយ៍​ប្រេងឥន្ធនៈ​អត់​ច្បាប់​ក្នុងខណៈដែល​សំណង់​នោះ ធ្វើបាន​សម្រេច​ប្រមាណ​៥០​ភាគរយ​ទៅហើយ​៕

imageលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ KA-05-01-2016-14 KA-05-01-2016-16