ប៉ុស្តិ៍​ច្រកព្រំដែន​កោះ​រកា​ក្នុង​ខេត្តព្រៃវែង​រង​ការរិះគន់​ថាបើ​កដៃ​ឲ្យ​យួន​ឆ្លងដែន​ខុសច្បាប់​

លោក ពេ​ជ មុនី​រតន៍ នាយប៉ុស្តិ៍​ច្រកទ្វារព្រំដែន​កោះ​រកា ស្ថិតនៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្តព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា បាន​ឃុបឃិត​គាប​ជំរិត​អ្នកជំងឺ​ឆ្លងដែន ប្រជាពលរដ្ឋ និង​ឈ្មួញ​ឱ្យ​បង់លុយ​ខុស​គោលការណ៍​ច្បាប់​។ ទន្ទឹមនឹងនេះ នាយប៉ុស្តិ៍​ច្រកទ្វារព្រំដែន​កោះ​រកា លោក ពេ​ជ មុនី​រតន៍ ក៏បាន​ជាប់​ពាក់ព័ន្ធ​ករណី​ឃុបឃិត​ឱ្យ​ជនជាតិ​យួន​ដែល​គ្មាន​លិខិតឆ្លងដែន​អាច​ឆ្លងដែន​ចូល​ស្រុក​ខ្មែរ​បាន​យ៉ាង​រលូន​ផងដែរ​។​

​ប្រជាពលរដ្ឋ​ស្រុក​ពាម​ជរ ខេត្តព្រៃវែង បាន​រាយការណ៍​មក​ថា មាន​ជនជាតិ​យួន​ជាច្រើន​បន្ត​ឆ្លងដែន​ចូល​ប្រទេស​កម្ពុជា​ជា​រៀងរាល់ថ្ងៃ​តាម​ប៉ុស្តិ៍​ច្រកព្រំដែន​កោះ​រកា ក្នុងភូមិ​សាស្ត្រ​ស្រុក​ពាម​ជរ ខេត្តព្រៃវែង​។ ប្រភព​ដដែល​បាន​រៀបរាប់ថា ក្នុងចំណោម​ជនជាតិ​យួន​ដែល​ឆ្លងដែន​ចូល​ប្រទេស​កម្ពុជា​តាម​ច្រកព្រំដែន​ខាងលើនេះ​មាន​ខ្លះ​មាន​លិខិតឆ្លងដែន​ត្រឹមត្រូវ​តាមច្បាប់ តែ​ក៏មាន​ជនជាតិ​យួន​មួយចំនួនទៀត​គ្មាន​លិខិតស្នាម​អ្វី​ទាំងអស់ ហើយ​ពួកគេ​ភាគច្រើន​ឆ្លងដែន​ចូល​ប្រទេស​កម្ពុជា​ដើម្បី​ប្រកប​អាជីព​ផ្សេងៗ​។​

លោក ពេ​ជ មុនី​រតន៍ នាយប៉ុស្តិ៍​ច្រកទ្វារព្រំដែន​កោះ​រកា លោក សោម ជា ជា​នាយប៉ុស្តិ៍​កោះ​រការ​ស្តីទី និង​លោក ប្រាជ ជួរ ជា​នាយរង​ត្រូវ​ប្រជាពលរដ្ឋ​ស្រុក​ពាម​ជរ រិះគន់ថា​អ្នក​ចាំ​ប្រមូល​លុយ​ពី​ជនជាតិ​យួន​ឆ្លងដែន​ខុសច្បាប់​ដោយ​ពួកគេ​ទាំងបី​ប្រវាស់ដៃ​គ្នា​ប្រមូល​លុយ​ពី​ជនជាតិ​យួន​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា តាម​សង្កេត​ឲ្យ​ដិតដល់​យ៉ាងតិច​ក្នុង​១​ថ្ងៃ មាន​ជនជាតិ​យួន​ឆ្លងដែន​ខុសច្បាប់​មក​ចូល​លេងល្បែង​ក្នុង​កាស៊ីណូ​ប្រមាណ​ពី ២០០​នាក់ ទៅ ៣០០​នាក់ ឆ្លងកាត់​ទាំង​ផ្លូវគោក និង​ផ្លូវទឹក ដោយ​ក្រុមមន្ត្រី​ខិលខូច​បាន​ចាត់ចែង​ឱ្យ​មន្ត្រី​របស់ខ្លួន​ចាំ​ប្រមូល​លុយ​។​

​គួរ​បញ្ជាក់ថា ករណី​ប្រជាពលរដ្ឋ​ខ្មែរ និង​យួន​ឆ្លងដែន​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​មានការ​យោគយល់​ច្រើន ព្រោះថា​ប្រជាពលរដ្ឋ​តាម​ខេត្ត​ជាប់​ព្រំដែន​គឺអាច​អនុញ្ញាត​ឲ្យ​ឆ្លងដែន​បាន​ក្នុង​រង្វង់​ខេត្ត​ជាប់​ព្រំដែន​។ តែ​ភាពជាក់ស្តែង​ជនជាតិ​យួន​ដែល​ចូល​ដី​ខ្មែរ​មិនមែន​ចូល​ត្រឹម​ស្រុក​ពាម​ជរ​នោះទេ គឺ​ចូលដល់​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត​។ ចំណែក​ពលរដ្ឋ​ខ្មែរ​ដែល​ចូលទៅ​ដី​យួន​មិន​ហ៊ាន​រំលោភច្បាប់​ប្រទេស​យួន​នោះទេ ព្រោះ​មន្ត្រី​មាន​សមត្ថកិច្ច​របស់​យួន​បាន​ត្រួតពិនិត្យ និង​អនុវត្ត៍​ច្បាប់​របស់គេ​យ៉ាង​ម៉ឺងម៉ាត់​បំផុត​។​

​បើទោះជា​នគរបាល​អន្តោ​ប្រវេ​សន្ត៍​នៅក្នុង​រាជធានី​ភ្នំពេញ​ខិតខំ​ស៊ើបអង្កេត និង​ស្វែងរក​ជនបរទេស​ស្នាក់នៅ ឬ​ធ្វើការ​ដោយ​ខុសច្បាប់ យ៉ាងសកម្ម​បែបណាក៏ដោយ ក៏​ជនអន្តោប្រវេសន៍​ខុសច្បាប់​ត្រូវគេ​សង្កេតឃើញថា នៅតែ​បន្ត​ហូរ​ចូល​ប្រទេស​កម្ពុជា ពិសេស​រាជធានី​ភ្នំពេញ យ៉ាងច្រើន​សន្ធឹកសន្ធាប់​ដដែល​។ បញ្ហា​នេះ​គេ​សង្កេតឃើញថា​បណ្តាលមកពី​សមត្ថកិច្ច​ជំនាញ​ផ្តោត​សំខាន់​តែ​លើ​ការស៊ើបអង្កេត និង​ចាប់​ជនអន្តោប្រវេសន៍​ស្នាក់នៅ និង​ធ្វើការ​ដោយ​ច្បាប់ តែ​ផ្ទុយទៅវិញ​មានការ​ធូររលុង​ក្នុងការ​ទប់ស្កាត់​ការហូរចូល​ជនបរទេស​នៅតាម​ប៉ុស្តិ៍​ព្រំដែន​ជាប់​ប្រទេសជិតខាង​៕

2015_06_23-2 M03-07-15-k-e1435912384123