ប៉ូលិស​ឃាត់ខ្លួន​បុរស​ម្នាក់ បោក​លុយ​ស្ត្រី​ជា​សង្សារ អស់​ជាង​១​ពាន់​ដុល្លារ​

ភ្នំពេញ: កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅ​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៦​នេះ បានធ្វើការឃាត់ខ្លួន​បុរស​ម្នាក់ តាម​បណ្តឹង​របស់​ស្ត្រី​ម្នាក់​និង​ក្រុមគ្រួសារ​ ក្រោយ​ជនសង្ស័យ​រូបនោះ ប្រើល្បិច​លួងលោម​សុំ​ស្នេហ៍ និង​សន្យា​ចូល​ស្តីដណ្តឹង​រៀបការតាម​ប្រពៃណី តែ​មិន​ចូល​ស្តីដណ្តឹង​ថែមទាំង​ខ្ចីលុយ​ជាង​១​ពាន់​ដុល្លារ ហើយ​គេចខ្លួនបាត់​។​

​ជនរងគ្រោះ​មានឈ្មោះ សុខ ចិន្តា ភេទ​ស្រី អាយុ​១៨​ឆ្នាំ ត្រូវ​ជនសង្ស័យ​បោកយកលុយ​អស់ ១៥០​ដុល្លារ ចំណែក​បងស្រី​របស់​នា​ង​ឈ្មោះ សុខ ណាវី អាយុ២៩​ឆ្នាំ ត្រូវ​ជនសង្ស័យ​បោក​លុយ​អស់ ៧០០​ដុល្លារ និង​ម្តាយ​ឈ្មោះ ប៉ូង សុផលអាយុ​៥២​ឆ្នាំ ត្រូវ​ជនសង្ស័យ​បោក​លុយ​អស់ ៧០០​ដុល្លារ​ផងដែរ​។ ដោយឡែកជនសង្ស័យ ឈ្មោះ សំ សំណាង ហៅ​រ័ត្ន អាយុ​៣០​ឆ្នាំ​។​

​ជនរងគ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា ដំបូង​ឡើង​រូបនាង និង​ជនសង្ស័យ ច្រឡំ​លេខទូរស័ព្ទ​ក៏​ភ្ជាប់​ទំនាក់ទំនង​សាសង​ស្នេហ៍​ជាមួយគ្នា​ដោយ​ជនសង្ស័យ​ធ្លាប់​បាន​ទៅលេង​ដល់ផ្ទះ​ស្ត្រី​រងគ្រោះ​ផងដែរ និង​បាន​ប្រាប់​ម្តាយ​ឪពុក និង​បងស្រី ថា​ខ្លួន​នឹងចូល​ស្តីដណ្តឹង នារី​រងគ្រោះ​រៀបការ​ពេញ​ច្បាប់ នៅ​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៦ ប៉ុន្តែ​ក្នុងអំឡុងពេល​ស្គាល់គ្នា​នេះ ជនសង្ស័យ​តែងតែ រអ៊ូ​ជួប​បញ្ហា​ការងារ​ជារឿយៗ ដោយខ្ចីលុយ​របស់​ក្រុមគ្រួសារ​នារី​រងគ្រោះ​តែ​រហូត​។​

​លុះដល់​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៦ ស្ត្រី​រងគ្រោះ និង​ក្រុមគ្រួសារ​រង់ចាំ ជនសង្ស័យ​ចូលស្តីដណ្តឹង តែ​មិនឃើញ​ចូល​ក៏​កើតក្តី​សង្ស័យ និង​បានដឹងខ្លួន​ថា ចាញ់បោកជនល្មើស ក៏​ដាក់​ពាក្យបណ្តឹង ឲ្យ​គ​នគរបាល​ជួយ​អន្តរាគមន៍ និងឈានដល់​ឃាត់ខ្លួន ជនសង្ស័យ​នៅ​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៦​នេះ​នៅ​ចំណុច​ហាង​កាហ្វេ ក្នុង​ទឹកដី​ខណ្ឌ​ពោធិ៍​សែន​ជ័យ យកទៅ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​តែម្តង​៕​

ប៉ូលិស​ឃាត់ខ្លួន​បុរស​ម្នាក់ បោក​លុយ​ស្ត្រី​ជា​សង្សារ អស់​ជាង​១​ពាន់​ដុល្លារ​

ប៉ូលិស​ឃាត់ខ្លួន​បុរស​ម្នាក់ បោក​លុយ​ស្ត្រី​ជា​សង្សារ អស់​ជាង​១​ពាន់​ដុល្លារ​