រយៈពេល ៧ ថ្ងៃ ប៉ូលិស​រកឃើញ​យានយន្ត បើកបរ​មិន​ត្រឹមត្រូវ ចំនួន​ជាង ៤​ម៉ឺន ៥​ពាន់​គ្រឿង​

ភ្នំពេញ: ក្នុង​រយៈពេល ៧ ថ្ងៃ ក្នុងការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី គិត​ចាប់ពី​ថ្ងៃទី​១ ខែមករា ដល់​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៦ ប៉ូលិស​ចរាចរណ៍ បាន​រកឃើញ​យានយន្ត ដែល​ល្មើសច្បាប់ ចំនួន​ជាង ៤៥.២៨០ គ្រឿង  ដោយ​ក្នុងនោះ មាន​ម៉ូតូ ៥៣,៥៩ ភាគរយ​។ នេះ​បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គ​ស្នងការរង និង​ជា​អ្នកនាំពាក្យ​នគរបាលជាតិ​។​

​ក្នុង​សន្និសីទកាសែត កាលពី​ព្រឹក​ថ្ងៃទី​៨ ខែមករា​នេះ ស្តីពី លទ្ធផល​ប្រតិបត្តិ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ បាន​មានប្រសាសន៍ថា ក្នុង​រយៈពេល ៧​ថ្ងៃនេះ ប្រជាពលរដ្ឋ បាន​ចូលរួម​សហការ ដោយ​មិនមាន​បញ្ហា​អ្វី​ទេ ហើយក៏​មានការ​សំរុក​ទៅធ្វើ​ស្លាក​លេខ ធ្វើ​ប័ណ្ណបើកបរ យ៉ាង​កកកុញ​ផងដែរ​។

​លោក​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ បន្តថា ក្នុងចំណោម​អ្នក​ល្មើសច្បាប់​ទាំងអស់ មាន ៥៣ ភាគរយ នៃ​យានយន្ត ដែល​ល្មើសច្បាប់​សរុប ៤៥.២៨០ ពាន់​គ្រឿង ត្រូវបាន​ប៉ូលិស​អប់រំ​។ ចំណែក​យានយន្ត​ជាង ២១.១៥៩ គ្រឿង ត្រូវបាន​ប៉ូលិស​ផាកពិន័យ ដោយ​ទទួលបាន​ទឹកប្រាក់​ជាង ៤០០ លាន​រៀល​។
 
​លោក​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ បន្តថា ក្នុងចំណោម​យានយន្ត ដែល​ប៉ូលិស​រកឃើញថា ល្មើសច្បាប់​ទាំង​ជាង ៤៥២៨០ គ្រឿង​នោះ គឺមាន​យានយន្ត គ្មាន​ស្លាក​លេខ ប្រមាណ ៨០០ គ្រឿង​។ ក្នុងចំណោម​យានយន្ត​គ្មាន​ស្លាក​លេខ​ទាំង​ប្រមាណ ៨០០ គ្រឿង​នេះ មាន​រថយន្ត ១៣​គ្រឿង ក្រៅពីនោះ សុទ្ធតែជា​ម៉ូតូ ដែល​ត្រូវបាន​រកឃើញ នៅ​ខេត្ត​ចំនួន ១៤ ក្នុងប្រទេស​កម្ពុជា​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ បាន​គូសបញ្ជាក់ថា "​យើង​ឃើញថា​ទី​១ ប្រជាពលរដ្ឋ​មាន​ចំនួន​ច្រើន​លើសលប់ ដែល​បាន​ចូលរួម​គាំទ្រ និង​ចូលរួម​ក្នុងការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដោយសារ​គាត់​យល់ ពី​សារសំខាន់​នៃ​ការអនុវត្ត​ច្បាប់​នេះ ជាក់ស្តែង​ប្រជាពលរដ្ឋ​បាន​បង្កលក្ខណៈ​ងាយស្រួល ដល់​នគរបាល​ចរាច​រ​ធ្វើ​ប្រតិបត្តិការ​នៅលើ​ដងផ្លូវ និង​បង្កលក្ខណៈ​ឱ្យ​មន្ត្រីនគរបាល​ចរាចរ បានធ្វើការ​ត្រួតពិនិត្យ​នូវ​រាល់​ការស្នើសុំ ដោយ​មិន​មានការ​គេចវេស ទី​២ យើង​ក៏​សង្កេតឃើញថា ប្រជាពលរដ្ឋ​ក៏​មិន​បញ្ចេញ​ប្រតិកម្ម​អ្វី ចំពោះ​ក្រុម​ប្រតិបត្តិការ​របស់​យើង​ទេ ហើយ​ទី​៣ យើង​ឃើញថា ពលរដ្ឋ​គាត់​បាន​ទៅ​បំពេញបែបបទ​ផ្សេង ដែល​នគរបាល​តម្រូវ​ឱ្យ​គាត់​ទៅ​បំពេញ​"​។​

​ដោយឡែក ក្នុង​រយៈពេល ៧ ថ្ងៃ​នេះដែរ លោក​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ បន្តថា បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ បានកើត​ឡើង ៦៩ លើក គឺ​ថយចុះ ១៩ លើក បើ​ប្រៀប​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៥ ពោលគឺ​ថយចុះ ២១%​។ ចំណែក​ចំនួន​អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ក៏បាន​ថយចុះ​ចំនួន ១២ នាក់ ស្មើនឹង ២៦% បើ​ប្រៀបធៀប​នឹង​រយៈពេល ៧ ថ្ងៃ ដើមខែ​មករា ឆ្នាំ​២០១៥​។​

​ជាមួយគ្នា​នោះ លោក​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​រិ​ទ្ធ ក៏បាន​ប្រកាសថា ប៉ូលិស​នឹង​បង្កើន​ការផ្សព្វផ្សាយ និង​បោះផ្សាយ​នូវ​ខិតប័ណ្ណ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ឲ្យ​ទូលំទូលាយ ហើយ​យុទ្ធនាការ​នោះ នឹង​ចាប់ពី​ខែកក្កដា​តទៅ​៕​

រយៈពេល ៧ ថ្ងៃ ប៉ូលិស​រកឃើញ​យានយន្ត បើកបរ​មិន​ត្រឹមត្រូវ ចំនួន​ជាង ៤​ម៉ឺន ៥​ពាន់​គ្រឿង​